ដោយ ហង្ស សាវយុត
2016-01-04
RFA

សកម្មភាពរបស់ក្រុមប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ នៅភូមិស្រែព្រាង និងភូមិប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ឃាត់ចាប់គ្រឿងចក្រ ២គ្រឿងរបស់ក្រុមហ៊ុនចិន ឡាន ហ្វេង (Lan Feng) កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤។ រូបភាពអង្គការពន្លកខ្មែរ
សហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ សហគមន៍ទំនាស់ដីធ្លីមកពីស្រុករវៀង រួមទាំងសហគមន៍មកពីស្រុកឆែប មានគ្នាប្រមាណ ៨០នាក់ នៅតែបន្តដេកតវ៉ានៅមុខសាលាខេត្តព្រះវិហារ រយៈពេលមួយសប្ដាហ៍មកហើយ មិនទាន់មានដំណោះស្រាយពីអាជ្ញាធរខេត្តនៅឡើយ។
ការទាមទារដោយមិនព្រមថយចេញពីមុខសាលាខេត្តព្រះវិហារ គឺដោយសារតែអាជ្ញាធរបានបដិសេធមិនព្រមចុះបញ្ជីដីធ្លីជាសមូហភាពឲ្យពួកគេ និងហាក់ដូចជាទុកឱកាសឲ្យក្រុមហ៊ុនចិន ឈ្មោះ ឡាន ហ្វេង (Lan Feng) ទទួលបានដីសម្បទានសេដ្ឋកិច្ចដាំអំពៅនៅទីនោះ ចេះតែបន្តឈូសឆាយរំលោភយកដីស្រែ និងចម្ការរបស់ពួកគាត់តទៅទៀត។
ក្រុមអង្គការក្រៅរដ្ឋាភិបាល អំពាវនាវឲ្យអាជ្ញាធរខេត្តព្រះវិហារ ទទួលយកអនុសាសន៍ពីសង្គមស៊ីវិល ហើយប្រញាប់ប្រញាល់ដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ក្រុមជនជាតិដើមភាគតិចកួយ ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រុមជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ សហគមន៍ទំនាស់ដីធ្លីមកពីស្រុករវៀង រួមនឹងសហគមន៍ស្រុកឆែប ប្រមាណ ៨០នាក់ បានលើកគ្នាទៅដេកតវ៉ានៅមុខសាលាខេត្តរយៈពេល ៧ថ្ងៃមកហើយ ដែលអាចធ្វើឲ្យព្រួយបារម្ភទៅនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ។
រហូតមកដល់ថ្ងៃអាទិត្យ ទី៣ ខែមករា ក្រុមអ្នកតវ៉ាព្រមានថា ប្រសិនបើអាជ្ញាធរខេត្តព្រះវិហារ នៅតែមិនព្រមទទួលយកការទាមទាររបស់ពួកគេទេ គឺពួកគេមិនត្រឡប់ទៅលំនៅឋានវិញឡើយ។
ស្ត្រីជនជាតិដើមភាគតិចកួយ ម្នាក់ក្នុងចំណោមអ្នករស់នៅឃុំប្រមេរ ជាច្រើននាក់ទៀត គឺលោកស្រី រឿង ខាន់។ លោកស្រីមានប្រសាសន៍ថា ពួកគាត់បានដេកហាលវាលរយៈពេល ១អាទិត្យទៅហើយ។ អ្នកភូមិជាច្រើនក៏ដូចជារូបគាត់ មានការពិបាកជាខ្លាំង ដោយរងកម្ដៅថ្ងៃ ហាលខ្យល់ គ្មានទឹកផឹក ទឹកងូតគ្រប់គ្រាន់ និងគ្មានបង្គន់អនាម័យផង។ ស្ត្រីដដែលបញ្ជាក់ថា ទោះយ៉ាងណា ក៏ពួកគាត់នឹងមិនបោះបង់ចោលការតវ៉ានៅមុខសាលាខេត្តព្រះវិហារ ដោយងាយៗឡើយ ប្រសិនបើអាជ្ញាធរមិនព្រមដោះស្រាយបញ្ហាចុះបញ្ជីដីធ្លីជាសមូហភាពមកឲ្យពួកគាត់ ព្រមទាំងមានវិធានការរក្សាការពារដីជាច្រើនហិកតារ កុំឲ្យក្រុមហ៊ុនចិន ឈូសរំលោភយកទេនោះ៖ «ក្ដៅសើម ក្ដៅត្រជាក់ ពេលយប់សន្សើម ប៉ុន្តែការតស៊ូរបស់បងប្អូនថាមិនទៅផ្ទះទេ ចាំមើលអភិបាលខេត្តដោះស្រាយយ៉ាងណា?»។
សហគមន៍ជនជាតិដើមភាគតិចកួយ ឲ្យដឹងថា គេមានបញ្ហាខ្លះដែលគ្រោងនឹងទាមទារឲ្យអាជ្ញាធរដោះស្រាយនៅពេលខាងមុខ ដូចជាឲ្យអាជ្ញាធរដោះស្រាយរឿងព្រំប្រទល់របស់ស្រុកឆែប ដែលមានអ្នកលួចរំកិលចូលមកក្នុងទឹកដីស្រុកត្បែងមានជ័យ ប្រហែលជាង ២គីឡូម៉ែត្រនោះ គឺត្រូវយកទៅដាក់នៅកន្លែងដូចកាលពីមុនវិញ ទី២ កុំយកប្រជាពលរដ្ឋនៅភូមិបុស្សធំ មកឲ្យអាជ្ញាធរភូមិប្រមេរ ទទួលខុសត្រូវ ពីព្រោះវាមិនមែនជាដែនរដ្ឋបាល និងទី៣ គឺសូមឲ្យអាជ្ញាធរដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់សហគមន៍ឲ្យលឿនបំផុត។
តាំងតែពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ សហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ បានលើកគ្នាទៅតវ៉ាទាមទារឲ្យអាជ្ញាធរខេត្តព្រះវិហារ ត្រូវតែចុះបញ្ជីដីធ្លីជាសមូហភាពឲ្យពួកគេ ហើយការទាមទារនោះ នៅតែបន្តរហូតដល់ថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ២០១៦ នៅឡើយ។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអាជ្ញាធរខេត្តព្រះវិហារ ដើម្បីសុំការអធិប្បាយឆ្លើយតបនឹងការទាមទាររបស់សហគមន៍ជនជាតិដើមភាគតិចកួយ បានថាយ៉ាងណានៅឡើយនៅថ្ងៃអាទិត្យ ទី៣ ខែមករា។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សេរី ធ្លាប់បានឆ្លើយតបថា អាជ្ញាធរធ្លាប់មានគណៈកម្មការថ្នាក់ស្រុក ក៏ដូចជាថ្នាក់ខេត្ត បានចុះពិនិត្យមើលការស្នើសុំគ្រប់គ្រងដីសហគមន៍នោះ ក៏ប៉ុន្តែសហគមន៍បានពឹងពាក់អង្គការក្រៅរដ្ឋាភិបាលមួយឲ្យជួយគូរផែនទី គឺគូរយកផ្ទៃដីធំធេងពេក រហូតដល់ក្រុមហ៊ុនគ្មានដីសម្បទានសេដ្ឋកិច្ច។ ដូច្នេះ អាជ្ញាធរមិនអាចធ្វើតាមអ្វីដែលសហគមន៍ទាមទារនោះបានទេ៖ «ដីព្រៃត្រង់ណាក៏គាត់គូសដែរ អ៊ីចឹងអាផែនទីបឋមដែលយើងចុះសិក្សាហ្នឹង វាអត់សមស្រប។ មិនមែនអាជ្ញាធរមិនគិតគូរទេ គឺអាជ្ញាធរខិតខំប្រឹងប្រែងណាស់»។
ប្រភពពីសហគមន៍ និងអង្គការក្រៅរដ្ឋាភិបាល ឲ្យដឹងថា អាជ្ញាធរខេត្តព្រះវិហារ មានគម្រោងនឹងជួបជាមួយក្រុមសហគមន៍ដែលតវ៉ាទាំងនោះនៅថ្ងៃទី៤ ខែមករា ដើម្បីស្វែងរកដំណោះស្រាយ។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ មានប្រសាសន៍ថា លោកព្រួយបារម្ភចំពោះសុខភាពប្រជាពលរដ្ឋជាច្រើនដែលកំពុងដេកតវ៉ានៅមុខសាលាខេត្តព្រះវិហារ នោះ។ លោកថា ការទាមទាររបស់សហគមន៍ គឺហាក់ដូចជាត្រឹមត្រូវ ដែលអាជ្ញាធរគួរតែដោះស្រាយកាន់តែឆាប់កាន់តែប្រសើរ៖ «ខាងសង្គមស៊ីវិលយល់ឃើញថា នេះគឺជាឱកាស ប្រសិនបើអាជ្ញាធរមានការទទួលខុសត្រូវខ្ពស់»។
ចំណែកអ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា អាជ្ញាធរគួរតែទទួលយកអនុសាសន៍របស់សង្គមស៊ីវិល ដើម្បីបញ្ចប់ការទាមទាររបស់សហគមន៍ ដូចជាកាត់ចេញនូវការប៉ះពាល់នានា រួចហើយចេញដីការក្សាការពារក្នុងការរង់ចាំការចុះបញ្ជីដីធ្លីជាសមូហភាព ឬក៏យ៉ាងណានោះ៖ «ស្នាក់នៅបណ្ដោះអាសន្ននៅមុខសាលាខេត្ត បង្គន់អនាម័យក៏អត់មាន បញ្ហាមួយទៀតយប់ឡើងត្រជាក់រងា ពេលថ្ងៃក្ដៅ ហើយទឹកក៏មិនមានងូតទៀត»។
កាលពីឆ្នាំ២០១១ រដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទំហំ ៩.០១៥ហិកតារ ទៅឲ្យក្រុមហ៊ុនចិន វិនិយោគដាំអំពៅនៅស្រុកត្បែងមានជ័យ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនចិន បានឈូសឆាយដីធ្វើឲ្យប៉ះពាល់ដីស្រែចម្ការរបស់ក្រុមជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរ ជាបន្តបន្ទាប់ បណ្ដាលឲ្យកើតមានការតវ៉ាជាច្រើនលើក។ ដោយសារតែអាជ្ញាធរខេត្តព្រះវិហារ មិនមានដំណោះស្រាយសមរម្យ ទើបធ្វើឲ្យមានការអូសបន្លាយបញ្ហា ហើយនៅតែមានការទាមទារតវ៉ារហូតមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហគមន៍ទំនាស់ដីធ្លីយកគោយន្តបិទផ្លូវចូលសាលាខេត្តព្រះវិហារជាច្រើនម៉ោង
- ពលរដ្ឋប្រមាណ១០០នាក់បន្តតវ៉ាមុខតុលាការខេត្តសៀមរាបទាមទារដោះលែងចៅសង្កាត់
- ពលរដ្ឋសហគមន៍បុរីកីឡាធ្វើពិធីរំឭកខួបលើកទី៤នៃការបណ្ដេញចេញដោយបង្ខំ
- ភ្ញៀវទេសចរស្នើលោក ហ៊ុន សែន ជួយដកហូតឆ្នេរសមុទ្រពីក្រុមហ៊ុនឲ្យពលរដ្ឋដើរឆ្លងកាត់
- តុលាការខេត្តសៀមរាបឃុំខ្លួនចៅសង្កាត់មកពីគណបក្ស សម រង្ស៊ី ទាក់ទងរឿងដីធ្លី
- ប្រធានបក្សយុត្តិធម៌ជាតិខ្មែរស្នើព្រះមហាក្សត្រលុបចោលដីសម្បទាននៅតាមព្រំដែន
- ជនជាតិដើមភាគតិចកួយនៅព្រះវិហារលើកគ្នាទៅដេកតវ៉ានៅមុខសាលាខេត្ត
- ពលរដ្ឋនៅខណ្ឌសែនសុខតវ៉ាទាមទារឲ្យឈ្មួញបើកផ្លូវសាធារណៈឡើងវិញ
- ពលរដ្ឋមានជម្លោះដី២១គ្រួសារនៅស្ទឹងត្រែងអំពាវនាវឲ្យពន្លឿនការដោះស្រាយ