ក្រសួងសុខាភិបាល​៖ នៅសល់សេវាថែទាំនិងពិគ្រោះព្យាបាលខុសច្បាប់ជិត១០០០កន្លែង​ទៀត​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃចន្ទ ទី4 មករា 2016, 08:58 PM
http://vodhotnews.com

ក្រសួងសុខាភិបាល​ឲ្យ​ដឹង​ថា​នៅសល់សេវាថែទាំនិងពិគ្រោះព្យាបាលខុសច្បាប់ជិត១០០០កន្លែង​ទៀត​នៅ​ទូទាំងប្រទេស​ ដែល​នឹង​ត្រូវ​​ចុះ​បង្រ្កាបក្នុងឆ្នាំ​២០១៦។​

ក្រសួងសុខាភិបាល​នៅថ្ងៃចន្ទនេះ​បាន​បើក​កិច្ចប្រជុំគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខា​ភិបាលខុសច្បាប់ ដែលមានការចូលរួម​ពី​​តំណាងមកពីក្រសួងពាក់ព័ន្ធ អភិបាល អភិបាលរងខេត្ត​និងមន្រ្តី​មន្ទីរសុខាភិបា​លរាជធានីខេត្ត សរុបប្រមាណ​១៥០នាក់។

ហ្វេសប៊ុក​របស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃ​ចន្ទនេះបាន​បង្ហាញរបាយការណ៍ថា​មកទល់ពេលនេះ នៅ​ទូទាំងប្រទេសមានសេវាថែទាំ ពិគ្រោះព្យាបាលចំនួន១០​៤៩៥កន្លែង ដែល​ក្នុងនោះ​មាន៨១៥៤កន្លែងដែលមានច្បាប់ ខុស​​ច្បាប់៩៧៣កន្លែងនិងលុបបំបាត់បាន១៣៦៨កន្លែងនៅក្នុងឆ្នាំ២០១៥។  របាយការណ៍​បន្ត​ថា​មន្ទីរសម្រាកព្យាបាលជំងឺ​មានចំនួនសរុបទូទាំងប្រទេស៤៣១កន្លែង ក្នុងនោះ​មាន៤២៨ក​ន្លែងដែលមានច្បាប់  មិនទាន់មានច្បាប់៣កន្លែងដែលក្រសួង​អះអាង​ថា​កំពុងតែសុំច្បាប់។

បើតាមហ្វេសប៊ុកនោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាន​ជំរុញ​សកម្មភាពលុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់នៅឆ្នាំ២០១៦និង​​អំពាវនាវឲ្យប្រជាពលរដ្ឋនិងអ្នកប្រកបវិជ្ជាជី​វៈពេទ្យគោរពច្បាប់និងក្រមសីលធម៌វិជ្ជាជីវៈឲ្យបានល្អ។ លោក​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​មាន​បញ្ហាសុខភាពប្រើប្រាស់សេវាសុខាភិបាលដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាលឬក៏គ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ដើម្បីចៀសវាងបញ្ហាដូចបានកើតឡើងនៅភូមិរកា ខេត្ត​បាត់ដំបង ដែលមានការចម្លងមេរោគអេដស៍ទៅមនុស្សរាប់រយនាក់។

កាលពីខែកញ្ញា ឆ្នាំ​២០១៥ លោក ម៉ម ប៊ុន​ហេង បាន​បញ្ជា​ឲ្យ​ប្រធាន​លេខាធិការដ្ឋាន​នៅតាមរាជធានីខេត្ត​ទាំងអស់ ត្រូវ​ចាត់​វិធាន​ការ​ដោយ​សហការ​ជាមួ​យ​នគរបាល​យុត្តិធម៌​ក្នុង​ការ​កសាង​សំណុំរឿងបញ្ជូន​ទៅតុលាការ​ ករណី​កន្លែង​លក់​ឱសថក្លែង​ក្លាយ​និង​សេវា​សុខាភិបាល​ខុសច្បាប់។

​កាលពីដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៥ ក្រសួង​សុខាភិបាលនិង​ក្រសួង​មហាផ្ទៃ បានប្រកាស​សហការ​រួម​គ្នា​ក្នុង​ការគ្រប់គ្រង​គុណភាព​សេវាកម្មនិង​ចាត់វិធានការ​ទប់ស្កាត់​ការធ្វើ​ចរាចរណ៍​ផលិតផល​សុខាភិបាល​ខុសច្បាប់​និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់​នៅ​កម្ពុជា​។

វិធានការ​ទប់ស្កាត់​ការធ្វើ​ចរាចរណ៍​ផលិតផល​សុខាភិបាល​ខុសច្បាប់និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ពី​ផ្ទុះ​ការឆ្លង​មេរោគ​អេដស៍​ទៅ​មនុស្ស​ប្រមាណ​២៥០​នាក់​នៅ​ខេត្ដ​បាត់ដំបង កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៤ ដោយ​គ្រូវ​ពេទ្យ​ភូមិ​ម្នាក់ ឈ្មោះ​យ៉ែម ជ្រិន ត្រូវបាន​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​ការឆ្លង​មេរោគ​អេដស៍​នេះ​៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles