ដោយ៖ ទូច សុខា | ថ្ងៃអង្គារ ទី5 មករា 2016
http://vodhotnews.com
មន្ត្រីអាជ្ញាធរជាតិអប្សរាឲ្យដឹងថា ចំណូលដុលបានពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរក្នុងឆ្នាំ២០១៥បានជាង៦០លានដុល្លារ កើនឡើងជាង១ភាគរយធៀបនឹងឆ្នាំ២០១៤ ខណៈចំនួនភ្ញៀវទេសចរណ៍មានជាង២លាននាក់កើនឡើងឡើងជិត២ភាគរយ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកស្រី ចៅស៊ុន កិរិយា ប្រាប់វីអូឌី(VOD)នៅព្រឹកនេះថា ចំណូលដុលបានពីការលក់សំបុត្រចូលទស្សនាអង្គរមានចំនួន៦០ ០៥៣ ៧០០ដុល្លារ កើន១,២ភាគរយបើប្រៀបធៀបជាមួយឆ្នាំ២០១៤។ ដោយឡែកចំនួនភ្ញៀទិញសំបុត្រចូលទស្សនាអង្គរមានចំនួន ២ ១០០ ០១៨នាក់ កើន១,៩៦ភាគរយបើប្រៀបធៀបជាមួយឆ្នាំ២០១៤។
លោកស្រីឲ្យដឹងថា តួលេខខាងលើនេះនៅតែបង្ហាញថា សន្ទុះនៃកំណើនភ្ញៀវទេសចរណ៍ និងចំណូលបានពីការលក់សំបុត្រនៅតែកើនឡើង បើទោះបីការកើនឡើងមានចំនួនតិចតួចក្តី។ លោកស្រីបញ្ជាក់ថា ចំនួនភ្ញៀវទេសចរណ៍មានចំនួនតិចនៅដើមឆ្នាំ និងចុងឆ្នាំ តែចំនួនភ្ញៀវទិញសំបុត្រចូលទស្សនាអង្គរច្រើនមាននៅខ្ទង់ខែមិថុនា។
បើតាមអាជ្ញាធរជាតិអប្សរា កាលពីឆ្នាំ២០១៤ ចំនួនភ្ញៀវទសចរណ៍ទិញសំបុត្រចូលទស្សនាអង្គរមានចំនួន ២ ០៥៩ ៧០២នាក់ កើនលើសឆ្នាំ២០១៣ ១,៨៨ភាគរយ។ ដោយឡែកចំណូលដុលក្នុងឆ្នាំ២០១៤មានចំនួន ៥៩ ៣៤២ ០០០នាក់ កើន២,៨ភាគរយលើសឆ្នាំ២០១៣។
គួរបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចបញ្ឈប់ការផ្តល់សិទ្ធិទៅឲ្យក្រុមហ៊ុន សុខ គង់ ក្នុងការប្រមូលថវិកាពីការលក់សំបុត្រអង្គរចាប់ពីឆ្នាំ២០១៦នេះទៅ ដោយរដ្ឋាភិបាលបង្កើតគ្រឹះស្ថានសាធារណៈ ដើម្បីធុរៈកិច្ចគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌអង្គរវត្ត ដែលមានក្រសួងទេសចរណ៍និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអន្តរក្រសួងរៀបចំគណៈកម្មាធិការនេះ៕
សូមសរសេរមកកាន់លោក ទូច សុខា តារយៈ sokha@vodhotnews.com