ដោយ ហង្ស សាវយុត
2016-01-05
RFA

ក្រុមសហជីពនិងបុគ្គលិកខ្លះរបស់សណ្ឋាគារផ្កាយ៥ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា (Victoria Angkor Resort & Spa) នៅទីក្រុងសៀមរាប បានធ្វើកូដកម្មប្រឆាំងនឹងអ្នកគ្រប់គ្រងរបស់ពួកគេអស់រយៈពេល ៨ថ្ងៃជាប់ៗគ្នាមកហើយ។
កូដកម្មដោយមានចាក់ឧបករណ៍បំពងសំឡេងផងនោះ បានផ្ទុះឡើងបន្ទាប់ពីអ្នកគ្រប់គ្រងរបស់សណ្ឋាគារដែលទើបតែឡើងកាន់តំណែងថ្មី បានរំលាយសហជីពកម្មករដែលធ្លាប់តែមាននៅក្នុងសណ្ឋាគារនោះជាច្រើនឆ្នាំមកហើយ។
សកម្មជនសហជីព និងកម្មករប្រមាណ ៦០នាក់ បាននាំគ្នាធ្វើកូដកម្មនៅខាងមុខសណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា ចាប់តាំងពីព្រឹកព្រលឹម នៅថ្ងៃអង្គារ ទី៥ ខែមករា។ ពួកគេបានស្រែកទាររកយុត្តិធម៌ និងឱ្យថៅកែសណ្ឋាគារដែលជាជនជាតិបារាំង ត្រូវតែគោរពតាមច្បាប់ការងារនៃប្រទេសកម្ពុជា។
ប្រធានសហជីពកម្មករនៃសណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា ដែលដឹកនាំធ្វើកូដកម្មនោះ គឺអ្នកស្រី ចាន់ សុជាតិ។ អ្នកស្រីមានប្រសាសន៍ថា កាលពីព្រឹកថ្ងៃអង្គារ ទី៥ ខែមករា ថា មូលហេតុដែលអ្នកស្រី និងកម្មករនាំគ្នាធ្វើកូដកម្មដោយសារតែអ្នកគ្រប់គ្រងសណ្ឋាគារដែលទើបតែឡើងកាន់តំណែងថ្មី បានរំលាយចោលសហជីពដែលធ្លាប់មានរយៈពេល ១០ឆ្នាំមកហើយ ព្រមទាំងបញ្ឈប់ការងារបុគ្គលិកចំនួន ១៧នាក់ ដែលពាក់ព័ន្ធនឹងសហជីពផង។
អ្នកស្រី ចាន់ សុជាតិ បញ្ជាក់ថា ក្រុមកម្មករមិនសុខចិត្តឡើយ ចំពោះការបញ្ឈប់បុគ្គលិកចំនួន ១៧នាក់ពីការងារ ព្រមទាំងរំលាយចោលសហជីពកម្មករនេះ៖ «គឺវាអយុត្តិធម៌ ពីព្រោះពួកខ្ញុំមិនបានទៅធ្វើអ្វីខុស ឬក៏បំពានច្បាប់ទេ ពួកយើងធ្វើគ្រប់បែបយ៉ាងទៅតាមច្បាប់ការងារដែលបានចែងមក»។
ក្រុមសហជីពនិងកម្មករ បានធ្វើកូដកម្មនៅមុខសណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា ចាប់តាំងតែពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ រហូតមកដល់ថ្ងៃច័ន្ទ ទី៥ ខែមករា គឺរយៈពេល ៨ថ្ងៃហើយ។ ពួកគេបានប្រើឧបករណ៍បំពងសំឡេងស្រែកទាមទាររកយុត្តិធម៌ ដោយមានកាន់បដានៅក្នុងដៃ សរសេរអក្សរខ្មែរ និងអង់គ្លេសមានន័យថា សូមបញ្ឈប់ការរើសអើងទៅលើសហជីព។ ពេលខ្លះ ក្រុមអ្នកតវ៉ាទាំងនោះ នាំគ្នាច្រៀងបទសាវតារខ្មែរហាក់ដូចជាចង់រំលឹកទៅដល់រឿងរ៉ាវអ្វីមួយ។
តំណាងឱ្យម្ចាស់សណ្ឋាគារផ្កាយ៥ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា លោក បូ រម្យ មានប្រសាសន៍ថា រយៈពេលជាង ១០ឆ្នាំ ហើយសណ្ឋាគារនេះ បានសុខសាន្តជាមួយបុគ្គលិកកម្មករ ក៏ប៉ុន្តែបញ្ហាបានផ្ទុះឡើងបន្ទាប់ពីសណ្ឋាគារនេះ បានជួលនាយកគ្រប់គ្រងកិច្ចការទូទៅថ្មីឱ្យមកកាន់ការងារ កាលពីអំឡុងខែសីហា ឆ្នាំ២០១៥។
មេធាវីរបស់សណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា លោក កៅ ស៊ូផា មានប្រសាសន៍ថា បញ្ហាទំនាស់នេះក្រុមសហជីពបានប្ដឹងទៅដល់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលទៅហើយ ដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាលធ្លាប់បានសម្រេចឱ្យម្ចាស់សណ្ឋាគារទទួលយកកម្មករ ២នាក់ ក្នុងចំណោមអ្នកដែលបញ្ឈប់ពីការងារនោះមកធ្វើការវិញ ក៏ប៉ុន្តែសណ្ឋាគារមិនអាចទទួលយកតាមការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនោះទេ។
លោក កៅ ស៊ូផា បញ្ជាក់ថា ក្នុងចំណោមកម្មករដែលបានបញ្ឈប់ពីការងារនោះ គឺជាអ្នកដែលមានកំហុស៖ «កំហុសវាតែងតែមានហើយទោះតិច ឬច្រើន ក៏ប៉ុន្តែអ្វីដែលជាការសម្រេចរបស់អ្នករកស៊ី គឺមិនអាចទទួលយកកម្មករទាំងនោះមកធ្វើការវិញទេ»។
ក្រុមសហជីពកម្មករ ដែលកំពុងតែធ្វើកូដកម្មប្រឆាំងនឹងអ្នកគ្រប់គ្រងសណ្ឋាគារអះអាងថា ប្រសិនបើពុំមានដំណោះស្រាយសមរម្យទេ គឺពួកគេនឹងបន្តធ្វើកូដកម្មរយៈពេលយូរ ហើយគេក៏អំពាវនាវឱ្យបុគ្គលិកនៃសណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា ដែលកំពុងធ្វើការទាំងអស់ជួយគាំទ្រដល់ក្រុមអ្នកតវ៉ាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហជីព៖ កម្មករនៅបាវិត៤នាក់អាចនឹងត្រូវដោះលែងនៅពាក់កណ្ដាលខែនេះ
- អតីតអ្នកបើកបរឡានក្រុងកាពីតូលជាង៥០នាក់បន្តទាមទារឲ្យក្រុមហ៊ុនយកពួកគេចូលធ្វើការវិញ
- អាជ្ញាធរនឹងទប់ស្កាត់ការធ្វើពិធីរំលឹកខួបអ្នកស្លាប់នៅផ្លូវវ៉េងស្រេង
- អតីតអ្នកបើកបរឡានកាពីតូលតវ៉ាធ្វើយុទ្ធនាការឲ្យពលរដ្ឋផ្អាកប្រើសេវាឡានក្រុងនេះ
- អតីតអ្នកបើកបរឡានក្រុងកាពីតូលជាង៥០នាក់ទាមទារឲ្យក្រុមហ៊ុនយកពួកគេចូលធ្វើការ
- តុលាការខេត្តបន្ទាយមានជ័យកោះហៅកម្មករអូសរទេះ២នាក់បំភ្លឺរឿងបាតុកម្ម
- រោងចក្រនៅក្រុងបាវិតបិទទ្វារនិងអនុញ្ញាតឲ្យកម្មករឈប់សម្រាកចំនួនពីរថ្ងៃ
- ក្រុមអ្នកបើកឡានដឹកដីនិងខ្សាច់បិទផ្លូវតវ៉ានឹងអាជ្ញាធរភ្នំពេញដែលតម្រូវឲ្យប្ដូរចង្កូតស្ដាំ
- ភាគីពាក់ព័ន្ធបើកកិច្ចប្រជុំរកដំណោះស្រាយក្រោយមានការប៉ះទង្គិចរវាងកម្មករនិងអាជ្ញាធរ