ដោយ ខែ សុណង
2016-01-05
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរម៉ូតូជូនពលរដ្ឋ ចុះតម្លៃពី ៦ម៉ឺនរៀល មកនៅត្រឹមតែ ២ម៉ឺន ៥ពាន់រៀល។ លោក ហ៊ុន សែន បានជំរុញឲ្យពលរដ្ឋនាំគ្នាទៅធ្វើប័ណ្ណបើកបរ ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋបានត្អូញត្អែរ និងរិះគន់ថា ការធ្វើប័ណ្ណបើកបរមានតម្លៃខ្ពស់ប៉ះពាល់ដល់ជីវភាពគ្រួសារ។
ប្រជាពលរដ្ឋមួយចំនួន បានគាំទ្រការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ដែលបញ្ជាឲ្យបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរម៉ូតូ ប៉ុន្តែពួកគេស្នើសុំឲ្យសម្រួលនីតិវិធីធ្វើឲ្យងាយស្រួលជាងមុន។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានសម្ដែងការពេញចិត្តចំពោះការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថាបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរម៉ូតូជូនពលរដ្ឋពី ៦ម៉ឺនរៀល មកនៅត្រឹមតែ ២ម៉ឺន ៥ពាន់រៀលនេះ ប៉ុន្តែក្ដីកង្វល់របស់ពួកគាត់ចម្បងនៅពេលនេះ គឺការឆ្លៀតឱកាសរបស់មន្ត្រីខិលខូច ដែលនឹងឆ្លៀតយកកម្រៃក្រៅផ្លូវការពីពលរដ្ឋ ជាជាងសម្រួលនីតិវិធីជូនពលរដ្ឋ ក្នុងការធ្វើប័ណ្ណបើកបរនោះ។ ពួកគេស្នើឲ្យរដ្ឋាភិបាល រឹតបន្តឹងចំពោះស្ថាប័នទទួលបន្ទុកធ្វើប័ណ្ណបើកបរ៖ «ការព្រួយបារម្ភទាក់ទងនៅពេលយើងទៅធ្វើអ៊ីចឹង ឧបមាថា យើងមានការរវល់ គេថាថ្លៃសេវានេះថ្លៃសេវានោះ។ ជួនកាល សមត្ថកិច្ចយកអាហ្នឹងមកធ្វើអាជីវកម្មក៏ថាបានដែរ។ ខ្ញុំចង់ឲ្យក្រសួងសាធារណការ ធ្វើការឲ្យម៉ត់ចត់បានល្អផ្សព្វផ្សាយឲ្យបានដឹង ឬតាមសាលារៀន និងស្ថាប័នមួយចំនួនពីនីតិវិធី»។
ការលើកឡើងនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធប្រើប្រាស់ស្ពានអាកាស ៥មករា នៅជាប់សាលាតិចណូ នៅថ្ងៃទី៥ ខែមករា ថា លោកធ្វើទៅតាមការរិះគន់ស្ថាបនារបស់ពលរដ្ឋ។ ក្រៅពីនេះទៀត លោក ហ៊ុន សែន បញ្ជាក់ថា ការពិនិត្យកាយសម្បទាមិនតម្រូវឲ្យមានឯកសារ មិនបង់កម្រៃសេវា ចំពោះការប្រឡងយកប័ណ្ណបើកបរម៉ូតូប្រភេទ “ក” ឬកម្លាំងម៉ាស៊ីន ១២៥ ទេ ប៉ុន្តែសម្រាប់អ្នកបើកបរម៉ូតូធុនធ្ងន់ចាប់ពីកម្លាំង ១២៦ ឡើង ត្រូវទៅពិនិត្យសុខភាព ហើយបញ្ចុះតម្លៃដូចគ្នា។ រីឯការដូរប័ណ្ណបើកបរម៉ូតូ យកតម្លៃត្រឹម ២ម៉ឺនរៀលប៉ុណ្ណោះ។ លោក ហ៊ុន សែន បញ្ជាក់ថា នេះគឺជាការឆ្លើយតបទៅនឹងកង្វល់របស់ពលរដ្ឋ ដែលកំពុងមានភាពស្មុគស្មាញទាក់ទងនឹងការចំណាយ និងនីតិវិធីនៃការធ្វើប័ណ្ណបើកបរ៖ «ខ្ញុំមិនទាន់ដោះស្រាយលើបញ្ហារថយន្តទេ ប៉ុន្តែដោះស្រាយបញ្ហាម៉ូតូសិន។ ពិនិត្យសុខភាព ១ម៉ឺន ៤ពាន់ គឺលុបចោលមិនយកតែម្ដង ហើយក៏មិនចាំបាច់ទៅរៀនបើកបរម៉ូតូដែរ ត្រឹមតែម៉ូតូទៅបើកស្អី ស្មុគស្មាញណាស់! មិនចាំបាច់ពិនិត្យសុខភាពគេដឹងច្បាស់ហើយ សុខភាពគួរជិះបាន ឬមិនបាននោះ ហើយក៏មិនចាំបាច់ទៅរៀនបើកបរមុនពេលចេញប័ណ្ណដែរ ធ្វើឲ្យតែម្ដងទៅឲ្យស្រួល»។
លោកនាយករដ្ឋមន្ត្រី ឲ្យដឹងថា ម៉ូតូដែលបានចុះក្នុងបញ្ជីនៅទូទាំងប្រទេសមានចំនួនជិត ៣លានគ្រឿង (២.៧១៤.១៩៣គ្រឿង) ប៉ុន្តែអ្នកដែលមានប័ណ្ណបើកបរមានជិត ១៦ម៉ឺននាក់ (១៥៦.៣៥១នាក់) ឬប្រហែលជិត ៦%។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបំភ្លឺពីការទាមទាររបស់ប្រជាពលរដ្ឋបានទេ នៅថ្ងៃទី៥ ខែមករា។ ប៉ុន្តែ លោក រុន រ័ត្នវាសនា ជាប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ ថ្លែងថា រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់បានផាកពិន័យអ្នកបើកបរដែលមិនមានប័ណ្ណបើកបរនៅឡើយ។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា បញ្ហាអត់ប័ណ្ណបើកបរនេះ កម្លាំងជំនាញនឹងទុកពេលយ៉ាងហោចណាស់ ៣ខែ រាប់ចាប់ពីថ្ងៃទី១ ខែមករា មក ប៉ុន្តែមិនទាន់មានប្រកាសជាផ្លូវការណាមួយ អំពីការកំណត់រយៈពេលចាប់ផ្ដើមផាកពិន័យនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រសួងនឹងតម្រូវឲ្យពលរដ្ឋទៅបង់ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍តាមប្រព័ន្ធធនាគារ
- សង្គមស៊ីវិលស្នើផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ដល់ពលរដ្ឋឲ្យបានទូលំទូលាយ
- ពលរដ្ឋនៅខេត្តកំពង់ឆ្នាំងសម្រុកទិញមួកសុវត្ថិភាព
- គណៈកម្មការចំពោះកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពជាលើកដំបូង
- សមត្ថកិច្ចខេត្តកំពង់ឆ្នាំងឃាត់យានយន្ត១៥២គ្រឿងក្នុងរយៈពេល២ថ្ងៃនៃការអនុវត្តច្បាប់
- នគរបាលនិងអាជ្ញាធរខណ្ឌខ្លះនៅភ្នំពេញធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ថ្មី
- អគ្គស្នងការនគរបាលជាតិប្រកាសពន្យារពេលផាកពិន័យឡាននិងម៉ូតូដែលគ្មានប័ណ្ណបើកបរ
- ពលរដ្ឋជិត១០០នាក់តវ៉ាមុខតុលាការខេត្តសៀមរាបទាមទារឲ្យដោះលែងចៅសង្កាត់អំពិល
- ច្បាប់សំខាន់ៗដែលកើតឡើងក្នុងឆ្នាំ២០១៥និងច្បាប់ដែលគ្រោងបង្កើតឆ្នាំ២០១៦
ការបញ្ចុះតម្លៃ ធ្វើប័ណ្ណបើកបរ នេះ ប្រជាពលរដ្ឋគាត់និយាយ យូរ ហើយ ប៉ុន្តែ ហ៊ុន សែន មិនស្តាប់
ដោយសារ សម្លេងឆ្នោត គាត់ច្រើន ,
ដល់ពេលសម្លេងឆ្នោត ហ៊ុន សែន ធ្លាក់បាន នឹកឃើញ យកចិត្ត ធ្វើតាម ប្រជាពលរដ្ឋ !