បាឋក​ថា ស្តីពី​បណ្ណ​សារ​ឌីជី​ថល​ក្នុង​សិល្បៈ​សហ​សម័យ​នៅ​បុប្ផា​ណា​

រូបថត​ឯកសារ​បង្ហាញ​សកម្មភាព​សិស្ស​វិចិត្រ​សិល្បៈរៀន​គូរ​គំនូរ​នៅ​អំឡុង​ឆ្នាំ ១៩៦៤​។ មជ្ឈមណ្ឌល​បុប្ផាណា

រូបថត​ឯកសារ​បង្ហាញ​សកម្មភាព​សិស្ស​វិចិត្រ​សិល្បៈរៀន​គូរ​គំនូរ​នៅ​អំឡុង​ឆ្នាំ ១៩៦៤​។ មជ្ឈមណ្ឌល​បុប្ផាណា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ នាល្ងាច​ថ្ងៃសុក្រ​ទី ១៥ ខែ​មករា​ឆ្នាំ ២០១៦ ខាង​មុខ​នេះ នឹង​មាន​បាឋក​ថា​មួយ​ស្តី​ពី«បណ្ណ​សារ​ឌីជី​ថល​ និង​សោភ័ណ​កោ​សល្យ​វិច័យ​នៅ​ក្នុង​សិល្បៈ​សហ​សម័យ» ដែល​ជា​ទម្រង់​សិក្សា​ថ្មីមួយ ​នៃ​ការ​ចង​ក្រង​ឯកសារ​ឌីជីថលនៅ​ក្នុង​ស្នាដៃនៃ​​សិល្បៈ​សហ​សម័យ នៅ​ឯ​មជ្ឈ​មណ្ឌល​បុប្ផាណា​ ដែលនាំ​មក​ជូន​ដោយ​គម្រោង​សិល្បៈ​សាសា​ និង​សាសា​បាសាក់។ ​

បាឋកថានេះ ​នឹង​ធ្វើ​បទ​បង្ហាញ​ដោយ​អ្នកស្រី​បណ្ឌិត ប្រ៊ីយ៉ាន ខូហិន (Brianne Cohen) បណ្ឌិត​ផ្នែក​ប្រវត្តិ​សិល្បៈ ​ពី​សាកល​វិទ្យាល័យ ភីតស៍​ប៊ើកហ៍​ (Pittsburgh)។លោក ជា សុភាព នាយក​រង​នៃ​មជ្ឈមណ្ឌល​បុប្ផាណា បាន​ឲ្យ​ដឹង​ថា៖ «វាគ្មិន នឹង​ពិនិត្យ​ទៅ​លើ​សោភ័ណ​កោសល្យ​វិច័យ​ទាក់ទង​ទៅ​នឹង​ស្នាដៃ​សិល្បៈ​ចំនួន​ពីរ​គឺ​ខ្សែ​ភាពយន្ដ The Wave (២០១៣) ​របស់ ​Sarah Vanagt និង Katrien Vermiere និង The Vanishing Vanishing-Point​ របស់ Effi & Amir»។

ខ្សែ​ភាពយន្ដ​ទី ១ សិល្បករ​ជន​ជាតិ​ បែលហ្ស៊ិក​ពីរ​រូប​ បង្កើត​​រូបភាព​មាន ចលនា​ចំនួន ៣២០០០ សន្លឹក ដើម្បី​កត់ត្រា​ពីការ​គាស់​រណ្តៅ​​ផ្នូរ​របស់​មនុស្ស​​ចំនួន ៩ នាក់​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​អ្នក​ដឹក​នាំ​ផ្តាច់​ការ Franco បន្ទាប់​ពី​សង្គ្រាម​​ស៊ីវិល ​អេស្ប៉ាញ​ចប់​ភ្លាម។ ស្នាដៃ​ជា​លទ្ធផល​គឺ​ជា​រូប​ភាព​​ដ៏​រស់​រវើក និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ស្លាក​ស្នាម​ផ្នូរ​នោះ។


កំណាយ​ដី​រកស្លាក​ស្នាម វត្ថុ​តាង​ក្រោយ​សម័យ​សង្គ្រាម​។  មជ្ឈមណ្ឌល​បុប្ផាណា

កំណាយ​ដី​រកស្លាក​ស្នាម វត្ថុ​តាង​ក្រោយ​សម័យ​សង្គ្រាម​។ មជ្ឈមណ្ឌល​បុប្ផាណា

ខណៈ​ខ្សែ​ភាព​យន្ដ​ទី ២​ សិល្បករ​ជន​ជាតិ​អីុស្រាអែល​ ដែល​រស់នៅ​ទីក្រុងប្រ៊ុចសែល​ទាំង​ពីរ​រូប​បាន​ប្រើប្រាស់​បច្ចេក​ទេស​រូប​ភាព​​ឌីជីថល​ដូចជា ​Google Earth និង Google Street View ដើម្បី​កត់ត្រា​ការ​ស្លាប់​នៃ​ដើម​អូលីវ​មេឌីទែរ៉ាណេ​ មួយ​ដើម ​ដែល​​ត្រូវគេ​​គាស់​យក​មក​ដាក់ដាំ​នៅ​​សង្កាត់​មួ​យ​ក្នុង​​ទី​ក្រុង​​ប្រ៊ុចសែល​ ព្រោះតែ​វាមិន​អាច​ទ្រាំនឹង​អាកាសធាតុ​ដ៏​ត្រជាក់​បាន​។ ស្នាដៃ​សិល្បៈ​ទាំង​ពីរ​នេះ ប្រើ​ប្រាស់ ​និងការ​​វិភាគ​បណ្ណ​សារ​ឌីជីថល ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​នូវ​កំហុស​របស់​រដ្ឋក្នុង​ការ​បង្កើត​អំពើ​ហិង្សា​លើ​បរិស្ថាន​។

បណ្ឌិត ប្រ៊ី​យ៉ាន ខូហិន ​កំពុង​សរសេរ​សៀវភៅ​​ Europe in Common: From Spectatorship to Collectivity in Contemporary Art ដែល​វិភាគ​លើ​ទស្សនវិស័យ​សិល្បៈនៃ​អត្តសញ្ញាណ​អឺរ៉ុប​ដែល​កំពុង​ផ្លាស់​ប្តូរ និង​អាស្រ័យ​លើ​សម្ព័ន្ធភាព​អន្ដរ​វប្បធម៌ និង​ឆ្លង​តំបន់។ ​​

​ការងារ​ស្រាវជ្រាវ និង​បង្រៀន​របស់​អ្នកស្រី​មាន ​ទ្រឹស្តី​ក្រោយ​សម័យ​អាណានិគម​ ការ​ធ្វើ​ចំណាក​ស្រុក​ជុំវិញ​ពិភព​លោក សោភ័ណអេកូឡូហ្ស៊ី អំពើ​ហិង្សា​របស់​រដ្ឋ និង​​និមិត្ត​រូប​ចក្ខុ​វិស័យ​ជះឥទ្ធិពល​នៃ​​ការ​រើស​អើង​ផ្នែកសង្គម ​នយោ​បាយ​ ឬការ​ចង​ក្រង​ជា​ក្រុម។

អ្នកស្រី​បណ្ឌិត​​ និង​សហការី និង Alexander Streitberger ក៏​បាន​កែ​សម្រួល​​នូវ​កម្រង​អត្ថបទ​មួយ​មាន​ចំណង​ជើងថា The Photofilmic: Entangled Images in Contemporary Art and Visual Culture ដែលនឹង​ចេញ​ផ្សាយ​នៅ​ខែមករា​ឆ្នាំ ២០១៦ នេះដែរ៕


What Next?

Recent Articles