បទយកការណ៍៖ អ្នកបើកបរមួយចំនួនខ្វះការយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី​

ដោយ៖​ លី បេឡា​ | ថ្ងៃពុធ ទី6 មករា 2016
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

អ្នកធ្វើដំណើរនៅលើផ្លូវជាតិលេខ៤សំដៅចូលទីក្រុងភ្នំពេញហើយត្រូវបាននគរបាលចរាចរណ៍ហៅ​ឈប់ចូល​កន្លែងផាកពិន័យដោយសារអ្នកជិះពីក្រោយមិនមានពាក់មួកសុវត្ថិភាពនោះលោក ពុត លី អះអាងថា​លោកមិនដឹងពីកំហុសនៃអ្នកជិះពីក្រោយមិនពាក់មួកសុវត្ថិភាពនិងមិនពីចំនួនទឹកប្រាក់នៃការផាកពិន័យលើកកំហុសនេះទេ។ លោកអះអាងថាមូលហេតុដែល​លោកមិនដឹងពីព័ត៌មានទាំងនេះដោយ​សារ​​តែ​លោក​នៅស្រែ​ចម្ការហើយរវល់​ក្នុងការប្រមូលផល។

លោកបន្ថែមថា៖ អត់សូវបានដឹងដែរបើយើងមិនសូវបានមើលទូរទស្សន៍ផង ហើយយើងជាប់ច្រូតកាត់អស់កំលាំងពេកមិនសូវបានបើកទូរទស្សន៍មើលអាល័យតែប្រមូលផល

អង្គុយនៅលើរ៉ឺម៉ក់កងបីរបស់ខ្លួនរង់ចាំដឹកភ្ញៀវលោក ទុយ វ៉ុន និយាយ​ថាកាលពីមុនលោកធ្លាប់ដឹងថាអ្នកធ្វើដំណើតាមម៉ូតូទាំងអស់ត្រូវតែពាក់មួកសុវត្ថិភាពប៉ុន្តែ​លោកថានៅពេលច្បាប់ថ្មីចេញ​មក​នេះ​លោកមិនទាន់បានដឹងនៅ​ឡើយទេថាតម្រូវឲ្យរូបលោកត្រូវបំពេញបែបបទអ្វីខ្លះទៀត។

លោកបន្ថែមថា៖ ឮសូរថាចាប់អ្នកជិះពីក្រោយអត់មានមួកជិះពីរនាក់ឲ្យមានមួកទាំង២ហើយកង់បីអត់ទាន់ដឹងថាម៉េចទេកង់បីមិនដឹងថាកង់បីត្រូវបានយកពន្ធឬយ៉ាងម៉េចឬក៏ចាប់យកប័ណ្ណបើកបរអត់ទាន់ដឹងទេព្រោះខ្ញុំជាអ្នកបើកកង់បីឥឡូវហ្នឹងម៉ូតូដឹងតែចាប់មួកពីក្រោយហើយ។  

ពលរដ្ឋខ្លះទៀតដែលបានដឹងខ្លះៗពីច្បាប់ថ្មីនេះបានត្អូញត្អែរថាច្បាប់ដែលបង្កើនការ​ផាកពិន័យ​៥ដង​នេះធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់​ពួក​គេ។

អង្គុយនៅលើម៉ូតូរងចាំដឹកភ្ញៀវនិងពិភាក្សារឿងច្បាប់ចរាចរណ៍ជាមួយអ្នករត់ម៉ូតូឌុប៤នាក់ផ្សេងទៀតបុរសសំបុរសខ្ពស់ដែលជាអ្នករត់ម៉ូតូឌុបលោក មឿក គ្រឿន ឲ្យដឹងថា​លោកក៏បានដឹងពីច្បាប់ចរាចរណ៍ខ្លះៗដែរដូចជាការតម្រូវឲ្យដឹកមនុស្សតែម្នាក់ជាមួយនឹងមួកសុវត្ថិភាពនិងការតម្រូវឲ្យមានដាក់ឯកសារតាមខ្លួននិងទាមទាឲ្យមានប័ណ្ណបើកបរផងដែរ។

និយាយបណ្ដើរសើចបណ្ដើរលោក មឿក គ្រឿន ក៏បានរិះគន់ចំពោះការតម្រូវរបស់ច្បាប់ចរាចរណ៍ថ្មី​នោះផងដែរដោយលោកថាវាអាចធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារលោកយ៉ាងធ្ងន់ធ្ងរ។

លោកបន្ថែមថា៖ ពីរនាក់ក៏ដឹកអត់បានទៀតហើយគេទៅណាគេទៅពីរនាក់យើងរំលែកគេៗម៉េចជិះដូចប្ដីទៅមុនប្រពន្ធទៅក្រោយគេអត់ព្រម។ ចឹងពិបាកច្រើនណាស់លើកមុនធ្លាប់រកបាន៧ម៉ឺនចឹងឥឡូវរកបានតែ១៥០០០រៀល។ អញ្ចឹងរកលែងបានហើយបើរកបាន២ម៉ឺនទៅដល់កន្លែងនោះគេសង្កត់បង់៦ម៉ឺនទៅបានអី ចឹងមានតែឲ្យប្រពន្ធផ្ញើរលុយពីផ្ទះមកថែមទៀត ចឹងមានតែចងការគេថែមរិតតែក្រទៀត

អ្នករត់ម៉ូតូឌុបរូបនេះបន្ថែមដែរថាគ្រាន់តែបានដឹងពីការផាកពិន័យបែបនេះមានអ្នករត់ម៉ូតូឌុបមួយចំនួនមិនហ៊ានចេញរត់ឌុបទៀតទេដោយសារមិនមានឯកសារគ្រប់គ្រាន់។

អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃលោក ឡុង ធូ បានឲ្យដឹងថាមុននឹងច្បាប់ចរាចរណ៍ថ្មីនេះចាប់ផ្ដើមអនុវត្តរដ្ឋាភិបាលបានធ្វើការអប់រំ​ផ្សព្វផ្សាយ​រយៈពេលមួយឆ្នាំមកហើយ។ លោកបន្ថែមថាមុននឹងធ្វើការផាកពិន័យសមត្ថកិច្ចគ្រាន់តែធ្វើការណែនាំដោយមិនមានការបង្ខំឲ្យអ្នកផ្ទះផ្ញើរលុយមកឲ្យបង់នោះទេ។

លោកបន្ថែមថា៖ បងប្អូនប្រជាពលរដ្ឋទាំងអស់នោះប្រហែលជាគាត់មិនបានចូលរួមការផ្សព្វផ្សាយស្ដីពីវិធានការដែលត្រូវរឹតបន្តឹងនៅពេលខាងមុខនិងកម្រិតនៃអនុក្រឹត្យ០៨៥ស្ដីពីការផាកពិន័យតាមប្រព័ន្ធថ្មី។ ចឹងខ្ញុំសូមជម្រាបថាជាគោលការណ៍គ្រឺះនិងជាបំណងរបស់ថ្នាក់ជាតិរបស់រដ្ឋាភិបាលនិងប្រមុខប្រធានគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវជាតិដែលមានសម្ដេចក្រឡាហោមជាប្រធានលោកមិនចង់បានទេប្រាក់ពីការផាកពិន័យ។ អីចឹងទេបើប្រជាពលរដ្ឋយល់ឃើញថាកម្រិតផាកនេះធ្ងន់ណាស់ សូមចូលរួមនាំគ្នាគោរពទៅ

ក្នុងច្បាប់ចរាចរណ៍ថ្មីដែលចាប់ផ្ដើមអនុវត្តនៅដើមឆ្នាំ២០១៦នេះមានចំណុចសំខាន់មួយចំនួនដែលអ្នកបើកបរថាពិបាកអនុវត្តតាមនោះដូចជាការតម្រូវឲ្យយកឯក​សារដើមពាក់ព័ន្ធ​តាមខ្លួន ការតម្រូវ​ឲ្យឌុបមនុស្សតែម្នាក់ជាមួយនឹងមួកសុវត្ថិភាព ការតម្រូវឲ្យមានប័ណ្ណ​បើកបរមួយសម្រាប់ម៉ូតូមួយ​គ្រឿងជាដើម។

អនុក្រឹត្យថ្មីមួយ​បន្ថែម​លើ​ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបានផ្តល់អំណាចឲ្យសមត្ថកិច្ច​អាច​ពិន័យ​អ្នក​បើក​បរ​យាន​យន្ត​ដែល​​មិន​បាន​ភ្ជាប់​តា​ម​ខ្លួន​នូ​វ​ឯក​​សារ​ដើម​រួមមាន​ប័ណ្ណ ​បើក​បរ​យាន​យន្ត ប័ណ្ណ​សម្គាល់យានយន្ត​ វិញ្ញា​បន​ប័ត្រ​ត្រួតពិនិត្យ​​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​ឬ​លិខិត​អនុញ្ញា​ត​ធ្វើ​អាជីវកម្ម​ចំពោះ​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​​ដឹក​ជញ្ជូន។

បើ​តាម​អនុក្រឹត្យរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ការ​ផាក​​ពិន័យ​អន្តរការណ៍​ចំពោះ​អ្នក​បើក​បរទោចក្រយាន​​យន្ត​ឬ​ទោចក្រ​យានយន្ត​សណ្តោង​​រ៉ឺ​ម៉ក​​ឬ​ត្រី​ចក្រ​យានយន្តមាន​​ចំនួន​ទឹក​ប្រាក់​១៥០០០រៀល អ្នក​បើក​បរ​យាន​យន្ត​ធុន​ស្រាល​ចំនួន​ទឹក​ប្រាក់​២៥០០០រៀល​ និង​អ្នក​បើក​បរយានយន្ត​ធុនធ្ងន់​ចំនួន​ទឹក​ប្រាក់​៥០០០០​រៀល​៕

សូម​សរសេរ​មកកាន់​លោក លី បេឡា តាមរយៈ  bela@vodhotnews.com

What Next?

Recent Articles