Wed, 6 January 2016
ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
ស្ទឹងត្រែងៈ ដីសម្បទានសង្គមកិច្ច ១៥០០ ហិកតាដែលអាជ្ញាធរខេត្តបានផ្តល់ឲ្យពលរដ្ឋខ្មែរអ៊ិស្លាមជាង ១០០ គ្រួសារតាមរយៈឈ្មួញដីឈ្មោះ ងិន សារី នោះកំពុងតែត្រូវបានឈ្មួញដីរូបនេះដឹកនាំកម្មករកាប់ឆ្ការបំផ្លាញដើមជ័រទឹកសហគមន៍ហើយវាស់លក់ឲ្យជនចំណាកស្រុកតម្លៃរាប់ពាន់ដុល្លារ។
អាជ្ញាធរខេត្តស្ទឹងត្រែងបានសម្រេចប្រគល់ដីទំហំ ១៥០០ ហិកតាស្ថិតក្នុងឃុំចម្ការលើស្រុកថាឡាបរិវ៉ាត់ឲ្យទៅពលរដ្ឋខ្មែរអ៊ិស្លាមចំនួន ១១៧ គ្រួសារមកពីខេត្តត្បូងឃ្មុំតាមរយៈស្ត្រីម្នាក់ឈ្មោះ ងិន សារី កាលពីឆ្នាំ ២០១៣ ។
សហគមន៍ និងអង្គការសង្គមស៊ីវិលបានឲ្យដឹងថាការសម្រេចផ្តល់ដីនោះគឺបាននិងកំពុងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋមូលដ្ឋានរាប់រយគ្រួសារដែលធ្លាប់អាស្រ័យផលពីដីព្រៃនោះពិសេសគឺការបាត់បង់ដើមជ័រទឹករាប់រយដើម។
លោក ហូ សំអុល អ្នកសម្របសម្រួលអង្គការអាដហុកខេត្តស្ទឹងត្រែងបានឲ្យដឹងថាការផ្តល់ដីនោះគឺទើបតែមានសេចក្តីសម្រេចពីអាជ្ញាធរខេត្តប៉ុណ្ណោះគឺមិនទាន់មាន ស.ជ.ណ ពីរដ្ឋាភិបាលនៅឡើយទេ។ ប៉ុន្តែបែរជាអ្នកស្រី ងិន សារី កំពុងតែជួលកម្មករឲ្យទៅកាប់ឆ្ការព្រៃ និងអារដើមជ័រទឹកសហគមន៍ដោយប្រើប្រាស់រណារយន្តដើម្បីលក់ និងយកដីហើយសកម្មភាពនោះក៏ត្រូវបានជួយការពារ និងកាងដោយមន្ត្រីនគរបាលផងដែរ។
លោក សំ អុល បញ្ជាក់ថា៖ «ដីហ្នឹងមិនទាន់គ្រប់លក្ខណៈជាដីសម្បទានសង្គមកិច្ចនោះទេ។ តែគាត់ធ្វើសកម្មភាពលើដីនោះមួយចំនួនធំហើយដោយកាប់បំផ្លាញព្រៃច្បោះរាប់រយហិកតា។ ការកាប់ច្រើនណាស់ដែលប៉ះពាល់ពលរដ្ឋ ២ ទៅ ៣ ភូមិឯនោះ»។
លោកបានបន្តថាក្នុងចំណោមពលរដ្ឋរាប់រយគ្រួសារនោះមាន ៩៣ គ្រួសារបានដាក់ពាក្យបណ្តឹងទៅអង្គការអាដហុកហើយពួកគាត់មានដើមជ័រច្បោះយ៉ាងតិចពី ៥ ដើមរហូតដល់ទៅ ៣០ ឬ ៤០ ដើមក៏មានដែរ។
លោក សំអុល បានអះអាងថាក្រោយពីការកាប់បំផ្លាញព្រៃដីខ្លះត្រូវបានគេវាស់វែងលក់ហើយរហូតមកទល់ពេលនេះលោកបានទទួលសេចក្តីរាយការណ៍ថាការលក់ដីនោះគឺមានប្រមាណជា ៧ ករណីផងដែរ។
ប្រជាសហគមន៍ក្នុងភូមិរំដេងលោក ហង់ គៀន បានឲ្យដឹងថាដីសម្បទានសង្គមកិច្ចត្រូវបានគេលក់ឲ្យអ្នកចំណាកស្រុកមកពីកំពង់ចាមតម្លៃរាប់ពាន់ដុល្លារ។
លោកថា លោកបានសួរអ្នកទិញដីនោះហើយគេប្រាប់ថាក្បាលដីទំហំ ៥០ ម៉ែត្រ និងបណ្តោយ ១០០០ ម៉ែត្រគេទិញក្នុងតម្លៃ ១៥០០ ដុល្លារហើយអ្នកមានលុយច្រើនគេទិញដីធំជាងនោះគឺចាប់ពីដីមានក្បាលពី ១០០ ទៅ ២០០ ម៉ែត្រ។
លោកបានបន្តថា ដីរបស់លោកក៏ស្ថិតក្នុងដីសម្បទានសង្គមកិច្ចនោះដែរហើយត្រូវបានគេចង់វាស់លក់ប៉ុន្តែលោកបានអង្វរអ្នកទិញកុំឲ្យទិញទើបគេទុកឲ្យវិញ។
លោកថា៖ «ខ្ញុំឆ្ងល់ដែរវាជាដីសម្បទានសង្គមកិច្ចម៉េចគេលក់ដូរអ៊ីចឹង? វាស់លក់ៗ។ ខ្ញុំអង្វរគេកុំឲ្យយកដីខ្ញុំ។ ខ្ញុំអត់មានអីធ្វើទេ។ ខ្ញុំទៅនៅធ្វើឯណា? ខ្ញុំគ្មានដីផ្សេងចិញ្ចឹមកូនប្រពន្ធខ្ញុំ។ កុំធ្វើបាបខ្ញុំ»។ លោកថាពលរដ្ឋក្នុងភូមិលោកមានដីស្រែ និងចម្ការជាង ២ គីឡូម៉ែត្រដែលប៉ះពាល់ដោយសារការផ្តល់ដីសម្បទាននោះ។
ភ្នំពេញប៉ុស្តិ៍បានព្យាយាមទាក់ទងទៅលោកស្រី ងិន សារី ដើម្បីសុំអត្ថាធិប្បាទាក់ទងទៅនឹងការចោទប្រកាន់នោះប៉ុន្តែអ្នកលើកទូរស័ព្ទបានអះអាងថាគាត់មិនមែនអ្នកស្រី ងិន សារី នោះទេ។
លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែងបានថ្លែងពីម្សិលមិញថាលោកបានទទួលព័ត៌មានពីការទិញលក់ដីបែបអនាធិបតេយ្យនៅតំបន់នោះដែរហើយពេលនេះអាជ្ញាធរស្រុកកំពុងតែធ្វើការស្រាវជ្រាវពីករណីនោះហើយ។
លោក ដួង ពៅ បានទទួលស្គាល់ថារដ្ឋាភិបាលមិនទាន់ចេញ ស.ជ.ណ សម្រេចលើដីសម្បទានសង្គមកិច្ចនោះមែនបន្ទាប់ពីអាជ្ញាធរខេត្តបានរៀបចំ និងបញ្ជូនឯកសារស្នើសុំតាមផ្លូវច្បាប់កាលពីឆ្នាំ ២០១៥ កន្លងមក។
ប៉ុន្តែ អាជ្ញាធរបានអនុញ្ញាតឲ្យពលរដ្ឋមកពីស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (អតីតខេត្តកំពង់ចាម) ចូលរស់នៅជាមុនគឺដោយសារតែដីដែលពួកគាត់ធ្លាប់នៅរស់តាមទន្លេមេង្គក្នុងស្រុកក្រូចឆ្មារនោះត្រូវបានបាក់ចូលទឹកអស់។
ទោះយ៉ាងណា នៅពេលនេះអាជ្ញាធរកំពុងតែជួបការលំបាកដោយសារតែមានអ្នកទៅទន្ទ្រានកាន់កាប់ដីនោះខុសច្បាប់ហើយអ្នកស្រី ងិន សារី ក៏កំពុងប្រឈមមុខទៅនឹងពលរដ្ឋដែលរំលោភយកដីទាំងនោះដែរ។
លោកបញ្ជាក់ថា៖ «បើគាត់កាន់កាប់ជាក់ស្តែងមិននិងកាត់ចេញឲ្យ។ យើងសិក្សាអស់ហើយ។ ដើមជ័រច្បោះមាននៅគ្រប់កន្លែងហ្នឹងហើយជនខិលខូចមួយចំនួនយកដើមជ័រច្បោះជាលេសដើម្បីទន្ទ្រានយកដីប៉ុណ្ណោះ»៕
