ស្នងការ​ខេត្ត​បាត់ដំបង​ច្រាន​ចោល​ការចោទប្រកាន់​ពី​ការរីក​រាលដាល​ល្បែងស៊ីសង​ខ្នាត​ធំ​នៅក្នុង​ខេត្ត​​

ដោយ៖​ ហ៊ុន សិរី​វឌ្ឍន៍​ | ថ្ងៃពុធ ទី6 មករា 2016
http://vodhotnews.com

​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក ស ថេត ច្រាន​ចោល​ការចោទប្រកាន់​ថា​មាន​ការរីក​រាលដាល​ល្បែងស៊ីសង​ខ្នាត​ធំ​នៅក្នុង​ខេត្ត តែ​លោក​ទទួលស្គាល់ថា បញ្ហា​ល្បែងស៊ីសង​នៅតែ​បន្ត​កើតមាន​ក្នុង​ទ្រង់ទ្រាយ​តូច ហើយ​អាជ្ញាធរ​បាន​ចុះបង្ក្រាប​ជា​បន្តបន្ទាប់​។​

​លោក ស ថេត បាន​ធ្វើ​ការបដិសេធ​បែប​នេះ​តាមរយៈ​លិខិត​ឆ្លើយ​បំភ្លឺ​របស់​លោក​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើ​រលួយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។ បើ​តាម​លិខិត​នោះ អង្គភាព​ប្រឆាំង​បាន​ទទួល​ពាក្យបណ្តឹង​ពាក់ព័ន្ធ​នឹង​ការរីក​រាលដាល​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅក្នុង​ខេត្ត​នេះ​រួម​មាន​បៀរ អាប៉ោង កន្ទុយលេខ (​ឆ្នោត​) និង​ល្បែង​ផ្នល់​ទឹកភ្លៀង ដោយ​មាន​បញ្ជាក់​ពី​ទីកន្លែង និង​ឈ្មោះ​ម្ចាស់​កន្លែង​ផងដែរ​។​

​នៅក្នុង​លិខិត​ឆ្លើយ​បំភ្លឺ​នោះ ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​លោក ស ថេត បាន​បដិសេធ​ថា​មិន​មាន​ល្បែងស៊ីសង​ដែល​មាន​ទ្រង់ទ្រាយ​ធំ​ដូច​ការចោទប្រកាន់​នៅក្នុង​ពាក្យបណ្ដឹង​របស់​ពលរដ្ឋ​នោះ​ទេ​។ ទោះយ៉ាងណា លោក​បាន​ទទួលស្គាល់ថា តាម​ការកត់សម្គាល់​នៅ​មូលដ្ឋាន​ភូមិ​ឃុំ​មួយចំនួន បញ្ហា​ល្បែងស៊ីសង​នៅតែ​បន្ត​កើតមាន តែ​ក្នុង​ទ្រង់ទ្រាយ​តូចៗ និង​មាន​ការ​លួចលាក់​បិទបាំង​តាម​កន្លែង​លក់ទំនិញ និង​នៅតាម​ស្រុកស្រែ​ជនបទ​សម្រាប់​ល្បែង​បៀរ និង​អាប៉ោង​។ លោក​បន្តថា ចំណែកឯ​ល្បែង​ទឹកភ្លៀង​គឺ​មាន​សកម្មភាព​លួចលាក់ ពុំ​មាន​ទីកន្លែង​ពិតប្រាកដ ដោយ​ទំនាក់ទំនង​គ្នា​តាមរយៈ​ទូរស័ព្ទ និង​វិទ្យុទាក់ទង រួច​ទូរ​ទាត់​តាម​កន្លែង​ប្តូរប្រាក់ ។  

​លោក ស ថេត បញ្ជាក់ទៀតថា ដោយសារ​ការ​លេងល្បែង​ស៊ីសង​ខ្លះ​ទំនាក់ទំនង​គ្នា​តាម​ទូរស័ព្ទ វិទ្យុទាក់ទង និង​មាន​ការ​ចល័ត​កន្លែង​លេង ធ្វើឲ្យ​សមត្ថកិច្ច​ពិបាក​ក្នុង​ការស្វែងរ​ក​ភស្ភុតាង ដើម្បី​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ផ្តន្ទាទោស ប៉ុន្តែ​ព្រះរាជអាជ្ញា​បានអនុញ្ញាត​ឲ្យ​សមត្ថ​កិច្ច​ហៅ​អ្នក​ទាំងនោះ​មក​ធ្វើការ​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​ឈប់​លេង​ល្បែងស៊ីសង​ជា​បន្ត​ទៀត​។ 

​លោក ស ថេត បាន​ឲ្យ​វី​អូ​ឌី​ដឹង​បន្ថែមថា ពាក់ព័ន្ធ​នឹង​ករណី​លែង​ល្បែងស៊ីសង​នៅក្នុង​ឃុំ​ជ្រៃ​ដែល​បាន​បញ្ជាក់​នៅក្នុង​ពាក្យបណ្ដឹង​នោះ​គឺជា​ការ​លេង​ល្បែងស៊ីសង​ខ្នាត​តូច ហើយ​សមត្ថកិច្ច​បាន​ចុះ​ទៅ​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ​។ លោក​ថា ការ​ដែល​នាំឲ្យ​មាន​ពាក្យបណ្តឹង​នោះ​គឺ​ដោយសារតែ​មាន​ជម្លោះ​រវាង​អ្នកលេង​ល្បែង និង​អ្នកលេង​ល្បែង​គ្នា​។​

​លោក​មានប្រសាសន៍ថា​៖ “​អា​ហ្នុង​ហើយ​វា​ឈ្លោះ​គ្នា​ហ្នឹង អា​កន្លែង​ហ្នឹង​ណា ត្រង់​ឃុំ​ជ្រៃ​ហ្នឹង​ណា រឿង​ប្រដាល់​រឿង​អី​ថ្ងៃ​សៅរ៍​ថ្ងៃអាទិត្យ​ហ្នឹង​ណា ដល់​យើង​ទៅ​សិក្សា​ទៅ​អី​ទៅ យើង​មើលទៅ​គាត់​ឈ្លោះ​គ្នា …. មិនតិច​ដង​ទេ​ប៉ុន្តែ​យើង​ឃើញ​ថា​ឃើញ​គ្នា​អ៊ីចឹង​អើ ពោះធំ ពិការ ស្អីៗ​ហ្នឹង​គាត់​ទៅ​ឈរ​មើល​មិនដឹងថា​គាត់​អ៊ីចឹង​[​ភ្នាល់​គ្នា​] មែន​ឬក៏​អត់​? យើង​ក៏​សហការ​ជាមួយ​តុលាការ​អប់រំ​វិធានការណ៍​អប់រំ​អ៊ីចឹង​ទៅ​ណា យើង​មិន​ចង់​កំប៉ិកកំប៉ុក​យក​ទៅ​ដាក់គុក​ដាក់​ច្រវាក់​ទេ កូន​ខ្មែរ​ដូច​តែ​គ្នា​យើង​វា​មាន​វិធានការណ៍​ដោះស្រាយ ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​យើង​អប់រំ​ដោះស្រាយ​ទៅ​”​។​

​គួរបញ្ជាក់​ថា កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៥ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង លោក ប៉ោ វណ្ណៈ បាន​រង​ការចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ ករណី​យកប្រាក់​ពី​ឈ្មួញ​បើក​បន​ល្បែងស៊ីសង​ខុសច្បាប់​និង​ជម្រិត​ទារប្រាក់​ពី​ក្មេងៗ​ដែល​កងរាជអាវុធហត្ថ​ចោទប្រកាន់ថា​បាន​ប្រើប្រាស់​គ្រឿងញៀន​។ ទោះយ៉ាងណា លោក ប៉ោ វណ្ណៈ បាន​ច្រានចោល​ការចោទប្រកាន់​នេះ និង​អះអាងថា លោក​បាន​ខិតខំ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​៕

​សរសេ​មកកាន់​លោក ហ៊ុន សិរី​វឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com 

What Next?

Recent Articles