ដោយ ឡេង ម៉ាលី
2016-01-05
RFA

\
រឿងរ៉ាវសម្លាប់ជនជាតិវៀតណាម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅតែជាអង្គហេតុដែលអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ធ្វើសវនាការស្ដាប់សាក្សីនៅឡើយ។ សាក្សីដែលមកផ្ដល់សក្ខីកម្ម នៅថ្ងៃទី៥ មករា ជាអតីតយោធាជើងទឹកមួយរូប នៅក្នុងកងនាវាប្រដេញនៃកងពលខ្មែរក្រហម លេខ១៦៤។
សាក្សីដែលនៅលាក់អត្តសញ្ញាណ ហើយបង្ហាញតែលេខកូដថា 2TCW-1000 ថ្លែងបញ្ជាក់មេធាវីការពារក្ដីជនជាប់ចោទ នួន ជា ជាថ្មីនៅព្រឹកថ្ងៃទី៥ មករា អំពីហេតុការណ៍សម្លាប់ជនជាតិវៀតណាម នៅកោះពូលូវ៉ៃ៖ «ក្រុមកងពិសេស វីរសេនាតូចហ្នឹងទេ ជាអ្នកធ្វើឃាត ហើយកាលនោះខ្ញុំក៏នៅជិតហ្នឹងដែរ ហើយឃើញរូបភាពនេះពិតប្រាកដមែន។ តែខ្ញុំមិននៅចងចាំឈ្មោះទេ ប្រហែលជាអ្នកទាំងនោះភាគច្រើនបាត់បង់ជីវិតដែរ។ បញ្ជាការវរសេនាតូចនោះ ឈ្មោះបង យឺន ហើយនៅប្រធានក្រុមពិសេសនោះ ឈ្មោះ ហាន»។
អតីតយោធាជើងទឹករូបនេះ ជម្រាបអង្គជំនុំជម្រះសាលាដំបូងថា ជនបរទេសទាំងឡាយណា ដែលចូលមកក្នុងដែនទឹករបស់កម្ពុជា គឺត្រូវតែដេញចាប់ឱ្យបាន។ ក្នុងនោះមានជនជាតិថៃ ជាអ្នកនេសាទ និងជនជាតិវៀតណាម ដែលជាអ្នកនេសាទ និងអ្នករត់ឆ្លងដែនទៅប្រទេសថៃ។
សាក្សីរូបនេះបញ្ជាក់ទៀតថា មានជនជាតិវៀតណាម ជាច្រើន ត្រូវបានកងទ័ពជើងទឹកខ្មែរក្រហមចាប់បាន និងបញ្ជូនមកក្រុងកំពង់សោម។ លោកថា ពេលចាប់បានជនជាតិវៀតណាម ច្រើននាក់ គឺធ្វើតាមបញ្ជាឱ្យបញ្ជូនមកដីគោក តាមផែរាម និងអូរឈើទាល។ ឯពេលខ្លះទៀត ជនជាតិវៀតណាម តិច ត្រូវកងទ័ពជើងទឹកសម្លាប់នៅតាមកោះ៖ «អ្វីក៏បញ្ជាតាមជាន់ថ្នាក់មក។ បញ្ជាតាមជាន់ថ្នាក់ បានខាងយោធាធ្វើ។ អ៊ីចឹងមិនមែនធ្វើម្ចាស់ការប្រធានវរសេនាតូចហ្នឹងអត់ទេ។ ទាល់តែបញ្ជាពីលើមកបានគេហ៊ានធ្វើ។ បើគេអត់បញ្ចាមក មានតែបញ្ជូនទៅដីគោក។ បញ្ជាវរសេនាតូច ឈ្មោះ តា យឺន គាត់អ្នកបញ្ជាផ្ទាល់ ព្រោះខាងលើបានអនុញ្ញាតឱ្យហើយ បានគាត់បញ្ជាឱ្យយោធាធ្វើ»។
លោកឱ្យដឹងថា ជនជាតិវៀតណាម ដែលកងទ័ពជើងទឹកខ្មែរក្រហមចាប់បានច្រើន គឺនៅក្នុងអំឡុងឆ្នាំ១៩៧៧។
លោកអះអាងថា លោកជាអ្នកបាញ់ទម្លាក់យន្តសហរដ្ឋអាមេរិក នៅលើកោះតាង ក្នុងពេលប្រយុទ្ធគ្នា និងចាប់កប៉ាល់ម៉ាយ៉ាហ្គេស (Mayaguez)។ កងទ័ពជើងទឹកក្នុងកងពលលេខ ១៦៤ ជាកងទ័ពរបស់មជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា ដែលមានឈ្មោះ មាស មុត ជាមេបញ្ជាការ។ ទាក់ទងនឹងការសម្លាប់មនុស្សដោយកងទ័ពជើងទឹកនេះ លោក មាស មុត ត្រូវបានសហចៅក្រមអន្តរជាតិដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេត ក្នុងសំណុំរឿង ០០៣។
ក្រោយការបញ្ចប់សក្ខីកម្មសាក្សី 2TCW-1000 អង្គជំនុំជម្រះបន្តស្ដាប់សាក្សីថ្មីមួយរូបទៀត ទាក់ទងនឹងការប្រព្រឹត្តចំពោះជនជាតិវៀតណាម នៅខេត្តព្រៃវែង ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សាក្សី ថេង ផល កើតនៅភូមិពោធិ៍ចិនដាំ ឃុំស្វាយអន្ទ ស្រុកព្រៃវែង ខេត្តព្រៃវែង។ សព្វថ្ងៃនៅខេត្តព្រៃវែង។ សាក្សីរូបនេះ ជម្រាបអង្គជំនុំជម្រះថា ក្នុងរបបខ្មែរក្រហមគ្រប់គ្រងអំណាច មានពលរដ្ឋជាជនជាតិវៀតណាម ៣ឃុំ នៅក្នុងឃុំរបស់លោក៖ «ប្ដីប្រពន្ធទីមួយ គឺ ឡាច នី មានប្រពន្ធជាវៀតណាម។ ទីពីរ អឿន មានប្ដីជាវៀតណាមម្ដង។ ឈ្មោះ ជុយ ប្ដី។ ឡាច នី ខ្ញុំមិនសូវស្គាល់បានទេប្រពន្ធ ខ្ញុំមិនសូវស្គាល់ឈ្មោះទេ។ មួយទៀត ង៉ាង ត្រូវជាប្ដីរបស់យាយ តិច នៅភូមិជាមួយគ្នាហ្នឹង»។
សក្ខីកម្មរបស់សាក្សី ថេង ផល ទើបតែចាប់ផ្ដើមបានបន្តិចទេ។ ប្រធានអង្គជំនុំជម្រះលោកចៅក្រម និល ណុន ប្រកាសថា អង្គជំនុំជម្រះនឹងស្ដាប់សាក្សី ថេង ផល បន្តទៀត នៅព្រឹកថ្ងៃពុធ ទី៦ មករា។ បន្ទាប់ពីលោក ថេង ផល អង្គជំនុំជម្រះគ្រោងស្ដាប់សាក្សីថ្មីមួយរូបទៀត ទាក់ទងនឹងការប្រព្រឹត្តលើក្រុមគោលដៅជាក់លាក់ គឺក្រុមជនជាតិចាមវិញម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាក្ដីខ្មែរក្រហមបដិសេធសំណើសុំកោះហៅលោក ហ៊ុន សែន ធ្វើជាសាក្សី
- ការវិវឌ្ឍន៍នៃសំណុំរឿងក្ដីខ្មែរក្រហមលេខ ០០៣ និង ០០៤
- សាលាក្ដីខ្មែរក្រហមបិទបញ្ចប់កិច្ចស៊ើបសួរជនសង្ស័យ អ៊ឹម ចែម
- អតីតយោធាជើងទឹកមួយរូបនិយាយពីការសម្លាប់ជនជាតិវៀតណាមនៅសមុទ្រ
- សាលាក្ដីខ្មែរក្រហមបន្តសវនាការរឿងសម្លាប់ជនជាតិវៀតណាមនៅខេត្តសៀមរាប
- សាលាក្ដីខ្មែរក្រហមបន្តសវនាការរឿងសម្លាប់ជនជាតិវៀតណាមនៅស្វាយរៀង
- សាលាក្ដីខ្មែរក្រហមបន្តសវនាការស្របពេលកំពុងប្រឈមនឹងខ្វះសាក្សី
- សាក្សីថាឃើញពួកខ្មែរក្រហមសម្លាប់ជនជាតិវៀតណាមយកប្រមាត់នៅសៀមរាប
- សាក្សីនៅសាលាដំបូងអះអាងអំពីការសម្លាប់ជនជាតិវៀតណាមនៅខេត្តបាត់ដំបង
យួនសម្លាប់ខ្មែររាប់ម៉ឺននាក់គ្មាននណាហានលើកយកមកនិយាយសោះ។