ដោយ អ៊ុំ រង្សី
2016-01-05
RFA

អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត (ស្ដាំ) និងប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក នី ចរិយា ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥។ Photo: RFA
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញរបាយការណ៍ប្រចាំឆ្នាំសម្រាប់នៅរាជធានីភ្នំពេញថា បទល្មើសព្រហ្មទណ្ឌកើតឡើងនៅឆ្នាំ២០១៥ មានការថយចុះ បើធៀបទៅនឹងឆ្នាំ២០១៤។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការថយចុះនេះនៅតែជាចំនួនតិចតួចនៅឡើយ ដោយគេជំរុញឲ្យសមត្ថកិច្ចត្រូវតែចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់បន្ថែមទៀត។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា ការថយចុះបទល្មើសព្រហ្មទណ្ឌនៅភ្នំពេញ ឆ្នាំ២០១៥ នៅតែថយចុះតិចតួចនៅឡើយនេះ នៅតែជាក្ដីបារម្ភរបស់ប្រជាពលរដ្ឋពីបញ្ហាអសន្តិសុខ។
មន្ត្រីសង្គមស៊ីវិល ទទូចឲ្យសមត្ថកិច្ចត្រូវតែអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បីកុំឲ្យមានអំពើអយុត្តិធម៌ និងបញ្ហាអសន្តិសុខកើតឡើងនៅក្នុងសង្គមបន្តទៀត។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា បទល្មើសនៅតែកើតឡើងច្រើនដដែលនេះ បណ្ដាលមកពីកត្តាគ្រឿងញៀន កម្លាំងសមត្ថកិច្ចមានចំនួនតិច កត្តាអត់ការងារធ្វើរបស់ប្រជាពលរដ្ឋ និងការអនុវត្តគោនយោបាយភូមិឃុំមានសុវត្ថិភាព មិនទាន់មានប្រសិទ្ធភាពជាដើម។
ការលើកឡើងរបស់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅពេលនេះ ធ្វើឡើងបន្ទាប់ពីអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជូន សុវណ្ណ បានបង្ហាញរបាយការណ៍ថា នៅភ្នំពេញ មានបទល្មើសព្រហ្មទណ្ឌកើតឡើងមានចំនួន ៧៦៥លើក ថយចុះ ៧៩លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤។ ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌដែលកើតមានចំនួន ៧៦៥លើកនោះ មានបទល្មើសឧក្រិដ្ឋកើតឡើងចំនួន ១៨១លើក ថយចុះ ៨លើក ហើយបទល្មើសមជ្ឈិម ៥៨៤លើក ថយចុះបាន ៧១លើក។
ការបង្ហាញនេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រជុំបូកសរុបដកបទពិសោធន៍ សភាពការណ៍ លទ្ធផលប្រតិបត្តិការបង្ការបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងសណ្ដាប់ធ្នាប់ចរាចរណ៍ ប្រចាំឆ្នាំ២០១៥ របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមករា។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ទៀតថា តួលេខនេះនៅតែថយចុះតិចតួច។ ជាក់ស្ដែងបទល្មើសព្រហ្មទណ្ឌ ដូចជាករណីប្លន់ ករណីចោរកម្មជាដើម នៅតែជាក្ដីបារម្ភនៅឡើយ។ លោកថា កន្លងមក ទោះជារដ្ឋាភិបាលអះអាងថា បទល្មើសព្រហ្មទណ្ឌកើតឡើងដោយសារតែមានការដោះលែងទណ្ឌិតក្ដី ប៉ុន្តែលោកថា នៅមានកត្តាជាច្រើនទៀត ដែលបណ្ដាលឲ្យមានបទល្មើសព្រហ្មទណ្ឌកើតឡើង។
លោក អំ សំអាត យល់ថា ដើម្បីឲ្យការបង្ក្រាបបទល្មើសព្រហ្មទណ្ឌមានប្រសិទ្ធភាព លោកជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាទីផ្សារការងាររបស់ពលរដ្ឋ ព្រមទាំងពង្រឹងសមត្ថភាពរបស់កងកម្លាំងសមត្ថកិច្ចក្នុងការងារអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន និងបំបាត់អំពើពុករលួយនៅប្រព័ន្ធតុលាការ៖ «ត្រូវតែបន្ថែមនៅកងកម្លាំងសមត្ថកិច្ចតាមប៉ុស្តិ៍ឲ្យបានច្រើន។ មធ្យោបាយធ្វើដំណើររបស់សមត្ថកិច្ចពង្រឹងសមត្ថភាពរបស់គាត់ឲ្យបានប្រសើរ ព្រមទាំងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព»។
ចំណែកឯប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី ចរិយា មានប្រសាសន៍ថា ទោះជាការថយចុះនៃបទល្មើសព្រហ្មទណ្ឌបង្ហាញថា ជាសញ្ញាវិជ្ជមានក្ដី ប៉ុន្តែចំនួននេះគ្រាន់តែនៅភ្នំពេញ ប៉ុណ្ណោះ ដោយឡែកថ្មីៗនេះ ករណីប្លន់បានរីករាលដាលទៅបណ្ដាខេត្តជាច្រើនទូទាំងប្រទេសកម្ពុជា។
លោកយល់ថា មានតែការអនុវត្តច្បាប់របស់តុលាការឲ្យមានប្រសិទ្ធភាពប៉ុណ្ណោះ ទើបករណីបទល្មើសព្រហ្មទណ្ឌថយចុះទាំងស្រុងបាន៖ «ប្រសិនបើតុលាការយើងនៅតែមិនទាន់មានឯករាជ្យភាព ហើយនៅតែទទួលរងការរិះគន់ថា អត់តម្លាភាព នឹងមិនអាចរួមចំណែកអីជួយទប់ស្កាត់បទល្មើសព្រហ្មទណ្ឌនោះឡើយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ ដើម្បីសុំបំភ្លឺបន្ថែមជុំវិញករណីនេះបាននៅឡើយ នៅថ្ងៃទី៥ ខែមករា។ ប៉ុន្តែក្នុងពិធីប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៥ លោក ជួន សុវណ្ណ បានបញ្ជាក់ទៀតថា សមត្ថកិច្ចរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានចំនួន ៥៧០ករណី ស្មើនឹង ៧៤,៥០% នៃបទល្មើសរួម។ ឃាត់ជនល្មើសបានចំនួន ៨១៦នាក់ ក្នុងនោះបទល្មើសឧក្រិដ្ឋ ១១២ករណី ឃាត់ខ្លួន ២០៦នាក់ និងបទល្មើសមជ្ឈិមមាន ៤៥៨ករណី ឃាត់ខ្លួនបាន ៦១០នាក់។
ទោះបីជាយ៉ាងនេះក្ដី អ្នកការពារសិទ្ធិមនុស្សនៅតែទទូចឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវតែទប់ស្កាត់ការចរាចរអាវុធខុសច្បាប់ និងការដាក់ទោសចំពោះជនល្មើសដែលប្រើប្រាស់អាវុធបាញ់សម្លាប់ មនុស្សក្រៅប្រព័ន្ធច្បាប់ឲ្យបាន បើពុំនោះទេ សកម្មភាពប្លន់ ឬការប្រមាថអាយុជីវិតមនុស្សនៅតែប្រឈមដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនិងសង្គមស៊ីវិលស្នើពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពក្នុងឆ្នាំថ្មី
- លោក ស ខេង ជំរុញឲ្យអភិបាលថ្មីខេត្តស្ទឹងត្រែងទប់ស្កាត់បទល្មើសព្រៃឈើនិងចោរកម្ម
- សមត្ថកិច្ចអះអាងថាបានកំណត់មុខសញ្ញាជនល្មើសឆក់ប្លន់ដើម្បីឈានដល់ការបង្ក្រាប
- មន្ត្រីសិទ្ធិមនុស្សបារម្ភបញ្ហាអសន្តិសុខរបស់ពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ
- សង្គមស៊ីវិលថារដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តច្បាប់ទើបបង្កឲ្យមានអំពើប្លន់ប្រដាប់អាវុធ
- កម្ពុជារឹតបន្តឹងសន្តិសុខខណៈដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីរុស្ស៊ីជិតមកដល់
- ក្រសួងមហាផ្ទៃបញ្ជាឲ្យអាជ្ញាធរពង្រឹងការការពារសុវត្ថិភាពអ្នកនយោបាយគ្រប់និន្នាការ
- ជនជាតិដើមភាគតិចនៅមណ្ឌលគិរីបារម្ភពីអំពើចោរកម្មដោយសារល្បែងស៊ីសង
- ពលរដ្ឋឃុំដាក់ដាំខេត្តមណ្ឌលគិរីចោទនាយប៉ូលិសថាមិនបំពេញភារកិច្ចបម្រើរាស្ត្រ