ដោយ សាន សែល
2016-01-05
RFA

មណ្ឌលអប់រំកែប្រែទី១ ឬពន្ធនាគារព្រៃស។ រូបថតថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៤ (RFA/Uon Chhin)
មន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារបដិសេធថា ការដំឡើងសក្ដិមន្ត្រីពន្ធនាគារ មិនមានអំពើពុករលួយចូលលូកឡំទេ។ ប្រតិកម្មតបរបស់មន្ត្រីរូបនេះ កើតឡើងបន្ទាប់ពីមានការរិះគន់ថា មន្ត្រីពន្ធនាគារខ្លះមិនបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ តែបានទទួលការដំឡើងឋានន្តរសក្ដិ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា ឆ្លើយតបថា នីតិវិធីនៃការដំឡើងសក្ដិរបស់មន្ត្រីពន្ធនាគារ ធ្វើឡើងដោយសុចរិតតាមច្បាប់។ លោកបន្ថែមថា ការដំឡើងឋានន្តរសក្ដិកម្រិតសក្ដិ៤ ដែលគេហៅថា វរអគ្គានុរក្សថ្នាក់លេខ៣ ដល់មន្ត្រីពន្ធនាគារដែលមានសញ្ញាប័ត្របរិញ្ញាបត្រ និងបទពិសោធន៍ការងារគ្រប់គ្រាន់ គឺមិនមានពាក់ព័ន្ធរឿងពុករលួយនោះទេ។
លោក នុត សាវនា៖ «ខ្ញុំគិតថា រឿងនេះគួរមានការស្រាវជ្រាវឲ្យច្បាស់លាស់ ពីព្រោះថា បើសិនជាមិនមានបណ្ដឹងសាទុក្ខផ្លូវការមកក្រសួងទេ គ្រាន់តែជាការលើកឡើងក្រៅផ្លូវការ នេះវាពិបាកដែរ។ ប្រសិនបើគាត់មិនពេញចិត្តរឿងអី ឲ្យគាត់ធ្វើលិខិតជាផ្លូវការមក ស្រួលក្រុមការងារអាចស្រាវជ្រាវបាន»។
លោក នុត សាវនា ប្រតិកម្មតបបែបនេះ បន្ទាប់ពីមន្ត្រីពន្ធនាគារម្នាក់បានលើកឡើងថា ការតែងតាំងដំឡើងសក្ដិ៤ ដល់មន្ត្រីពន្ធនាគារមានភាពមិនប្រក្រតី។
លិខិតរបស់មន្ត្រីពន្ធនាគារសុំមិនបញ្ចេញឈ្មោះ ដែលវិទ្យុអាស៊ីសេរី ទទួលបានសរសេរថា មន្ត្រីពន្ធនាគារ អ្នកខ្លះមិនទាន់មានសញ្ញាប័ត្រថ្នាក់បរិញ្ញាបត្រ ឬមិនបានរៀនចប់បរិញ្ញាបត្រ ប៉ុន្តែទទួលបានការដំឡើងសក្ដិដែរ។
អតីតប្រធានមណ្ឌលអប់រំកែប្រែទី៣ (ត្រពាំងផ្លុង) ស្ថិតក្នុងខេត្តកំពង់ចាម លោក គៀ សុវណ្ណា ថ្លែងថា នៅពន្ធនាគារលោកបានបញ្ចប់ដំណើរការដំឡើងឋានន្តរសក្ដិអស់ហើយ មុនពេលលោកផ្លាស់មកកន្លែងថ្មី។ លោក សុវណ្ណា ដែលត្រូវបានគេផ្លាស់មកឲ្យធ្វើការនៅក្រសួងមហាផ្ទៃ ជាអនុប្រធាននាយកដ្ឋានប្រតិបត្តិ ឲ្យដឹងថា កាលលោកនៅជាអ្នកគ្រប់គ្រងនៅមណ្ឌលអប់រំកែប្រែទី៣ គ្មានអំពើពុករលួយកើតឡើងក្នុងការដំឡើងសក្ដិជូនមន្ត្រីពន្ធនាគារនោះទ៖ «ឥឡូវ រៀនបរិញ្ញាចប់ ក៏អត់បានបំពាក់សក្ដិ៤ដែរ ទាល់តែមានបទពិសោធន៍ការងារទៀត»។
យ៉ាងណាក៏ដោយ អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់ថា រឿងពុករលួយនៅពេលមានការដំឡើងសក្ដិ វាសឹងក្លាយជាប្រពៃណីទៅហើយនៅក្នុងស្ថាប័នរដ្ឋាភិបាល៖ «អាហ្នឹង ខ្ញុំមើលទៅវាមិនសូវខុសគ្នាទេ ស្ថាប័នរដ្ឋមានបក្សពួកអីហ្នឹង ឡើងឋានន្តរសក្ដិលឿនជាងអ្នកដែលមានសញ្ញាប័ត្រ មានបច្ចេកទេសត្រឹមត្រូវ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៥ មករា ដើម្បីសុំការបកស្រាយបានឡើយ។
លិខិតរបស់អ្នកស្ដាប់នេះ បានបញ្ជាក់ថា ប្រសិនបើមន្ត្រីពន្ធនាគារទទួលបានការដំឡើងឋានន្តរសក្ដិនឹងទទួលបានប្រាក់បៀវត្សរ៍ចំនួន ៩២ម៉ឺនរៀល ដែលមន្ត្រីធម្មតាទទួលបានប្រាក់ខែត្រឹមតែ ៧០ម៉ឺនរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលថាលោក ឱម យ៉ិនទៀង គួរបង្ហាញរបាយការណ៍អំពើពុករលួយល្អជាងសុំទោស
- ពាក្យបណ្ដឹងរឿងពុករលួយក្នុងឆ្នាំ២០១៥ថយចុះ
- ពលរដ្ឋស្រុកសៀមប៉ាងចោទមេបញ្ជាការវរការពារព្រំដែនថាជំរិតទារប្រាក់ពីអ្នកភូមិ
- ប្ដីប្រពន្ធគ្រូបង្រៀនពីរនាក់នៅស្ទឹងត្រែងស្នើស៊ើបអង្កេតករណីប្រធានមន្ទីរលុបឈ្មោះពួកគាត់
- លោក ហ៊ុន ម៉ាណែត ស្នើឲ្យផ្ដល់ដំណឹងទាក់ទងនឹងភាពមិនប្រក្រតីនៃការប្រឡងធ្វើកងទ័ព
- ក្រសួងបញ្ចប់ការស៊ើបអង្កេតបណ្ដឹងចោទប្រធានពន្ធនាគារខេត្តរតនគិរីជុំវិញរឿងអាស្រូវ
- សង្គមស៊ីវិលស្នើឲ្យធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងច្បាប់ប្រឆាំងអំពើពុករលួយ
- ក្រសួងមហាផ្ទៃប្រតិកម្មនឹងសម្ដីលោក ឱម យ៉ិនទៀង រឿងអំពើពុករលួយ
- ពលរដ្ឋស្រុកមេមត់ចោទសន្តិសុខយាមដីក្រុមហ៊ុនម៉ែនសារុនថាទារប្រាក់ពីរថយន្តដឹកដំឡូងមី