ដោយ៖ ពៅ មេត្តា | ថ្ងៃពុធ ទី6 មករា 2016, 04:57 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
កម្លាំងសមត្ថកិច្ចជាង១០០០នាក់ត្រូវបានដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗជាង១៧០កន្លែងដើម្បីតាមដាននិងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ថ្មីចាប់ពីដើមខែមករាឆ្នាំ២០១៦នេះ។ ការអនុវត្តច្បាប់ថ្មីនេះគឺរដ្ឋាភិបាលចង់កាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយចំនួនអ្នកស្លាប់ និងរក្សាសណ្តាប់ធ្នាប់នៅតាមដងផ្លូវ។
ដោយសារច្បាប់ចរាចរណ៍ថ្មីបង្កើនការផាកពិន័យច្រើនជាងច្បាប់ចាស់៥ដងនាំឲ្យមានប្រតិកម្មពីមជ្ឈដ្ឋាននានា។ ប្រតិកម្មពីមជ្ឈដ្ឋានទាំងនោះជាកត្តាជំរុញរដ្ឋាភិបាលសម្រេចផ្អាកការអនុវត្តលើចំណុចមួយចំនួននៃច្បាប់នេះ។
ក្រសួងមហាផ្ទៃបានសម្រេចផ្អាកការផាកពិន័យលើអ្នកជិះម៉ូតូមិនមានប័ណ្ណបើកបរ។ ទាំងលោកនាយករដ្ឋមន្ត្រីនិងមន្ត្រីពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះបានអំពាវនាវម្តងហើយម្តងទៀតសូមឲ្យប្រជាពលរដ្ឋមានការយោគយល់និងអត់ធ្មត់ ចំពោះការអនុវត្តច្បាប់នេះដើម្បីទុកលទ្ធភាពឲ្យរដ្ឋាភិបាលបានពិនិត្យនិងកែរតម្រូវលើចំណុចដែលមានការប្រឈមខ្លាំង។
តាមរបាយការណ៍របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូនគឺបច្ចុប្បន្ននៅទូទាំងប្រទេសមានរថយន្តជាង៨សែន២ម៉ីនគ្រឿង និងម៉ូតូមានជាង២លាន៧សែនគ្រឿង។ ប៉ុន្តែអ្នកបើកបររថយន្តនិងម៉ូតូមានប័ណ្ណបើកបរតែជិត១លាននាក់តែប៉ុណ្ណោះ ចំណុចនេះពេលដែលរដ្ឋាភិបាលរឹតបន្តឹងលើអ្នកមិនមានប័ណ្ណបើកបរនោះនាំឲ្យមានប្រតិកម្មរិះគន់កើតឡើងចំណែកពលរដ្ឋមួយចំនួនទៀតសំរុកទៅធ្វើប័ណ្ណបើកបរប្រជ្រៀតគ្នា។
តើជាកម្សោយរដ្ឋឬពលរដ្ឋដែលបង្កឧបសគ្គក្នុងការអនុវត្តច្បាប់ចរាចរណ៍ថ្មី?
អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃលោក ឡុង ធូ មានប្រសាសន៍ថា ការរឹតបន្តឹងការផាកពិន័យគឺរដ្ឋាភិបាលមិនចង់យកលុយពីប្រជាពលរដ្ឋទេគ្រាន់តែចង់ឲ្យមានការគោរពច្បាប់។ លោកបន្តថា ក្រសួងបានធ្វើយុទ្ធនាការអប់រំពីការអនុវត្តច្បាប់ថ្មីនេះរយៈពេល១ឆ្នាំហើយតែពលរដ្ឋមិនសូវបានយកចិត្តទុកដាក់ទើបមានប្រតិកម្មកើតឡើង។ លោកបន្តថា៖ “ប្រតិកម្មរបស់ប្រជាពលរដ្ឋលឿនហួសនៅពេលដែលយើងអប់រំមួយឆ្នាំនេះគាត់មិនសូវយកចិត្តទុកដាក់ទេបើបើកទូរទស្សន៍មើលតែរឿងបើកវិទ្យុប៉ះផ្សាយពាណិជ្ជកម្មប្រែន! ”។
អ្នកជ្រាវស្រាវមួយចំនួនក៏ធ្លាប់លើកឡើងដែរពលរដ្ឋខ្មែរមិនសូវចូលចិត្តអានឬតាមដានព័ត៌មានដែលកើតមានឡើងនៅក្នុងសង្គមទេទើបធ្វើឲ្យពួកគេមិនសូវបានដឹងពីច្បាប់ឬគោលនយោបាយថ្មីៗរបស់រដ្ឋាភិបាល។
នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍លោក អ៊ា ចរិយា លើកឡើងថាមូលហេតុសំខាន់នៃឧបសគ្គក្នុងការអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះគឺប្រជាពលរដ្ឋមិនសូវបានយល់ពីអត្ថន័យនិងសារៈសំខាន់នៃច្បាប់។ លោក ចរិយា យល់ថាពលរដ្ឋមិនសូវយល់ដឹងនេះមូលហេតុសំខាន់មិនមែនពលរដ្ឋមិនយកចិត្តទុកដាក់ទេគឺមកពីការអប់រំផ្សព្វផ្សាយនោះបានតិចតួចពេក។ លោកបន្ថែមទៀតថា៖ “ប្រជាពលរដ្ឋនៅតាមជនបទមិនដល់១០%ផងដែលយល់ដឹងពីផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ។ ចឹងយើងមិនអាចបន្ទោសគាត់បានទេដូចជាការអប់រំនៅតាមសាលារៀនតាំងពីថ្នាក់បឋមដល់ថ្នាក់មហាវិទ្យាល័យការអប់រំពីច្បាប់ចរាចរណ៍ផ្លាកសញ្ញាចរាចរណ៍តិចតួចបំផុត”។
លោក អ៊ា ចរិយា គត់សម្គាល់ដែរថាអ្នកបើកបរមួយចំនួនដែលទទួលបានប័ណ្ណបើកបរដែលមិនឆ្លងកាត់នីវិធីត្រឹមត្រូវក៏នៅតែមិនសូវបានយល់ពីច្បាប់ដែរ។ លោកបន្តទៀតថា៖ ”ប្រជាពលរដ្ឋដែលមានប័ណ្ណបើកបរក៏មានចំនួនតិចមានខ្ទង់២០%។ មនុស្សមួយចំនួនច្រើនដែលមានប័ណ្ណបើកបរហ្នឹងបានតាមនីតិវិធីខុសមិនត្រឹមត្រូវទៀតចឹងបានន័យថាអ្នកមានប័ណ្ណបើកបរ ភាគច្រើននៅតែអត់ទាន់យល់ដែរ”។
អំពើពុករលួយជាបញ្ហាចម្បងមួយដែលកំពុងកើតមាននៅតាមស្ថាប័នរដ្ឋ។ ប័ណ្ណបើកបរមួយចំនួនគឺអ្នកបើកបរអាចទិញបានដោយមិនចាំបាច់ឆ្លងកាត់ការបណ្តុះបណ្តាលឬប្រឡងត្រឹមត្រូវទេ។
នៅចុងឆ្នាំ២០១៥កន្លងទៅនេះប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យឹមទៀង ក៏ធ្លាប់លើកឡើងដែរក្រសួងមហាផ្ទៃជាក្រសួងដែលមានការប្រព្រឹត្តអំពើពុករលួយច្រើនជាងគេក្នុងចំណោមស្ថាប័នផ្សេងៗទៀត។
នៅតាមបណ្តាញសង្គមហ្វេសបុកអ្នកបើកបរក៏ធ្លាប់លើកឡើងរិះគន់ករណីមន្ត្រីនគរបាលផាកពិន័យលើសចំនួនកំណត់ឬផាកពិន័យមិនមានវិក័យបត្រជាដើមដែលពួកគេចោទថានេះជាអំពើពុករលួយរហូតដល់ពលរដ្ឋខ្លះហៅសមត្ថកិច្ចថាចាប់ជំរិត មិនមែនចាប់ផាកពិន័យនោះទេ។
បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សពី៥ទៅ៨នាក់រាល់ថ្ងៃហើយធ្វើឲ្យរដ្ឋាភិបាលខាតបង់ថវិកាជាតិរាប់លានដុល្លារក្នុង១ឆ្នាំៗ។
អ្នកវិភាគបញ្ហាសង្គមមួយចំនួនលើកឡើងថាការអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះគឺពាក់ព័ន្ធសំខាន់និងប្រជាប្រិយភាពគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាលគឺបើរៀបចំសណ្តាប់ធ្លាប់បានល្អមិនបង្កផលលំបាកដល់ពលរដ្ឋនោះនឹងអាចទាក់ទាញទឹកចិត្តពលរដ្ឋបានខ្លះវិញ។ ប៉ុន្តែបើការអនុវត្តច្បាប់នេះជាប់ពាក់ព័ន្ធអំពើពុករលួយឬនីតិវិធីអនុវត្តន៍មិនធ្វើទៅតាមលំដាប់បណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋនោះពលរដ្ឋកាន់តែដកសេចក្តីទុកចិត្តបន្ថែមទៀត។
សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com