ក្រសួង​ចាប់ផ្ដើម​ផ្ដល់​ប័ណ្ណ​បើកបរ​ម៉ូតូ​ចាប់ពី​ថ្ងៃនេះ​ទៅ​​

ដោយ៖​ កាន់ វិច្ឆិកា​ | ថ្ងៃពុធ ទី6 មករា 2016, 05:57 PM
http://vodhotnews.com

​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឲ្យដឹងថា ប្រជាពលរដ្ឋ​អាច​ទៅ​ដាក់​ពាក្យ​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ចាប់ពី​ថ្ងៃនេះ​តទៅ ក្រោយ​ពី​ប្រកាស​អន្តរក្រសួង​ស្ដីពី​ការកំណត់​តម្លៃ​ថ្មី​សម្រាប់​សេវា​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​។​

​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ផ្អាក​បណ្តោះអាសន្ន​ការធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ឡាន ក្រោយពី​លោក​បាន​ទទួល​ការ​ត្អូញត្អែរ​ពី​ប្រជាពលរដ្ឋ​តាមរយៈ​ហ្វេ​សប៊ុក​របស់​លោកថា តម្លៃ​ធ្វើ​ប័ណ្ណបើកបរ​ថ្លៃ​ពេក​។ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ពិនិត្យ​មើល​លទ្ធភាព​ក្នុងការ​បញ្ចុះ​តម្លៃ​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​នេះ​។​

​អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក ចាន់ តារា មានប្រសាសន៍ថា ក្រោយពី​មាន​ការប្រជុំ​ពិភាក្សា​គ្នា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​ប្រកាស​រួម​មួយ​ដើម្បី​កំណត់​តម្លៃ និង​នីតិវិធី​ថ្មី​ក្នុង​ការធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​។ លោក​ថា ក្រោយ​ពី​ប្រកាស​អន្តរក្រសួង​នេះ​ត្រូវបាន​ប្រកាស​នៅ​ថ្ងៃនេះ ប្រជាពលរដ្ឋ​អាច​ទៅ​ដាក់​ពាក្យ ដើម្បី​ប្រឡង​យក​ប័ណ្ណបើកបរ​ម៉ូតូ​បាន ដោយយោង​តាម​តម្លៃ ​និង​នីតិវិធី​ថ្មី​ដែល​បាន​កំណត់​នៅក្នុង​ប្រកាស​នោះ ដោយ​មិន​មាន​ការ​យក​តម្លៃលើស​ឡើយ​។​

​លោក​មានប្រសាសន៍ថា​៖ “​តម្លៃ​សេវា​សាធារណៈ​គឺ​បិទ​ផ្សាយ​គ្រប់កន្លែង​ទាំងអស់​ដែល​ទទួល​សេវា​ហ្នឹង ឥឡូវ​មែនទែន​បងប្អូន​ប្រជាពលរដ្ឋ​ដឹង​គ្រប់គ្នា ដឹងថា​២៥០០០​រៀល បើសិន​ជា​អ្នក​ណា​ហ៊ាន​ទារលុយ​លើស​យើង​មាន​សិទ្ធិ​ប្តឹង ប្តឹង​ទៅ​គ្រប់កន្លែង​ដែល​អាច​ធ្វើទៅបាន ទី​១​គឺ​អង្គភាព​ដែល​អនុវត្ត​ផ្ទាល់​ហ្នឹង មាន​ទំនាក់ទំនង​មន្ត្រី​ណា​ដែល​ទទួលខុសត្រូវ​ព័ត៌មាន​ហ្នឹង​លោក​អាចដាក់​ប្តឹង​ទៅ​បាន ទី​២​អាចដាក់​ប្តឹង​ទៅ​បាន​តាម​ប្រព័ន្ធ​ព័ត៌មាន​ក្តី តាម​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏​អាច​ដាក់​ទៅបាន ដាក់​ទៅ បើ​មិន​ហ៊ាន​ទៅ​ខ្លួនឯង ដាក់​សំបុត្រ​ចោល​ទៅ ប្តឹង​ទៅ​បុគ្គល​ណាមួយ​ធ្វើ​ឥ​ចឹង ដើម្បី​យើង​មាន​វិធានការ​ផ្លូវច្បាប់​”​។​

​ប្រធាន​អង្គភាព​ផ្តល់​ប័ណ្ណ​បើកបរ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក មាស ចន្ថា មានប្រសាសន៍ថា ទីតាំង​នៃ​ការធ្វើ​ប័ណ្ណបើកបរ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​៣​គឺ​នៅ​អង្គភាព​ផ្តល់​ប័ណ្ណបើកបរ   ក្រុមហ៊ុន​ហុងដា (NCX) និង​មន្ទីរ​សាធារណៈការ​។ លោក​បន្ថែមថា  សម្រាប់​ការធ្វើ​ប័ណ្ណបើកបរ​ថ្មី​គឺ​មិន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​រៀន​នោះទេ គឺ​មក​ប្រឡង​យក​តែ​ម្តង​។ ទោះជា​យ៉ាងណា លោក​ថា អង្គភាព​របស់​លោក​នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ចុះ​បង្រៀន និង​អប់រំ​ពី​ច្បាប់​ចរាចរ​នៅតាម​បណ្តា​សាលារៀន​ក្នុងពេល​ឆាប់ៗ​។​

​យោងតាម​ប្រកាស​រួម​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ បង្ហាញថា តម្លៃ​សាធារណៈ​លើ​ការប្រឡង​យក​ប័ណ្ណបើកបរ និង​ប្តូរ ពន្យារ ទុតិយ​តា តតិយតា ប័ណ្ណបើកបរ​ត្រូវបាន​ផ្លាស់ប្តូរ​។ ក្នុងនោះ សេវា​នីមួយៗ​ត្រូវ​បញ្ចុះ​មក​នៅ​តម្លៃ​ចាប់ពី​១០០០០​រៀល ទៅ​៣៥០០០​រៀល​៕

តារាងកំណត់​តម្លៃសេវាធ្វើ​ប័ណ្ណបើកបរម៉ូតូ នៅ​ក្នុង​ប្រកាសរួម​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន


​សរសេរ​មក​កញ្ញា កាន់ វិច្ឆិកា វិច្ឆិកា តាមរយៈ vicheika@vhotnews.com

What Next?

Recent Articles