ដោយ សូត សុខប្រាថ្នា
2016-01-06
RFA

ផែនទីខេត្តត្បូងឃ្មុំ (Photo: RFA)
ប្រជាពលរដ្ឋនៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ពិបាកធ្វើដំណើរឆ្លងកាត់ទៅប្រកបរបរធ្វើស្រែចម្ការ និងនេសាទត្រី នៅក្នុងភូមិ-ស្រុករបស់ខ្លួន។ ភាពលំបាកនោះ បន្ទាប់ពីផ្លូវដែលពួកគាត់ធ្វើដំណើរឆ្លងកាត់ជាប្រចាំ ត្រូវបានខាងក្រុមហ៊ុនចិន បិទមិនឲ្យពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានដូចកាលពីមុន។
ប្រជាពលរដ្ឋនៅភូមិជីទ្រុន ស្នើឲ្យអាជ្ញាធរជួយអន្តរាគមន៍ករណីក្រុមហ៊ុនចិន ឈ្មោះ ហាមីនីវេន អ៊ិនវេសមេន (Haminivent Investment) ដើម្បីបើកផ្លូវមួយខ្សែនៅចំណុចបឹងព្រែកឆ្លូង ឲ្យពលរដ្ឋអាចឆ្លងកាត់បានដូចដើមវិញ។ ពលរដ្ឋលើកឡើងថា ការបិទផ្លូវមួយខ្សែនោះ គឺធ្វើឲ្យប៉ះពាល់ដល់ការប្រកបរបរកសិកម្ម និងនេសាទ ដោយសារមិនអាចឆ្លងកាត់ទៅរកត្រីសាច់នៅបឹងព្រែកឆ្លូងបាន ព្រមទាំងមិនអាចឆ្លងកាត់ទៅតំបន់ដីសហគមន៍មួយចំនួនបានថែមទៀតផង។
ពលរដ្ឋនៅភូមិជីទ្រុន លោក ឃីម លាប មានប្រសាសន៍ថា ក្រុមហ៊ុនចិន បានបិទផ្លូវមួយខ្សែនោះប្រមាណពីរខែមកហើយ។ លោកបន្តថា ផ្លូវមួយខ្សែនោះ ពលរដ្ឋត្រូវឆ្លងកាត់ពីភូមិទៅធ្វើស្រែចម្ការ និងនេសាទ ព្រមទាំងជីកទំពាំងនៅតំបន់ដីសហគមន៍ ជាដើម៖ «ប្រជាពលរដ្ឋយើងហ្នឹងចង់ទាមទារដីសហគមន៍ និងដីមាត់ព្រែក។ ដល់អ៊ីចឹង មេភូមិគេហ្នឹងឲ្យចិន បិទផ្លូវកុំឲ្យប្រជាពលរដ្ឋដើរបាន»។
ផ្លូវឆ្លងកាត់តាមដីក្រុមហ៊ុនចិន ដែលកំពុងមានវិវាទពេលនេះ ត្រូវបានខាងក្រុមហ៊ុនចិន ឈូសឆាយឡើងសម្រាប់ធ្វើដំណើរកាលពីឆ្នាំ២០១១។ ការបិទផ្លូវ កើតឡើងក្រោយពេលប្រជាពលរដ្ឋទាមទារឲ្យក្រុមហ៊ុន បញ្ឈប់សកម្មភាពឈូសឆាយ ព្រមទាំងប្រគល់ដីសហគមន៍ប្រមាណ ២០ហិកតារតាមមាត់ព្រែកក្បែរនោះ ជូនអ្នកភូមិវិញកាលពីពេលកន្លងទៅ។
ពលរដ្ឋមួយរូបទៀត លោក ឆុង ជា អះអាងថា ត្បិតតែផ្លូវនោះ ក្រុមហ៊ុនចិន ជាអ្នកធ្វើក៏ដោយ ប៉ុន្តែក៏បានយល់ព្រមគ្នាថា អនុញ្ញាតឲ្យពលរដ្ឋនៅក្នុងភូមិឆ្លងកាត់ ឬប្រើប្រាស់បាន។ ទន្ទឹមគ្នានេះ ផ្លូវនោះបានជួយសម្រួលភាពងាយស្រួលដល់កសិករច្រើន ដូចជាអាចដឹកផលិតផលកសិកម្មចេញចូលពីភូមិទៅចម្ការ ហើយការបិទផ្លូវពេលនេះ បណ្ដាលឲ្យប៉ះពាល់ដល់ពលរដ្ឋនៅក្នុងភូមិប្រមាណ ២០០គ្រួសារ។ លោកបន្តថា ក្រោយពេលក្រុមហ៊ុនបិទផ្លូវ ពលរដ្ឋត្រូវធ្វើដំណើរតាមផ្លូវវាងផ្សេងៗ ដើម្បីទៅកាន់ដីស្រែចម្ការរបស់ខ្លួន ប៉ុន្តែមិនអាចដឹកផលិតផលអ្វីបានឡើយ ត្បិតអីក្រុមហ៊ុនបានជីកប្រឡាយធំៗ ហើយជ្រៅ ដែលធ្វើឲ្យអ្នកភូមិពិបាកឆ្លងកាត់៖ «ខ្ញុំឡើងទៅឃុំទៅស្រុកអី ខ្ញុំសុំឲ្យអាជ្ញាធររកដំណោះស្រាយឲ្យខ្ញុំ និងសុំឲ្យរដ្ឋាភិបាលជួយបើកផ្លូវហ្នឹង ដើម្បីឲ្យប្រជាពលរដ្ឋគ្នារកស៊ីផង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងទៅភាគីក្រុមហ៊ុនចិន ហាមីនីវេន អ៊ិនវេសមេន បានទេនៅថ្ងៃទី៥ មករា។
ដោយឡែកមេឃុំត្រពាំងព្រីង លោក មុំ សាប៊ុន មានប្រសាសន៍ថា លោកនៅមិនទាន់ទទួលបានព័ត៌មាននេះទេ ប៉ុន្តែលោកយល់ថា អាចខាងក្រុមហ៊ុនមិនអនុញ្ញាតឲ្យពលរដ្ឋណាដែលមិនស្គាល់មុខ ហើយនៅតំបន់ផ្សេងៗឆ្លងកាត់ប៉ុណ្ណោះ។ ចំណែកពលរដ្ឋនៅក្នុងភូមិតែម្តង គឺអាចឆ្លងកាត់ធម្មតា។ យ៉ាងណា លោកនឹងឲ្យសមត្ថកិច្ចចុះពិនិត្យបញ្ហានេះឲ្យបានច្បាស់បន្ថែមទៀត ដើម្បីចាត់វិធានការបន្ត៖ «កន្លងមកមានបិទខ្លះ ប៉ុន្តែការបិទហ្នឹងអ្នកទៅយកត្រពាំងនៅស្រុកឆ្ងាយ ឆ្លងកាត់តាមហ្នឹង គេបិទ ប៉ុន្តែអ្នកភូមិនៅហ្នឹងម៉ងដូចមិនដែលឮស្អី»។
ទាក់ទងបញ្ហានេះ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា ការបិទផ្លូវសាធារណៈរបស់រដ្ឋ គឺជារឿងខុសច្បាប់ ត្បិតអីផ្លូវនោះបានបម្រើប្រយោជន៍ឲ្យមនុស្សទូទៅ៖ «បើសិនផ្លូវរបស់រដ្ឋនៅតែបម្រើប្រយោជន៍សាធារណៈរបស់រដ្ឋ អ្នកបិទផ្លូវហ្នឹង គឺគាត់រំលោភច្បាប់ហើយ»។
លោកបន្ថែមថា អាជ្ញាធរដែនដី ឬមន្ត្រីពាក់ព័ន្ធ អាចអន្តរាគមន៍ដើម្បីឲ្យក្រុមហ៊ុនបើកផ្លូវឲ្យអ្នកភូមិអាចធ្វើដំណើរដូចដើមវិញបាន ពីព្រោះវាជាផ្លូវសាធារណៈរបស់រដ្ឋ។ លោកបារម្ភថា ការដោះស្រាយនឹងមិនអាចចេញជារូបរាង ប្រសិនបើវាប៉ះពាល់ដល់ប្រយោជន៍របស់ក្រុមហ៊ុន និងមន្ត្រីទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរខេត្តកំពង់ឆ្នាំងគ្រោងស្ថាបនាផ្លូវទៅតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ
- លោក ហ៊ុន សែន ប្រតិកម្មនឹងបក្សប្រឆាំងដែលរិះគន់ការដាក់ឈ្មោះស្ពានអាកាសថា៥មករា
- អ្នកវិភាគបញ្ហាសង្គមរិះគន់ការដាក់ឈ្មោះស្ពានអាកាសតិចណូថាជាស្ពានអាកាស៥មករា
- ពលរដ្ឋស្រុកព្រែកប្រសព្វខេត្តក្រចេះត្អូញត្អែរអំពីផ្លូវលំដីហុយប៉ះពាល់សុខភាព
- ពលរដ្ឋនៅខណ្ឌសែនសុខតវ៉ាទាមទារឲ្យឈ្មួញបើកផ្លូវសាធារណៈឡើងវិញ
- ពលរដ្ឋនៅសង្កាត់ព្រែកប្រាសុំអន្តរាគមន៍ពីអាជ្ញាធរបញ្ឈប់ឡានដឹកដីធ្វើឲ្យខូចផ្លូវ
- ពលរដ្ឋឃុំខ្វាវខេត្តសៀមរាបត្អូញត្អែររឿងដីហុយបណ្ដាលមកពីក្រុមហ៊ុនចិនបើកបរឡានធំៗ
- អ្នកភូមិលាងដៃខេត្តសៀមរាបធ្វើពិធីបែបបុរាណបួងសួងសុំឆ្លងផ្លូវស្ពានថ្មី
- ពលរដ្ឋជាង៤០០គ្រួសារនៅតំបន់ដាច់ស្រយាលខេត្តស្ទឹងត្រែងត្អូញត្អែរថាផ្លូវលំបាកធ្វើដំណើរ