ដោយ ឡេង ម៉ាលី
2016-01-06
RFA

អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម កំពុងបន្តសវនាការស្ដាប់សាក្សីនានា អំពីការសម្លាប់ជនជាតិវៀតណាម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សាក្សីនៅថ្ងៃទី៦ មករា បានឱ្យដឹងថា នៅខេត្តព្រៃវែង ក៏មានចាប់ខ្លួនយកទៅសម្លាប់ដែរ។
សាក្សី ថេង ផល ថ្លែងប្រាប់អង្គជំនុំជម្រះថា ជនជាតិវៀតណាម ដែលបានរៀបការជាមួយខ្មែរ ៣គ្រួសារ នៅក្នុងភូមិពោធិចិន្ដាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់ នៅដើមឆ្នាំ១៩៧៧។
លោក ថេង ផល បានរៀបរាប់អំពីហេតុការណ៍មេភូមិនាំជនជាតិវៀតណាម ដែលនៅក្នុងក្រុមជាមួយលោកម្នាក់ ឈ្មោះ ង៉ាំង ហើយបាត់ខ្លួនរហូត៖ «ពេលដែលប្រធានភូមិទៅហៅមក ពីកន្លែងកាប់រពាក់វិញនោះ គឺពេលនោះជាមួយគ្នាទាំងអស់។ អត់ដើរបែកគ្នាទេ គឺប្រធានភូមិដើរជួនកាលគាត់នៅកណ្ដាល ជួនកាលគាត់នៅមុខ ដើរបណ្ដើរកង់រហូតដល់ជិតកន្លែងសន្តិសុខ ទើបគាត់ថា អ្នកដែលនេះទៅមុនទៅ ទុកឱ្យ ង៉ាំង តច្រវាក់ឱ្យសិន។ ពេលនោះខ្ញុំក៏និយាយថា ឱ្យខ្ញុំតឱ្យ គាត់ថាមិនបាច់ទេ ទៅមុនចុះ! នាំគ្នាទៅមុនតិចៗ ទៅ ហើយរូបខ្ញុំក៏ដើរចេញមកមុនរហូតទៅ»។
លោកបន្តថា ពេលនោះហើយ ជនជាតិវៀតណាម ឈ្មោះ ង៉ាំង និងពីរនាក់ផ្សេងទៀត ដែលជាអ្នកបានរៀបការប្ដី និងប្រពន្ធជាមួយជនជាតិខ្មែរ ត្រូវបានគេចាប់ខ្លួនយកទៅមន្ទីរសន្តិសុខ។ ពេលយកនោះមានរួមទាំងកូនខ្លះផង បើជនជាតិវៀតណាម ត្រូវចាប់នោះជាម្ដាយ៖ «ប្រហែលជាម៉ោង ៥កន្លះ ចូលម៉ោង ៦ហើយ ពេលនោះមកដល់ភូមិ ក៏ឮអ្នកភូមិថា គេបានយកប្រពន្ធតា នី ហ៊ា ជុយ ដាក់រទេះសេះយកទៅកើតអស់ហើយ។ គេយកសម្លាប់ចោលហើយ។ គ្រាន់តែប៉ុណ្ណឹង ខ្ញុំក៏មានអារម្មណ៍ថា ហ៊ា ង៉ាំង ច្បាស់ជាងាប់នៅកន្លែងហ្នឹងដែរហើយ។ បាត់តាំងហ្នឹងមករហូត។ អង្គការគេនោះថា បើម្ដាយជាវៀតណាម កូនក៏វៀតណាមដែរ»។
សាក្សី ថេង ផល កាលពីថ្ងៃទី៥ ខែមករា ជម្រាបអង្គជំនុំជម្រះថា ក្នុងរបបខ្មែរក្រហមគ្រប់គ្រងអំណាចមានពលរដ្ឋជាជនជាតិវៀតណាម ៣គ្រួសារ នៅក្នុងឃុំរបស់លោក។ ជនជាតិវៀតណាម ត្រូវបានសាក្សីជាអតីតកងទ័ពជើងទឹកខ្មែរក្រហមអះអាងថា បក្សកុម្មុយនិស្តកម្ពុជា ចាត់ទុកជាសត្រូវសួរពូជ ហើយត្រូវសម្លាប់ផ្ដាច់ពូជ។ រឿងរ៉ាវសម្លាប់ជនជាតិចាម និងវៀតណាមនេះ ត្រូវបានសាលាក្ដីខ្មែរក្រហមចាត់ចូលក្នុងបទប្រល័យពូជសាសន៍ ប្រឆាំងជនជាប់ចោទ នួន ជា និង ខៀវ សំផន។
បន្ទាប់ពីការស្ដាប់សាក្សី ថេង ផល អំពីការសម្លាប់ជនជាតិវៀតណាម អង្គជំនុំជម្រះសាលាដំបូង នឹងស្ដាប់សាក្សីឈ្មោះ សុះ រំលី ទាក់ទងនឹងការសម្លាប់ជនជាតិចាម។ សាក្សីមុនៗ បានបញ្ជាក់ថា ជនជាតិចាម ដែលពួកខ្មែរក្រហមសម្លាប់ច្រើន គឺនៅក្នុងឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ អង្គជំនុំជម្រះសាលាដំបូង នឹងបន្តសវនាការស្ដីពីការសម្លាប់ជនជាតិចាមនេះ នៅព្រឹកថ្ងៃសុក្រ ទី៨ មករា ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អតីតយោធាជើងទឹកមួយរូបនិយាយពីការសម្លាប់ជនជាតិវៀតណាមនៅសមុទ្រ
- សាលាក្ដីខ្មែរក្រហមបដិសេធសំណើសុំកោះហៅលោក ហ៊ុន សែន ធ្វើជាសាក្សី
- ការវិវឌ្ឍន៍នៃសំណុំរឿងក្ដីខ្មែរក្រហមលេខ ០០៣ និង ០០៤
- សាលាក្ដីខ្មែរក្រហមបិទបញ្ចប់កិច្ចស៊ើបសួរជនសង្ស័យ អ៊ឹម ចែម
- អតីតយោធាជើងទឹកមួយរូបនិយាយពីការសម្លាប់ជនជាតិវៀតណាមនៅសមុទ្រ
- សាលាក្ដីខ្មែរក្រហមបន្តសវនាការរឿងសម្លាប់ជនជាតិវៀតណាមនៅខេត្តសៀមរាប
- សាលាក្ដីខ្មែរក្រហមបន្តសវនាការរឿងសម្លាប់ជនជាតិវៀតណាមនៅស្វាយរៀង
- សាលាក្ដីខ្មែរក្រហមបន្តសវនាការស្របពេលកំពុងប្រឈមនឹងខ្វះសាក្សី
- សាក្សីថាឃើញពួកខ្មែរក្រហមសម្លាប់ជនជាតិវៀតណាមយកប្រមាត់នៅសៀមរាប
all criminals in pol-pot time must go to front this court ‘otherwise no justice at all ‘ who witness in pol=pot time ? hun-sen,heng sam rin,chea sim,hor nam hong and more should be present in this court to tell the truth they have been there . this court just a joke to cover up the criminal ‘specially veitcong and china that created K-R and support them .then 1979 veitcong invade cambodia should come to court too because they witness or get involve since 1970.never have justice for cambodian people ‘.GOD bless all cambodian people’