ផ្អើល ប៉ែន ចំរ៉ុង បើក​ហាង​ការ៉េម​អស់​ជិត ១០ ម៉ឺន​ដុល្លារ

តារា​សម្ដែង ប៉ែន ចំរ៉ុង​ ក្នុង​ថ្ងៃ​សម្ពោធ​ហាង​ការ៉េម ឡឺ ក្លាស្សែស៍។ វុទ្ធី

តារា​សម្ដែង ប៉ែន ចំរ៉ុង​ ក្នុង​ថ្ងៃ​សម្ពោធ​ហាង​ការ៉េម ឡឺ ក្លាស្សែស៍។ វុទ្ធី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ​បង្ហាញ​វត្ត​មានជា​មួយ​នឹង​សកម្ម​​ភាពចាត់​ចែង រត់​​ខ្វែង​ដៃ​ខ្វែង​ជើង លោក​ ប៉ែន ចំរ៉ុង តារា​ភាព​យន្ដ​ អនាគត​កូន​ប្រសា​ថៅ​កែមហាហង្ស​​ ​នៅ​ថ្ងៃ​បើកសម្ពោធ​ហាង​លក់​ការ៉េម​ដ៏​ទំនើ​ប​​ ឡឺ ក្លា​ស្សែ​ស៍​ (Le Glacage) ​តាំងពី​ថ្ងៃ​បាក់​រសៀល​លុះរាត្រី​ បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​មហាជន​ភ្ញាក់​ផ្អើល​ថា​​ «​ចំរ៉ុង មិន​ទាន់​​បានក្លាយ​ជា​កូន​ប្រសា​​ថៅ​កែ​ទ្រព្យស្តុក​ពេញ​សិទ្ធិ​ផង សល់​លុយ​វាល់​ម៉ឺន​ដុល្លារ​បើក​ហាង​ហើយ​តើ»។

ស្វាគមន៍​ឆ្នាំ ២០១៦​ ថ្ងៃ​ទី ១​ ខែ​មករា ក៏​ជាថ្ងៃ​​បុណ្យ​​ចូល​ឆ្នាំ​សកល​ ​តារាសម្តែង​ដែល​ទើបនឹង​ស្ងប់​រឿង​លួច​ស្រឡាញ់​កូន​ស្រី​ថៅ​កែ​​មហាហង្ស តែ​ត្រូវថៅកែ​ផលិតកម្ម​​នេះ​​ប្រ​កាស​តាម​វាយ​ ដល់​គ្រប់​​ឆាក​សិល្បៈ​ ​លោក ប៉ែន ចំរ៉ុង បាន​ធ្វើ​ឲ្យ​មហាជន​ ​ភ្ញាក់ផ្អើល​ជា​មួយ​ឱកាស​បើកសម្ពោធ​​ហាង​ការ៉េម​ធំ​មួយ ​នៅតាម​បណ្ដោយ​ផ្លូវ ៣៦០ ជិត​ឡាន​ទឹក ដែល​មាន​តម្លៃ​ជាង ៧ ម៉ឺន​ដុល្លារឯណោះ។

ជា​មួយ​ការ​ភ្ញាក់​ផ្អើល​នោះ ក៏​មាន​ការ​លាន់​មាត់​ថា «ទំនង​ជា​ ប៉ែន ចំរ៉ុង ​និង​អនាគត​ឪ​ពុក​ក្មេក លោក អ៊ិន​ សុភិន ស៊ី ​ខ្សែកន្លុះគ្នា ហើយ​ក៏​បោះ​លុយ​ឲ្យ​អនាគត​កូន​ប្រសា​​មក​បើក​ហាង​លក់​ការ៉េម​នេះ»។

ប៉ុន្តែ​​​នៅ​ពេល​បង្ហើប​ពី​សំណួរ​និង​ការ​សង្ស័យ​ជុំ​វិញ​ការ​បើក​សម្ពោធ​ហាង​ការ៉េម​ទំនើប​ទើប​មាន​ដំបូងនៅ​កម្ពុជា​ ឡឺ ក្លា​ស្សែ​ស៍​ តារា​ភាពយន្ដ​ជាប់​ងារផ្ទុះរឿង​អាស្រូវ​ប្រចាំ​ឆ្នាំ ២០១៥ រឿង​ឪពុក​ក្មេក​ដេញ​វាយ​​នោះ លោក ប៉ែន ចំរ៉ុង ក៏បាន​ចេញ​ធ្វើការ​បដិសេធ​ភ្លាម​ៗ។

នៅ​ចំពោះ​មុខ​​ភ្ញៀវ​​ចូលរួម​ពិធី​បើក​សម្ពោធ​​នោះ តារា​ភាព​យន្ដ​​ក្លាយ​ជា​ស្វាមី​ កូន​ថៅ​កែផលិតកម្ម​​មហាហង្ស ទាំង​មិន​ទាន់ត្រូវ​បាន​មេបា​ផ្សំផ្គុំ​ លោក ប៉ែន ចំរ៉ុង បាន​បក​ស្រាយ​ថា៖ «ឡឺ ក្លា​ស្សែ​ស៍ ហ្នឹង មិន​​មែន​របស់​ខ្ញុំ​ទេ ខ្ញុំ​អត់​ទាន់​មាន​លទ្ធភាព​បើក​ហាង​អី​អស់​ច្រើន​យ៉ាង​នេះ​ទេ។ ឡឺ ក្លាស្សែស៍ វាជារបស់​មិត្តភក្ដិ​ខ្ញុំ»។

សារភាព​ថា៖«មិត្ត​ភក្ដិ​គេ​ពឹង​ឲ្យ​​ខ្ញុំ​ជួយចាត់​ចែង​ ទាំងការ​សម្រប​សម្រួល​​ពិធី​បើក​ស​ម្ពោធ​នេះ ​តារាប្រុសកាយ​វិការ​ក្រមិច​ក្រមើម​ និង​ល្បី​ពូកែ​លួងលោម​ស្រីៗ​ឲ្យ​លង់​ស្នេហ៍​ លោក ប៉ែន ចំរ៉ុង បានស្គាល់​ម្ចាស់​ហាង​ការ៉េម ឡឺ ក្លា​ស្សែស៍​ ​ជា​ច្រើន​ឆ្នាំមក​ហើយ ហើយ​ដោយ​ការ​រាប់​អាន​មាន​ភាព​ស្និទ្ធស្នាល​​ខ្លាំង​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ទុកចិត្តគ្នា ហើយ​ក៏​បាន​ពឹង​ឲ្យ​លោក​ជួយ​រៀបចំ​កម្មវិធី​បើក​សម្ពោធ​ហាង​នេះ​ឡើង​។

លោក​បាន​បក​ស្រាយ​ទៀត​​ថា៖ «ថៅ​កែ​ ឡឺ ក្លា​ស្សែ​ស៍ គាត់​ប្រគល់​ឲ្យ​ខ្ញុំ​រៀបចំ​ឲ្យ ខ្ញុំ​​បាន​ហៅ​តារាច្រើន​ដែរ ក្នុង​ហ្នឹង​មាន ក្រុម Original Song ដែរ ហើយ Nikiki ក៏​ហៅ​ដែរ»។

ក្នុង​វត្ត​មាន​សស្រាក់​សស្រាំ​បើ​ក​សម្ពោធ​ហាង​ការ៉េមដោយ​គ្មាន​មុខ​អនាគត​ភរិយា​តារា​សម្ដែង​ ​នាង ​ភិន សុដាលីស ចូល​រួម​​នោះ លោក ប៉ែន ចំរ៉ុង ក៏​សារ​ភាព​ផង​​ថា​៖ «នៅ​ពេល​នេះ​ខ្ញុំ ​មិន​ទាន់មាន​គម្រោង​បង្កើត​​មុខ​រ​បរ​ទេ។ ប៉ុន្តែ​​បើ​ទៅ​ថ្ងៃអនាគត អាច​នឹង​សាក​ល្បង​រក​ស៊ី ​មុខ​របរ​សម​ល្មម​មួយ ពួកយើង​មាន​គម្រោង​នេះ​»។

លោក ប៉ែន ចំរ៉ុង បាន​បញ្ជាក់​ថា៖ «ពេល​នេះ​ការងារ​សិល្បៈ​​មមាញឹក​ខ្លាំង​​ណាស់ ដក​ឃ្លា​មិន​រួច​ឡើយ ​ចាំ​មើល​ក្រោយ​ពី​រៀបការ​រួចសិន​ចាំ​គិត​រឿងរកស៊ី​នេះ​»៕


What Next?

Recent Articles