Thu, 7 January 2016
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: រឿង «Ruin ឬក្តីវិនាស» ជាខ្សែភាពយន្ដបែបមនោសញ្ចេតនាយកតាមលំនាំពីការតំណាលមួយ មានរយៈពេល ៩០ នាទី ផលិតនៅឆ្នាំ ២០១៣ របស់ផលិតករអូស្រ្តាលីពីររូប និងការសម្តែងដោយតួខ្មែរពីររូប និងបានទទួលពានរង្វាន់ជយលាភី Venice Film Festival ឆ្នាំ ២០១៣ នោះនឹងចាក់ផ្សាយជូនទស្សនិកជនទស្សនាដោយសេរីនៅឯផ្ទះមេត្តា ឬមជ្ឈមណ្ឌលវប្បធម៌អាល្លឺម៉ង់ នាម៉ោង ៧ យប់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៦ ខាងមុខនេះ។
រឿង «Ruin ឬក្តីវិនាស» នេះជាវណ្ណកម្ម ផលិតដោយលោក អាមីអែល ខ័រទីន វីលសុន (Amiel Courtin-Wilson) និងលោក មៃឃែល ខូឌី(Michael Cody) ថតនៅក្នុងស្រុកខ្មែរ និងមានតួសម្តែងខ្មែរពីររូបគឺលោក រស់ មុនី សម្តែងតួប្រុសឈ្មោះ ភិរុណ និងកញ្ញា សាំង ម៉ាឡែន សម្តែងតួស្រីឈ្មោះ សុវណ្ណា។ រឿងនេះបានចំណាយពេលថតបីសប្តាហ៍ និង ១ ឆ្នាំដើម្បីកាត់ត និងរៀបចំកែសម្រួល។
ខ្លឹមសារសង្ខេបនៃសាច់រឿងនេះគឺ និយាយអំពីគូស្នេហ៍ដ៏ស្មោះស្ម័គ្រមួយគូគឺលោក ភិរុណ ជាកម្មកររោងចក្រ និងនាង សុវណ្ណា ជាស្រ្តីប្រកបរបររកស៊ីផ្លូវភេទ ហើយនាងគឺជាស្រីម្នាក់ដែលមានការរើបម្រះពីការជិះជាន់របស់មេបន ខណៈលោក ភិរុណ គឺជាបុរសម្នាក់ដែលធុញទ្រាន់នឹងឆាកជីវិត រស់នៅលំបាកវេទនាដូចរស់នៅក្នុងភពនៃភក់ជ្រាំក្នុងរោងចក្រ។
ពួកគេបាននាំគ្នារត់ចេញពីភ្នំពេញទៅរស់នៅតំបន់ព្រៃជ្រៅមួយ ដើម្បីគេចឲ្យផុតពីពិភពដែលពោរពេញដោយភាពហិង្សា និងអំពើឃោរឃៅដែលវាជាបញ្ហាកើតមានក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន។
ជាទូទៅ លោក អាមីអែល ខ័រទីន វីលសុន តែងតែផលិតភាពយន្ដមានលក្ខណៈឆ្លុះបញ្ចាំងពីតថភាពប្រឆាំងសង្គម និងរឿងរ៉ាវបែបឈឺឆ្អាលជាជនក្រៅសង្គម បើទោះបីជារូបលោកមិនបានជួបហេតុការណ៍ផ្ទាល់ក្តី ក៏លោកបានដកស្រង់ពីបណ្តុំនៃសារព័ត៌មាននានានៅភ្នំពេញពេលស្នាក់នៅដែរ។
លោកលើកឡើងថា៖ «ខ្ញុំព្យាយាមផលិតរឿងនេះដើម្បីបង្ហាញពីគុណធម៌ និងតួនាទីក្នុងនាមជាជនក្រៅសង្គមកម្ពុជាម្នាក់។ រឿងមើលទៅផ្ទុយនឹងកិច្ចការដែលខ្លួនកំពុងតែសិក្សាស្វែងយល់ពីប្រជាជនខ្មែរអស់រយៈពេលរាប់ឆ្នាំ។ ដូច្នេះក៏គិតថា គួរតែយកចំណុចពិតណាមួយផ្អែកលើភាពកម្រ ដើម្បីបង្កើតជាស្នាដៃ និងជាបទពិសោធតែម្តង»។
រីឯលោក មៃឃែល ខូឌី ថា៖ «វាជារឿងមួយបែបប្រថុយបន្តិចហើយ!ខ្ញុំគ្រាន់តែសង្ឃឹមថា នឹងមានអ្នកណាម្នាក់ហ៊ាននិយាយបង្ហើបប្រាប់ការពិតរបស់ពួកគេ ខណៈពេលយើងកំពុងតែចង់បាន ស្រាប់តែបានជួបដូចប៉ង។ យើងក៏មិនចង់បានរឿងរ៉ាវណាដែលផ្អែកលើប្រវត្តិសាស្រ្តនោះឡើយ គឺយើងពិតជាចង់បាននូវសាច់រឿងបែបជាស្ថានភាពបញ្ឆិតបញ្ឆៀងមាននៅក្នុងសង្គមអ៊ីចឹងនេះឯង»៕

