បទយកការណ៍៖ ពលរដ្ឋ ​និង​សង្គមស៊ីវិលមួយចំនួនសាទរ​ការ​លុប​ចោល​ប័ណ្ណបើកបរម៉ូតូ តែ​ថាគួរ​​ពិភាក្សា​បន្ថែម​

ដោយ៖​ ទូច សុខា​ | ថ្ងៃព្រហស្បតិ៍ ទី7 មករា 2016, 05:32 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ក្នុង​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោកថ្មី ​ប្រ​ជា​ពល​រដ្ឋ​គ្រប់​រូប​ដែល​បញ្ជា​យានយន្ត​ត្រូវ​តែ​មាន​ប័ណ្ណ​បើក​បរ ក្នុង​នោះរួមទាំង​ពល​រដ្ឋ​ដែល​បញ្ជា​ទោ​ចក្រ​យានយន្ត​ ឬម៉ូតូ​ក៏​ត្រូវ​មាន​ប័ណ្ណ​បើក​បរ​ដូចគ្នា។ ក្នុង​ច្បាប់​ចរារចរណ៍​ផ្លូវគោកត្រង់​មាត្រា៤០ ចែង​ថាអ្នក​​បើក​បរ​ម៉ូតូ​ដែលមាន​កម្លាំង​ម៉ាស៊ីន​ត្រឹម​១២៥​សេសេ​ចុះ​ក្រោម​ត្រូវ​ប្រើ​ប្រាស់​ប័ណ្ណ​បើក​បរ​ប្រ​ភេទ​ក១។

អនុក្រឹត្យ​រដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ​២០១៥ ស្តីពី​ការ​ពិន័យ​អន្តរការណ៍ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពីចរាចរណ៍​ផ្លូវ​គោក ត្រង់​មាត្រា​៩​ចែង​ថា អ្នក​បើក​បរទោចក្រ​យានយន្ត ឬទោ​ចក្រ​យានយន្ត​សណ្តោងរ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត​ដោយ​គ្មាន​ប័ណ្ណ​បើក​បរ​ ត្រូវ​ទទួល​ការ​ផាកពិន័យ​ជា​ប្រាក់​ចំនួន​៣ម៉ឺន​រៀល។

ទោះ​យ៉ាង​ណាអ្វី​ដែល​មាន​ចែង​ក្នុង​អនុក្រឹត្យ និង​ច្បាប់នេះ ត្រូវលោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន សម្រេច​ឲ្យ​លុប​ចោល​វិញ។ នៅ​​ល្ងាច​ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន សរសេរ​លើ​ទំព័រហ្វេស​ប៊ុក​របស់​លោកថា ក្រោយពីលោកបានតាមដានស្តាប់នូវមតិយោបល់ សំណូមពរ និងសំណើរបស់ប្រ​ជាពល​រដ្ឋ និង​បាន​ពិភាក្សា​ជាមួយ​មន្ត្រីពាក់ព័ន្ធ លោកបានសម្រេចបញ្ឈប់មិនចាំបាច់ឲ្យមានប័ណ្ណបើកបរចំពោះម៉ូតូចាប់ពីកម្លាំង១២៥សេសេចុះក្រោមនោះ​ទេ​។

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​បាន​សម្ដែង​ការ​អបអរចំពោះ​​ការ​សម្រេច​នេះ ដោយពួកគេ​អះអាង​​ការ​ធ្វើ​ប័ណ្ណបើកបរ​មាន​ភាពស្មុគ្រស្មាញ​។ ​អង្គុយ​លើ​កៅ​អីក្បែរម៉ូតូ​គុបជ្រុងរបស់គាត់​ និងកំពុង​រង់​ចាំ​ដឹក​ម៉ូយនៅម្ដុំ​​ផ្សារ​បឹងកេងកង លោក ឃួន សុផល ដែល​ជា​អ្នក​រត់ម៉ូតូឌុប​ម្នាក់​​បាន​គាំទ្រ​ចំពោះ​ការ​លុប​ចោល​នេះ​ “គេមិន​ឲ្យ​ធ្វើ​អ៊ីចឹងស្រួល​ដែរខ្ញុំ ព្រោះ​វាពិបាក​ធ្វើ​ដែរ កាលពី​មុនធ្លាប់ទៅ​ធ្វើនៅ​អីនៅកន្លែង​ដីជា​ សុផារ៉ា ​ធ្វើ​ឡើង​មួយ​ថ្ងៃពិបាក​ចង់​ងាប់ ទៅ​ទិញ​ក្រ​ដាសនេះ​ផងនោះ​ផងទម្រាំបាន ដ៏​គេ​មិន​ឲ្យធ្វើ​អ៊ីចឹងវាស្រួល​ដែរ មិន​សោះពិបាក…ចំណេញ ចំណេញ​ដែរ អ្នក​ខ្លះ​បើ​សិនជា​មាន​កូន​បួន​ប្រាំនាក់​មាន​ម៉ូតូ​តែ​មួយមិនត្រូវទៅ​រៀន​ទាំង​អស់ បើ​គេ​អ្នក​មាន​មិន​អី​ទេបួន​ដប់​ម៉ឺន តែ​អ្នក​ក្រជាង​ដប់​ម៉ឺន​អី​មិនច្រើន”

ទោះ​យ៉ាង​ណា ​លោក​បាន​រិះ​គន់ចំពោះ​ការ​បង្កើត​ឲ្យ​មាន​ច្បាប់ និង​លុប​ចោល​ទៅ​វិញដែល​លោក​ថា​​មាន​លក្ខណៈ​លឿន​ ​ធ្វើ​ឲ្យ​ប្រ​ជា​ពលរដ្ឋ​ពិបាក​ក្នុងការ​អនុវត្ត​តាម។ លោក​បន្ថែមថា៖ “ដូច​តាម​នឹក​ឃើញ ដូច​ថា​នឹង​ឃើញ ​អ្នក​ខ្លះ​គ្នា​រៀប​ចំទៅធ្វើ​ឲ្យ​មិន​អស់លុយ ​ដល់ឥឡូវថា ​​បិទ​វិញអ្នក​ធ្វើ​ហើយ​យ៉ាងម៉េចទៅ​ចុះ ខ្ញុំ​ឆ្ងល់​ដែរ”

ពលរដ្ឋម្នាក់ទៀត លោក មឿង ខេមរា ដែល​ជា​អ្នក​រត់​រ៉ឺ​ម៉ក​សណ្ដោង​ក៏​បាន​បង្ហាញ​ការ​គាំទ្រ​វិធាន​ការលុប​បំបាត់​ប័ណ្ណបើប​បរ​ប្រ​ភេទក១ ដោយ​លោក​ថា អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ ព្រោះ​មនុស្សច្រើន​ដែល​បើក​បរ​ម៉ូតូ​​មាន​កម្លាំង​ត្រឹម​១២៥សេសេ​ចុះ​ក្រោម។ លោក មឿង ខេមរា បន្ត​ថា ការយល់ដឹង និង​គោរពច្បាប់ច្បាប់ចរាចរណ៍​គឺ​មាន​សារៈសំខាន់ជាងប័ណ្ណបើកបរ។ លោកមាន​ប្រសាសន៍​ថា“ខ្ញុំគិតថាសំខាន់ឲ្យតែអ្នកបើកបរយល់ពីច្បាប់ចរាចរណ៍ ហើយពេលបើកបរកុំសេពគ្រឿងស្រវឹង តែប៉ុណ្ណឹងវាអត់មានបញ្ហាអីទេបង”

ស្រដៀងគ្នាដែរ យុវជន​អាយុ២២​ឆ្នាំ​ម្នាក់លោក ឆន ស័ក្ករ៉ា ដែល​មាន​ម៉ូ​តូ​កម្លាំង​១១០សេសេប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ លើក​ឡើង​​ថា ការ​បញ្ឈប់​ឲ្យ​មាន​ប័ណ្ណបើកបរម៉ូតូ​ប្រភេទ​ក១នេះអាច​ជួយ​សម្រួលដល់​ប្រជាពលរដ្ឋ​ចំណេញ​ទាំង​ពេលវេលា និង​ថវិកា។

លោក​បន្ថែមថា៖ “ជា​យោ​បល់​របស់​ខ្ញុំ​គឺ​អត់​អីទេ(បើ​)​គាត់(នាយករដ្ឋមន្ត្រី)​ប្រ​កាស​មិន​ឲ្យ​ធ្វើក៏​មិន​អី​ដែរ ណាមួយ​បើ​សិនជា​ធ្វើ​(ចំនួន​ម៉ូតូ)​ច្រើន​មែន​ទែនដែល​សម្រុក​ធ្វើ អ៊ីចឹង​រយៈពេល​១ខែ ២ខែ ៣​ខែ យើង​ធ្វើ​អត់​ទាន់ទេនៅ​កន្លែងធ្វើ​បណ្ណ​បើកបរ បើ​គាត់​ប្រ​កាស​ថា​ម៉ូតូ​ក្រោម​១២៥សេសេមិន​បាច់​ធ្វើ​ប័ណ្ណ​បើក​បរ​ នឹង​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​ចំណេញ​ពេល​វេលា និង​មិនខាត​ថវិកាផង”

ទាក់ទង​នឹង​ការលុប​ចោល​​ប័ណ្ណ​បើក​បរ​ម៉ូតូ​ប្រ​ភេទ​កម្លាំង​ម៉ាស៊ីន​១២៥​សេសេ(ក១)​ចុះ​ក្រោមន​នេះ អ្ន​កនាំពាក្យ​ក្រ​សួងសាធារណការ និង​ដឹកជញ្ជូន លោក ចាន់ តារា លើកឡើង​ថា ដោយសារ​ប្រ​ជាពល​រដ្ឋ​ដែល​មាន​ម៉ូតូប្រ​ភេទនេះ​មាន​ចំនួន​ច្រើន និង​ប្រ​ជាពល​រដ្ឋ​ដែល​នៅ​តាម​ទី​ជន​បទ​មាន​ការ​ពិបាក​ក្នុង​ការទៅ​​ប្រ​ឡង​យក​ប័ណ្ណ​បើកបរ​ ទើប​រដ្ឋា​ភិបាល​សម្រេច​លុប​ចោល។

លោក​បន្ថែម​ថា៖ “ពិសេសនៅ​តាម​ជន​បទឆ្ងាយៗលោក​(ប្រ​ជាបល​រដ្ឋ)​ពិបាក​ណាស់​ក្នុងការ​មក​ទទួល​យក​ប័ណ្ណយក​អីហ្នឹង…ដោយ​សារ​ឃើញ​ការ​ពិបាក​ហ្នឹង​ហើយ​បាន​ជាលោក(នាយក​រដ្ឋមន្ត្រី)សម្រេចថា​មិន​ចាំ​បាច់​មាន​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​សុំ​ឲ្យ​សមត្ថកិច្ច​ទាំងអស់​ខិតខំ​អប់​រំច្បាប់​ចរាចរណ៍​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​លោក(ប្រ​ជា​ពល​រដ្ឋ)​យល់"

លោក​បញ្ជាក់​ថា ដោយ​ឡែក​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​ម៉ូតូ​កម្លាំង​លើស​ពី​១២៥​សេសេ​ត្រូវ​ទៅ​ធ្វើ​ប័ណ្ណ​បើក​បរ។ លោក​ថា​ ចំពោះម៉ូតូ​ធំនេះ​ ទោះ​ជាអ្នក​បើកបរ​មា​ន​ប័ណ្ណ​បើក​បរ​រថ​យន្ត​ក៏​ច្បាប់​មិន​អនុញ្ញាតឲ្យ​បើប​បរ​បាន​ដែរ។ លោក​បន្ត​ថា ម៉ូតូ​ធំ​មាន​កម្លាំង​ខ្លាំង​ និង​មាន​ល្បឿន​លឿន​ប្រ​ហាក់​ប្រហែល​នឹង​រថ​យន្ត។ លោក​បន្ថែមថា​ ការ​រៀន​យក​ប័ណ្ណ​បើប​បរ​ម៉ូតូ​ធំនេះ​ក៏​មាន​កម្រិត​ប្រហាក់​ប្រ​ហែល​​នឹង​ការ​បើក​បរ​រថ​យន្ត​ដែរ។

លោក​បញ្ជាក់ថា៖ “ការ​រៀន​ម៉ូតូ​មាន​កម្រិត​ក្នុង​រឿងម៉ូតូ​ធំ​នេះ ម៉ូតូ​ធំនេះមែន​ទែន​គឺ ដាច់​ដោយ​ឡែក​តែឯងតែ​ម្តង មាន​អាហ្នឹង​មិន​អាច​ក​បរឡាន​បាន មាន​ប័ណ្ណបើក​បរឡានក៏​មិន​អាច​បើក​បរ​ម៉ូតូ​ធំ​នេះ​បាន”

លោក ចាន់ តារា​ ឲ្យ​ដឹងដែរថា​ ក្រសួង​កំពុង​រៀប​ចំ​ក្រុម​ការងារសហការជាមួយមន្ត្រី​នគរបាល​នៅ​តាម​មូលដ្ឋាន ​ដើម្បី​រៀប​ចំចុះ​ផ្សព្វ​ផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដល់​ប្រ​ជា​ពល​រដ្ឋ។ លោក​បន្ថែមថា កម្មវិធី​អប់​រំពី​ច្បាប់​ចរាចរណ៍​ក៏​នឹងមានចាក់​ផ្សាយ​តាម​ទូរទស្សន៍​ផងដែរ។

ទោះយ៉ាងណា សម្រាប់​នាយក​វិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អ៊ា ចរិយា យល់​ថា ការ​លុប​បំបាត់​មិន​ចាំបាច់​មាន​ប័ណ្ណបើក​បរប្រ​ភេទ​ម៉ូតូ​ខ្នា​តតូច​នេះនឹង​ធ្វើ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​អាក់​ខាន​មិន​បាន​រៀន​សូត្រពី​ច្បាប់​ចរាចរណ៍ផ្លូវ​គោក។ លោក​ថា ដោយ​សារតែ​ប្រ​ជា​ពល​រដ្ឋ​ប្រើ​ប្រាស់​ម៉ូតូ​មិន​សូវ​មាន​ចំណេះ​ដឹង​ខាង​ចរាចរណ៍​នេះ​ហើយដែល​ធ្វើឲ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​សារគ្រោះ​ថ្នាក់​ចរាចរណ៍មានប្រ​ហែលជា​៧០​ភាគ​រយ​​ជា​អ្នក​បើក​បរ​ម៉ូតូ។

ទោះយ៉ាង​ណា លោក​គាំទ្រ​ទៅ​នឹង​វិធាន​ការ​ចុះ​អប់​រំ​ប្រ​ជា​ពល​រដ្ឋ​នៅ​តាម​មូល​ដ្ឋាន​របស់​ក្រ​សួង​ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់។ លោក​ថា​ បើ​សិន​ជា​វិធាន​ការ​នេះ​អនុវត្ត​បាន​ល្អ និងមាន​ប្រ​សិទ្ធិភាព​នឹងអាច​ជួយ​ប្រ​ជាពល​រដ្ឋ​បាន​យលល់​ដឹងពី​ច្បាប់​ចរាចរណ៍​បាន​កាន់​តែ​ប្រសើរ​ និង​បញ្ជៀស​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ច្រើន។

លោក​បន្ថែមថា៖ "​ទាល់តែ​គាត់​ប្រ​កាស​ធ្វើ​យុទ្ធនាការ​មួយ​បន្ទាន់​ហើយ​នៅ​ទូទាំងប្រ​ទេស ដើម្បីធ្វើ​ម៉េចបញ្ជ្របច្បាប់​ចរាចរណ៍ សុវត្ថិភាព​ចរាចរណ៍ និង​ផ្លាកសញ្ញា​ចរាចរណ៍​ហ្នឹងឲ្យ​បាន​ប្រ​ជា​ពល​រដ្ឋមាន​ការ​យល់​ដឹងមុន​នឹង​បញ្ឈប់​ទៅ​នឹង​ការ​ឲ្យ​ប្រ​ជាពល​រដ្ឋទៅ​រៀន​យក​ប័ណ្ណ​បើប​បរហ្នឹង”

ចំណែក​ប្រ​ធាន​សមាគមអាដហុក លោក ធន សារ៉ាយ មាន​ប្រ​សាសន៍ រដ្ឋា​ភិបាល​មិន​គួរ​លើក​យកចំណុច​​មួយម្តងៗ​របស់​ច្បាប់​ចរាចរណ៍​មក​ធ្វើ​ការ​កែ​ប្រែ​នោះ​ទេ។ លោក​ថា រដ្ឋា​ភិបាល​គួរ​តែ​បើក​ឲ្យមាន​ការ​ពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​ប្រ​ជាពល​រដ្ឋ និង​សង្គម​ស៊ីវិល​ឡើង​វិញ ចំពោះ​ចំណុច​ណា​ដែល​អនុវត្តទៅប៉ះពាល់​ដល់​ជីវភាព​ប្រ​ជាពល​រដ្ឋ។​

លោក​បន្ថែម​ថា៖ “ប៉ុន្តែ​មុន​នឹង​ធ្វើ​វិសោធនកម្ម​ត្រូវ​តែប្រ​មូល​មតិឲ្យអស់​សិន…តែ​មួយ​ចំណុចអ៊ីចឹងថា​មិនទាន់​គ្រប់​គ្រាន់​ទេ ក្រែង​នៅ​មាន​ចំណុច​ខ្វះ​ខាតអី​ទៀត អាហ្នឹង​គំនិត​របស់​ខ្ញុំ។ កុំ​ឲ្យ​ចេះតែធ្វើ​រួច​ហើយកែពីរបី​អាទិត្យ​ក្រោយ មួយ​ខែ​ក្រោយ​ពី​រខែ​ក្រោយ ឃើញ​កន្លែងណា​ទៀតទៅ​កែទៀតទៅ ឥឡូវ​យើងពិគ្រោះ​យោបល់ទៅបាន​ប្រមូលមតិឲ្យ​គ្រប់​ជ្រុង​ជ្រោយទៅ​​ កុំ​ឲ្យ​យក​តែមតិមួយ​ទៅ ក្រោយ​មក​ទៀត​កែទៀត ជួន​កាល​ចំណុច​ហ្នឹង​អនុវត្ត​អត់​បាន​ទៀត”

តាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា​មានម៉ូតូជាង២លាន៧សែនគ្រឿង ប៉ុន្តែអ្នកមានប័ណ្ណ​បើកបរ​មានតែ​ប្រមាណ១សែន៥ម៉ឺននាក់តែប៉ុណ្ណោះ។​ ការប្រកាសមិនតម្រូវឲ្យអ្នកបើកបរម៉ូតូមានប័ណ្ណបើកបរនេះ បន្ទាប់ពី​ច្បាប់ចរាចរណ៍ថ្មីត្រៀមផាកពិន័យលើអ្នក​បើកបរម៉ូតូ​គ្រប់ប្រភេទ ដែលមិនមានប័ណ្ណ បើកបរនៅឆ្នាំ២០១៦នេះ​ តែគម្រោងមានការរិះគន់ច្រើនពីប្រជាពលរដ្ឋ។

យោងតាម​​របាយការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ឲ្យដឹង​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​ពី​២០១៥ មាន​ជាង​២២០០​នាក់ កើនឡើង​៥​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៤ ទោះ​បី​ចំនួន​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ​។​ របាយការណ៍​បញ្ជាក់​ថា កត្តា​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​គឺ​មក​ពី​ការបើកបរ​មិន​គោរព​ សិទ្ធិ​អាទិភាព បើក​ជែង​គ្នា បើកបរ​ដោយ​មាន​ជាតិ​ស្រវឹង បើកបរ​លើស​ល្បឿន​កំណត់ និង​កត្តា​យានយន្ត​មិន​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេសជាដើម​។

កាល​ពី​ថ្ងៃ​អង្គារ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​នឹង​ត្រូវ​បន្ត​ធ្វើ ដោយ​លោក​បាន​ស្នើឲ្យ​ប្រជាពលរដ្ឋមាន​​ការ​អត់ធ្មត់​ចំពោះ​ការ​រឹតបន្តឹង​នេះ​ ដោយ​លោក​បាន​ទទួល​ស្គាល់​ថា​ ការ​អនុវត្ត​ច្បាប់​នេះ​នៅ​មាន​បញ្ហា​មួយ​ចំនួន​កើត​ឡើងនៅ​ឡើយ​៕

សូម​សរសេរ​មក​កាន់ លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com

What Next?

Recent Articles