ដោយ ថា កិត្យា
2016-01-07
RFA

អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ អះអាងថា ការប្រកាសលុបចោលប័ណ្ណបើកបរម៉ូតូដែលមានកម្លាំង ១២៥ CC ចុះក្រោម គឺជាឧបសគ្គសម្រាប់ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ ទន្ទឹមគ្នានេះ អ្នកជំនាញថា រដ្ឋាភិបាលគួរតែមានយន្តការជាក់លាក់ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។
ការមិនយល់ស្របចំពោះការលុបចោលប័ណ្ណបើកបរម៉ូតូកម្លាំងក្រោម ១២៥ CC នេះ ត្រូវបាននាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អ៊ា ចរិយា ពន្យល់ថា ដោយសារភាគច្រើននៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៧៣ភាគរយ គឺអ្នកប្រើប្រាស់ម៉ូតូ ដែល ៩៥ភាគរយជាម៉ូតូមានកម្លាំង ១២៥ CC ចុះក្រោម។
លោក អ៊ា ចរិយា បញ្ជាក់ថា ប្រជាពលរដ្ឋជាង ៧០ភាគរយ ពុំទាន់យល់ដឹងពីច្បាប់ និងស្លាកសញ្ញាចរាចរណ៍នៅឡើយ។ ដូច្នេះ រដ្ឋាភិបាលត្រូវមានយន្តការអប់រំស្ដីពីសុវត្ថិភាពចរាចរណ៍នៅតាមសាលារៀន និងជំរុញឲ្យមន្ត្រីនគរបាលចរាចរណ៍ ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយឲ្យអ្នកបើកបរគ្រប់រូបមានចំណេះដឹង និងជំនាញច្បាស់លាស់ស្ដីពីសុវត្ថិភាពចរាចរណ៍នៅថ្នាក់មូលដ្ឋាន៖ «គួរតែកុំអាលធ្វើវិសោធនកម្ម ហើយគួរតែរឹតបន្តឹងច្បាប់ ហើយនិងផ្សព្វផ្សាយឲ្យបានទូលំទូលាយសិន។ ប្រជាពលរដ្ឋគាត់មិនទាន់បានយល់ដឹងពីច្បាប់ផង។ តើគាត់ទាមទារយ៉ាងម៉េចឥឡូវ? អ៊ីចឹងសំខាន់ការអប់រំផ្សព្វផ្សាយតាំងពីដើមឆ្នាំ២០១៥ មក ប៉ុន្តែការអប់រំផ្សព្វផ្សាយរបស់យើង គឺនៅខ្សោយមែនទែន»។
ការសោកស្ដាយនេះ គឺនៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា អ្នកប្រើប្រាស់ម៉ូតូដែលមានកម្លាំងក្រោម ១២៥ CC មិនចាំបាច់មានប័ណ្ណបើកបរទៀតនោះទេ ដើម្បីជួយកាត់បន្ថយការចំណាយថវិកា និងការលំបាករបស់ប្រជាពលរដ្ឋ៖ «ដូច្នេះចាប់ពីពេលនេះតទៅ បងប្អូនប្រជាពលរដ្ឋដែលមុននេះកង្វល់ថា មានការលំបាកធ្វើ មានការចំណាយលុយច្រើន ហើយគ្រួសារខ្លះបាននិយាយថា មានម៉ូតូ១ ត្រូវជិះគ្នា ៣នាក់ ឬ ៤នាក់ លែងក្លាយជាកង្វល់ទៀតហើយ មានន័យថា អ្នកប្រើប្រាស់ទោចក្រយានយន្តចាប់ពី ១២៥ចុះមកក្រោម គឺមិនត្រូវបានធ្វើប័ណ្ណបើកបរ»។
លោក ហ៊ុន សែន ក៏ប្រកាសប្រគល់លុយជូនប្រជាពលរដ្ឋវិញ ចំពោះអ្នកណាដែលបានជ្រុលធ្វើប័ណ្ណបើកបររួចទៅហើយ។
ទាក់ទិនបញ្ហានេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PCDP) លោក យង់ គិមអេង លើកឡើងថា វាជាការវិវឌ្ឍល្អមួយដែលគណបក្សគ្រប់គ្រងអំណាច ចាប់ផ្ដើមស្តាប់ និងដោះស្រាយតាមសំណូមពររបស់ប្រជាពលរដ្ឋ។ នេះក៏ជាបទពិសោធន៍មួយ ដែលរដ្ឋាភិបាល ឬអ្នកនយោបាយ មុននឹងធ្វើអ្វីមួយ ត្រូវពិគ្រោះឲ្យបានទូលំទូលាយជាមួយប្រជាពលរដ្ឋ៖ «ការប្រែប្រួលប៉ុណ្ណឹងវាមិនគ្រប់គ្រាន់ឡើយ ទាល់តែមានការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋឲ្យបានទូលំទូលាយតទៅទៀត មុននឹងអនុម័តច្បាប់អ្វីមួយ កុំឲ្យម្នាក់នៅម្ខាងជើងមេឃ ហើយនៅពេលដាក់អនុវត្តទៅ វាមានបញ្ហា»។
ក្នុងវីដេអូឃ្លីប (Video Clip) ប្រមាណ ២០នាទី ដែលបានបង្ហោះតាមទំព័រហ្វេសប៊ុក (Facebook) នៅថ្ងៃទី៧ ខែមករា លោក ហ៊ុន សែន ក៏ជូនដំណឹងដែរថា រដ្ឋាភិបាលនឹងបញ្ចុះថ្លៃប័ណ្ណបើកបររថយន្តយ៉ាងហោចណាស់ ៥០ភាគរយ និងស្នើឲ្យផ្អាកការផាកពិន័យមួយរយៈ ចំពោះលិខិតស្នាមយានយន្ត ដូចជាប័ណ្ណសម្គាល់យានយន្ត ប័ណ្ណបើកបរ ប័ណ្ណត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងអាជ្ញាប័ណ្ណអាជីវកម្មសម្រាប់រថយន្តដឹកជញ្ជូន។
ចំពោះការអំពាវនាវរបស់ លោក ហ៊ុន សែន ឲ្យពលរដ្ឋរៀនបើកបរយានយន្តឲ្យបានស្ទាត់ជំនាញ ហើយចូលរួមគោរពច្បាប់ចរាចរណ៍នោះ ត្រូវបាន លោក អ៊ា ចរិយា អះអាងថា មិនមានប្រសិទ្ធភាពឡើយ។ លោកបញ្ជាក់ថា ដើម្បីផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាពនៅលើដងផ្លូវនោះ គឺលុះត្រាតែមានការអប់រំ និងរឹតបន្តឹងការអនុវត្តច្បាប់៖ «យើងចង់ឲ្យមានការរឹតបន្តឹងច្បាប់ ហើយការរឹតបន្តឹងច្បាប់នេះ យើងចង់ឲ្យផ្ដោតលើមូលហេតុអ្វីបានគ្រោះថ្នាក់ចរាចរណ៍ គឺមូលហេតុធំ ៣យ៉ាង រួមមានបើកបរហួសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួក ឬខ្សែក្រវាត់សុវត្ថិភាព ដែលជាមូលហេតុស្ទើរតែ ៨០ភាគរយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។
ទន្ទឹមគ្នានេះ អង្គការសង្គមស៊ីវិល និងអ្នកជំនាញសុវត្ថិភាពចរាចរណ៍ ក៏អំពាវនាវឲ្យរដ្ឋាភិបាល ត្រូវពង្រឹងការរៀបចំគំនូសផ្លូវ ស្លាកសញ្ញាចរាចរណ៍ និងភ្លើងស្តុបឲ្យបានត្រឹមត្រូវ ព្រមទាំងបង្កើនការផ្តល់សេវារថយន្តក្រុង។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់ក្រសួងមហាផ្ទៃ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៥ កើតឡើងចំនួន ៤.៥៩៥លើក បានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២.២៦៥នាក់ កើនឡើង ៥ភាគរយ បើប្រៀបជាមួយឆ្នាំ២០១៤។ គ្រោះថ្នាក់ខាងលើ បណ្ដាលមកពីបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ និងបើកបរពេលស្រវឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ហ៊ុន សែន លែងឲ្យមានច្បាប់កំណត់សញ្ជាតិតែមួយសម្រាប់ប្រធានបក្សនយោបាយ
- រដ្ឋាភិបាលប្រកាសលុបចោលប័ណ្ណបើកបរប្រភេទ “ក១”
- ពលរដ្ឋខេត្តត្បូងឃ្មុំស្នើរដ្ឋាភិបាលជួយសម្រួលតម្លៃបង់ពន្ធនាំចូលនិងស្លាកលេខម៉ូតូ
- ក្រសួងនឹងតម្រូវឲ្យពលរដ្ឋទៅបង់ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍តាមប្រព័ន្ធធនាគារ
- ពលរដ្ឋគាំទ្រនាយករដ្ឋមន្ត្រីបញ្ជាឲ្យបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរម៉ូតូ
- សង្គមស៊ីវិលស្នើផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ដល់ពលរដ្ឋឲ្យបានទូលំទូលាយ
- ពលរដ្ឋនៅខេត្តកំពង់ឆ្នាំងសម្រុកទិញមួកសុវត្ថិភាព
- គណៈកម្មការចំពោះកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពជាលើកដំបូង
- សមត្ថកិច្ចខេត្តកំពង់ឆ្នាំងឃាត់យានយន្ត១៥២គ្រឿងក្នុងរយៈពេល២ថ្ងៃនៃការអនុវត្តច្បាប់
រឿងអស់សំណើចបីយ៉ាង ក្នុងបរិយាកាសនៃការអនុវត្តច្បាប់ចរាចរ ១មករា២០១៦៖
១. បូលីសប្រើ Menu ដូចភោនីយដ្ឋាន សម្រាប់ផាកវិន័យ!! ហាសហា
២. តាំងពីដូនតាមក ដូចមិនដែលជិះម៉ូតូមានប័ណ្ណបើកបរ? ហាសហា
៣. បូលីសសម័យតេជោ បានអនុវត្តចរាចរចាប់ពី០១មករា២០១៦ ដោយដាក់បូលីសជាង៣៧០០គោលដៅ!! ម្តាយអើយ ម្រងបង់មួយសំណាញ៉បានទាំងអស់ម្រង។