ពលរដ្ឋជាង៦០០គ្រួសារមិនពេញចិត្តនឹងការដាក់តំបន់នោះឲ្យអាជ្ញាធរជាតិអប្សរាគ្រប់គ្រង

ដោយ៖​ បូ សាវី​ | ថ្ងៃសុក្រ ទី8 មករា 2016
http://vodhotnews.com

ប្រជាពលរដ្ឋជាង៦៦០គ្រួសារនៅសង្កាត់ជ្រាវក្រុងសៀមរាបព្រួយ​បារម្ភខ្លាច​បាត់បង់ដីលំនៅដ្ឋាននិងដី​បង្ក​ប​ង្កើនផលដោយសារតំបន់​មួយចំនួន នៅ​សង្កាត់​នោះត្រូវបានដាក់ចូល​ជាតំបន់​បុរី​វប្បធម៌និងទេស​​ចរណ៍ដែល​គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

ក្ដីបារម្ភនេះកើតឡើងបន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានបិទផ្សាយផែនទីពីចំណុចត្រពាំងអូរនិង​ដីទួល​​ប្រា​សាទបុរាណនៅក្នុងសង្កាត់ជ្រាវកាល​ពី​ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ។

ពលរដ្ឋនៅភូមិរំចេក សង្កាត់ជ្រាវ ក្រុងសៀមរាប  លោក សំ សុខា ថ្លែងថាការដាក់តំបន់នោះឲ្យស្ថិតក្នុងការគ្រប់គ្រងរបស់​អាជ្ញា​ធរ​ជាតិ​អប្សរាគឺ​ធ្វើឲ្យប៉ះ​ពាល់ដល់​ការរស់នៅ​របស់​ពួកគេដូចជាមិនអាចសង់​លំនៅដ្ឋាននិងការ​បង្កប​ង្កើនផលជាដើម។ លោក​បន្ដថា​​​ដីធ្លីពួកគាត់​មួយចំនួន​បាន​កាន់​កាប់តាំងពីដូនតានិងខ្លះ​ទៀត​បានទិញ​តគ្នា​ដើម្បីតាំងទីលំនៅ។ ​បុរស​វ័យ​​៧០ឆ្នាំរូបនោះសម្តែង​ការ​​ខក​ចិត្ដ​ចំពោះផែនការនេះ។​

ចៅសង្កាត់ជ្រាវលោក ក្អោប រ៉ន ក៏សម្ដែងការអាក់អន់ចិត្ដចំពោះករណីនេះ។ លោកបន្ដថាមកដល់​ថ្ងៃទី៧ខែ​មករានេះ​លោកទទួល​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋដែលរងផលប៉ះពាល់​ចំនួន​៦៦​៣​ក្បាលដី​ដែលជំទាស់​នឹងផែនការនេះ។ លោកទទួលស្គាល់ថាទីនោះមានត្រពាំងទីទួលប្រាសាទ​បុរាណ​មែន ប៉ុន្តែលោកថា​ពល​រដ្ឋមិន​ដែលប៉ះពាល់​ដល់វត្ថុមាន​តម្លៃ​នោះ​ទេ។

ករណីនេះអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាលោកស្រី ចៅ ស៊ុនកិរិយា មានប្រសាសន៍ថាដីនៅ​សង្កាត់ជ្រាវស្ថិតនៅក្នុងតំបន់បុរីវប្បធម៌និង​ទេសចរណ៍គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាតាមអនុក្រិត្យ​តាំងពីឆ្នាំ១៩៩៥។ លោកស្រីបន្ដថាអាជ្ញាធរជាតិ​អប្សរាបានប្រកាស​បិទផ្សាយ​ជា​ច្រើន​ឆ្នាំមកហើយប៉ុន្ដែពលរដ្ឋ​បានវាយកម្ទេចចោល។

បើតាមអ្នកនាំពាក្យដីនៅក្នុងខេត្តសៀមរាបដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាទាំងអស់មាន​ទំហំដី​ជាង​៤​ម៉ឺន​​ហិក​តា ប៉ុន្ដែមិន​ស្ថិតនៅជាប់​គ្នា​នោះទេគឺនៅដោយដុំៗ៕

សូម​សរសេរ​មក​កាន់​លោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles