ក្រសួងមហាផ្ទៃផ្អាកផាកពិន័យម្ចាស់រថយន្តដែលមិនទាន់មានឯកសារផ្លូវច្បាប់គ្រប់គ្រាន់​​​

ដោយ៖​ ណាត សុភាព​ | ថ្ងៃសុក្រ ទី8 មករា 2016, 03:47 PM
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ក្រ​សួងមហាផ្ទៃប្រកាស​ផ្អាក​​ការផាកពិន័យបណ្តោះអាសន្នលើរថយន្តដែលមិនទាន់មានឯកសារគ្រប់គ្រាន់​ដោយអះអាងថា ទុក​ពេលមួយរយៈ​ឲ្យ​ម្ចាស់រថយន្តទៅធ្វើការ​ត្រួតពិនិត្យបច្ចេកទេសនិងបំពេញ​ឯកសារ​បន្ថែមទៀតដើម្បីឲ្យ​ស្រប​តាមច្បាប់កំណត់។

ការ​ប្រកាស​ឲ្យ​ផ្អាកការ​ផាកពិន័យរថយន្តនេះដោយសារ​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​យករថយន្ត​ទៅត្រួតពិនិត្យបច្ចេកទេស​នៅមន្ទីរសាធារណការនិង​ដឹកជញ្ជូននៅតាមរាជធានី/ខេត្ត​បណ្តាលឲ្យមានការ​កកស្ទះ។

ក្រោយ​កិច្ចប្រជុំរបស់គណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លួវគោកបូកសរុបលទ្ធផលការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករយៈ​ពេល៦ថ្ងៃកាលពីម្សិលមិញ​អគ្គស្នងការរងនគរបាលជាតិលោក​ គៀត ច័ន្ទថារិទ្ធ ថ្លែងថាក្រោយពីសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនៅដើមឆ្នាំ២០១៦នេះគឺម្ចាស់រថយន្ត​ខ្លះ​មិនគោរពច្បាប់និងខ្លះទៀតមិនមាន​ឯកសារ​គ្រប់គ្រាន់។  លោកថាដោយសារមើលឃើញពីភាពខ្វះចន្លោះនោះក្រសួងសម្រេចផ្អាកធ្វើការ​ផាកពិន័យបណ្តោះអាសន្នដើម្បីទុក​ពេលឲ្យ​ម្ចាស់រថយន្តទៅត្រួតពិនិត្យបច្ចេកទេសនិង​បំពេញឯកសារបន្ថែមឲ្យ​ស្រប​តាមច្បាប់។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ ថ្លែងថាមូលហេតុដែលម្ចាស់រថយន្តមួយចំនួនធំមិនបានទៅត្រួតពិនិត្យ​រថយន្តដោយសារ​កន្លងទៅ​ទីតំាង​ត្រួតពិនិត្យ​មានតិច​តួចនៅឡើយខណៈរថយន្តនៅកម្ពុជា​មានជាង​១លាន៥សែនគ្រឿង​​។ លោកថាដើម្បីដោះស្រាយ​បញ្ហា​នេះស្ថាប័នរដ្ឋត្រូវ​ពង្រីកទីតំាង​ត្រួតពិនិត្យរថយន្តឲ្យ​បាន​ទូទំាងរាជធានី/ខេត្ត។

អនុក្រឹត្យថ្មីមួយរបស់រដ្ឋាភិបាលបាន​​បន្ថែម​លើ​ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីគឺ​ផ្តល់អំណាចឲ្យសមត្ថកិច្ច​អាច​ពិន័យ​អ្នក​បើក​បរ​យាន​យន្ត​ដែល​​មិន​បាន​ភ្ជាប់​តា​ម​ខ្លួន​នូ​វ​ឯក​​សារ​ដើម​រួមមាន​ប័ណ្ណ ​បើក​បរ​យាន​យន្ត ប័ណ្ណ​សម្គាល់យានយន្ត​ វិញ្ញា​បន​ប័ត្រ​ត្រួតពិនិត្យ​​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​ឬ​លិខិត​អនុញ្ញា​ត​ធ្វើ​អាជីវកម្ម​ចំពោះ​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​​ដឹក​ជញ្ជូន។

មាត្រា៧៥​នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មីមានខ្លឹមសារថាជនណាបើកយានយន្តដោយគ្មានប័ណ្ណបើកបរឬក្នុងរយៈពេលដែលប័ណ្ណបើកបរត្រូវ​បានដកហូត ព្យួរទុក ឬទុកជាមោឃៈត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី៦ថ្ងៃទៅ១ខែនិងពិន័យជាប្រាក់ពី១០ម៉ឺនរៀលទៅ៨០ម៉ឺនរៀល។

តាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹង​ថា​ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៦ស្ថាប័ននេះបាន​ត្រួតពិនិត្យយានយន្តបាន១៥២,០៥៣គ្រឿង។ ក្នុងនោះយានយន្តដែលល្មើសច្បាប់​ចរាចរណ៍មាន​ចំនួន​៤១,៥៦១គ្រឿង។ ដែលក្នុងនោះមាន​រថយន្ត១៩,៤៣៧គ្រឿងនិង​ម៉ូតូ២២,១២៤គ្រឿង​​ល្មើស​ច្បាប់ចរាចរណ៍៕

សូម​សរសេរ​មក​កាន់​លោក ណាត សុភាព តាមរយៈ pheap@vodhotnews.com

What Next?

Recent Articles