ដោយ៖ បូ សាវី | ថ្ងៃសុក្រ ទី8 មករា 2016, 05:25 PM
http://vodhotnews.com
ក្រុមគ្រួសារយុវជនដែលរងការចោទថាគម្រាមតាមបណ្ដាញសង្គមហ្វេសប៉ុនប៉ងសម្លាប់លោក ហ៊ុន សែន ស្នើសុំឲ្យដោះលែងសាច់ញាតិរបស់ពួកគាត់វិញដោយអះអាងថាការចោទប្រកាន់នេះមិនមែនជាការពិតព្រោះក្រុមគ្រួសារគាត់ជាសមាជិកគណបក្សកាន់អំណាច។
កាលពីថ្ងៃទី០៦ខែមករានេះសមត្ថកិច្ចខេត្ដកំពងធំបានចាប់ខ្លួនយុវជនម្នាក់ឈ្មោះ ម៉ាន់ សំអ៊ាន់ អាយុ២៨ឆ្នាំ រស់នៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ខេត្ដកំពង់ធំដោយចោទថាគម្រាមសម្លាប់ប្រមុខរដ្ឋាភិបាលតាមបណ្ដាញសង្គម។
ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃនិងសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៨ខែមករានេះ។
ជីតាជនសង្ស័យនិងត្រូវជាមេភូមិម្នាល សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន លោក ពេជ្រ ជា អះអាងប្រាប់VODនៅរសៀលថ្ងៃនេះថា ចៅប្រុសរបស់គាត់ឈ្មោះ ម៉ាន់ សំអ៊ាន់ មិនបានបង្ហោះសារពីការគម្រាមសម្លាប់លោក ហ៊ុន សែន តាមបណ្ដាញសង្គមដូចការចោទប្រកាន់របស់សមត្ថកិច្ចឡើយដោយលោកអះអាងថាសាច់ញាតិគាត់ទាំងអស់ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាខណៈលោកសង្ស័យហ្វេសប៊ុកនេះមានអ្នកបន្លំ ដើម្បីធ្វើបាបចៅរបស់គាត់។ លោកបន្ដថាកន្លងមកអតីតគូរដណ្ដឹងចៅគាត់នៅខេត្ដសៀមរាបធ្លាប់បានគម្រាមតាមទូរស័ព្ទថារយៈពេល៣ថ្ងៃទៀតយុវជនរូបនោះនឹងជាប់ពន្ធនាគារ។លោកមានប្រសាស៍ថា៖សូមឲ្យសម្ដេចជួយចៅខ្ញុំនេះសមាជិកគណបក្សប្រជាជនដែរណា ខ្ញុំនៅប្រធានគណបក្សប្រជាជនសង្កាត់ហើយខ្ញុំក៍ធ្លាប់ដឹងចិត្ដដឹងគំនិតវា ពេលណាបោះឆ្នោតម្ដងៗវាឈឺចាប់ជាងគេទៀតដល់ទៅធ្វើចឹងវាអត់ត្រូវវា ដូចជាចិត្ដមិនប្រាថ្នាចឹងវាថាវាអត់គោលបំណងធ្វើអីទៅលើសម្ដេចចឹងខ្ញុំសួរផ្ទាល់ណា។
ជាមួយគ្នានោះដែរម្ដាយជនសង្ស័យអ្នកស្រី ចេង លី អះអាងថាកូនប្រុសរបស់គាត់ជាមនុស្សស្អាតស្អំនិងមិនធ្លាប់មានបញ្ហាជាមួយនរណាដែរ។ អ្នកស្រីថាការបង្ហោះសារគម្រាមសម្លាប់មិនដឹងជនណាពិតប្រាកដនោះទេប៉ុន្ដែអ្នកស្រីថាអតីតគូរដណ្ដឹងកូនរបស់គាត់ ធ្លាប់បានដូរទូរស័ព្ទគ្នាប្រើទៅវិញទៅមកបើទោះបីផ្ដាច់ពាក្យពីគ្នាក្ដី។ អ្នកស្រីអំពាវនាវឲ្យលោកនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន អន្ដរាគមន៍ដោះលែងកូនប្រុសរបស់គាត់ឲ្យមានសេរីភាពវិញ។អ្នកស្រីបន្ថែមថា៖កូនខ្ញុំអាមួយហ្នឹងខ្ញុំថាវាមិនធ្វើចឹងទេ ព្រោះឲ្យតែបោះឆ្នោតម្ដងៗ បោះឆ្នោតស្ដាប់លទ្ធផលហើយជួយគាំទ្រសម្ដេច ដល់សួរវារឿងរាវហ្នឹងវាថា មានតែគួរដណ្ដឹងហ្នឹងឯងមានទូរស័ព្ទដូរចុះឡើងជាមួយគ្នាណាលោកគ្រូ។
VODមិនអាចទាក់ទងនាយនិងនាយរងខុទ្ធកាល័យនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន គឺលោក ហ៊ូ សិទ្ធី និងលោក លឹម លៀងសែ បាននៅឡើយទេដោយទូរស័ព្ទមិនអាចទាក់ទងបាន។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូខេត្ដកំពង់ធំលោក ឈូម រុណ ដែលបានស៊ើបអង្គេតលើករណីនេះមានប្រសាសន៍ថាការនិយាយគម្រាមសម្លាប់ជាបទល្មើស ប៉ុន្ដែលោកថាការចាប់ខ្លួនយុវជនរូបនោះធ្វើឡើងដោយតក់ក្រហល់និងគ្មានភស្ដុតាងច្បាស់លាស់បើទោះបីយុវជនរូបនោះសារភាពថាខ្លួនមិនបានប្រព្រឹត្ដដូចការចោទប្រកាន់ក៏ដោយ។ លោកជំរុញឲ្យតុលាការផ្ដល់ភាពយុត្ដិធម៌ដល់ជនរងគ្រោះរូបនោះ ព្រោះការបង្ហោះសារនោះគ្រាន់ជារូបភាពមួយតូចប៉ុណ្ណោះ៕
សូមសរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com

នេះណា គេហៅថាកម្មនៃការខំប្រឹងបំបែកបំបាក់គេនោះអីអាក្អូន! ដល់ពេលសមាជិកខ្លួនឯង លេងខ្លួន ឯងវិញម្តងហើយ ចាំមើលៗ លែង ឬ ចាប់ទុក។ បើលែងពេលនេះ អាចថា អ្នកក្រោយក៏ថាដោះសារដូចតែគ្នាបាន តែបើមិនលែងវិញ ចុមកណ្តុមឆែប កាត់ចំសមាជិកខ្លួនឯងហើយតើ ចុះតាមេភូមិនៅចាំអីទៀត!