ដោយ៖ ញឹម សុខន | ថ្ងៃសុក្រ ទី8 មករា 2016, 06:37 PM
http://vodhotnews.com
សហព័ន្ធសហជីពអន្តរជាតិមួយដែលធ្វើការផ្តោតលើសិទ្ធិការងារ រំឭកសមាជិករបស់ខ្លួនប្រចាំកម្ពុជា ឲ្យពិនិត្យមើលពីលក្ខណ្ឌការងារ ដើម្បីជំរុញឲ្យកម្មករទទួលបានប្រាក់ឈ្នួលរស់នៅសមរម្យ មិនប្រឈមនឹងបាត់បង់ការងារ។
ក្នុងពិធីធីផ្ទេរតំណែងមួយនៅក្នុងរាជធានីភ្នំពេញ នាថ្ងៃសុក្រនេះ អគ្គលេខាធិការសហព័ន្ធសហជីពអន្តរជាតិ អាស៊ី និងប៉ាស៊ីភិច លោក ណូរីយូគី ស៊ុយស៊ូគី(NoriYuki Suzuki)មានប្រសាសន៍ថា បញ្ហាប្រឈម របស់កម្មករនៅកម្ពុជាគឺប្រាក់ឈ្នួលសមរម្យ ច្បាប់សហជីព និងកិច្ចសន្យាខ្លី ដែលលោកថាចំនុចទាំង៣នេះ ជាតក្តាសំខាន់ដែលក្រុមការងារត្រូវតែពង្រឹងកិច្ចសហការគ្នា ដើម្បីលើកស្ទួយសិទ្ធិការងារ។
លោក Suzuki បន្តថា ការពង្រីកជំនាញដល់កម្មករដែលអាចបង្កើនគុណភាពផលិតផល ក៏ជាកត្តាជំរុញមួយទៀត អាចឲ្យកម្មករបានប្រាក់ខែខ្ពស់ និងអាចប្រកួតប្រជែងជាមួយសមាជិកអាស៊ាន។ លោកថា៖ "គឺយើងត្រូវធ្វើយ៉ាងណា? ក្នុងនាមសហជីពនឹងធ្វើយ៉ាងណាឲ្យមានប្រាក់ឈ្នួលខ្ពស់ ហើយនឹងមានសន្តិសុខការងាររបស់ខ្លួនផងដែរ?"។
ក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជាគឺមានសហព័ន្ធសហជីពធំៗចំនួនបីជាសមាជិករួមមានសហភាពការងារកម្ពុជា(CLC)របស់លោក អាត់ ធន់ សហភាពសហព័ន្ធកម្មករកម្ពុជារបស់លោក ជួន មុំថុល និងសហជីពរបស់លោកស្រី យ៉ាង សុភណ្ឌ។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ លើកឡើងថា ការជំរុញលក្ខខណ្ឌការងារនៅកម្ពុជាបច្ចុប្បន្ននេះជួបនឹងបញ្ហាប្រឈមច្រើន ដោយលោកអះអាងថា សហព័ន្ធសហជីពរាប់រយមិនទាន់ស្រុះស្រួលគ្នា ដែលលោកថា សហជីពខ្លះមាននិន្នាការទៅរកបក្សកាន់អំណាច ខ្លះទៅរកបក្សប្រឆាំង និងខ្លះទៀតជាអ្នកអព្យាក្រិត្យ។
ប៉ុន្តែលោក អាត់ ធន់ អះអាងថា នៅរយៈពេលចុងក្រោយនេះ មានសហព័ន្ធសហជីពជាច្រើនបានតវ៉ាប្រឆាំងនឹងសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដើម្បីកុំឲ្យមានការរឹតត្បិតសេរីភាពសហជីព។
លោកថា៖ “អ៊ីចឹងសរុបទៅមាន២១ចំណុច ដែលបានដាក់ទៅសភា [ដើម្បីស្នើឲ្យសភាពិនិត្យ]។ ហ្នឹងគឺជាការចូលរួមពីសហជីពគ្រប់និន្នាការ ដើម្បីស្នើឲ្យមានការពិនិត្យទៅលើច្បាប់ហ្នឹង រួមទាំងសហជីពពួកគាត់គឺសហជីពអន្តរជាតិITUCហ្នឹងផង និងជាមួយអង្គការ ILO គេមានយោបល់គេផ្សេងទៀត”។

លោក ជួន មុំថុល (ស្តាំ) ទទួលតំណែងលេខាធិការក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជាបន្តពីលោក អាត់ ធន់
ប្រធានសភាពសហព័ន្ធកម្មករកម្ពុជា លោក ជួន មុំថុល ដែលទទួលតំណែងជាលេខាធិការក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជាបន្តពីលោកអាត់ ធន់ សម្រាប់ឆ្នាំ២០១៦នេះ អះអាងមុខសមាជិកដែលចូលរួមថា ថ្មីត្បិតតែកន្លងទៅ ការទាមទារប្រាក់ឈ្នួលមានការខ្វែងគំនិតគ្នាខ្លះ ពីក្រុមសហជីពក៏ពិតមែន ប៉ុន្តែលោកថា ក្រោយពីក្រុមការងារនេះបានចងសម្ព័ន្ធគ្នាមក ការទាមទារលក្ខខណ្ឌការងារ ព្រមទាំងកម្រិតប្រាក់ឈ្នួលលោកថា បានហក់ឡើងគួឲ្យកត់សម្គាល់។
លោកថា៖"ប្រាក់ឈ្នួលកាលពីឆ្នាំ២០០០កាលពីយើងអត់ទាន់មានក្រុមប្រឹក្សានេះ!៤ឆ្នាំឡើងបាន៥ដុល្លារ យើងគិតមើល៤ឆ្នាំ៥ដុល្លារ ។ លុះក្រោយពីយើងកាន់លេខាធិការដ្ឋានឆ្នាំ២០១៣ យើងឃើញថា កម្រិតនៃការឡើង ខុសពីសម័យមុនៗ ដែលលេខាធិការដ្ឋាន របស់យើងមិនទាន់មាន”។
លោក ជួន មុំថុល អះអាងទៀតថា តាមរយៈតំណែងថ្មីនេះ លោកនឹងជំរុញឲ្យមានលក្ខខណ្ឌការងារល្អ ដូច២១ចំណុច ដែលបានដាក់ជូនរដ្ឋសភា ឲ្យពិចារណាកែប្រែលើសេចក្តីព្រាងច្បាប់សហជីព ដែលលោកថា ដើម្បីពង្រីកវិសាលភាពនៃសេរីភាពតស៊ូមតិក្នុងការជំរុញលក្ខខណ្ឌការងារ។
បើតាមលោក អាត់ ធន់ សជីពដែលបានចុះបញ្ជីនៅកម្ពុជាមានជាង៣ពាន់ សហព័ន្ធមាន៨០ និងសហភាពមាន១៣ទៅ១៤។ ប៉ុន្តែលោកថា សហជីពសហព័ន្ធរាប់រយនោះនៅមិនទាន់មានការមូលមតិគ្នាក្នុងការជំរុញលក្ខខណ្ឌការងារនៅឡើយទេ។
យ៉ាងណាក៏ដោយ ប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់កម្មករក្នុងវិស័យកាត់ដេរនៅកម្ពុជានៅឆ្នាំ២០១៦នេះមានចំនួន១៤០ដុល្លារក្នុងមួយខែ ប៉ុន្តែចំនួននេះកម្មករអះអាងថា នៅតែពិបាកដោះស្រាយជីវភាពប្រចាំថ្ងៃ៕
សរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
សហជីពអន្តរជាតិមួយជំរុញឲ្យមានប្រាក់ឈ្នួលសមរម្យនៅកម្ពុជា (វីដេអូ)
ដោយ៖ ឧស្សាហ៍ | ថ្ងៃសុក្រ ទី8 មករា 2016, 10:12 PM
http://vodhotnews.com
សហជីពអន្តរជាតិមួយជំរុញឲ្យមានប្រាក់ឈ្នួលសមរម្យនៅកម្ពុជា