Fri, 8 January 2016
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ តារាចម្រៀងចាស់វស្សានៅផលិតកម្មហង្សមាស ដែលធ្វើឲ្យផ្អើលពិភពសិល្បៈក្រោយប្រកាសចាកចេញពីទ្រនំដ៏ធំរបស់ខ្លួន អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យអ្នកគាំទ្រតាមបណ្ដាញសង្គមចាប់អារម្មណ៍ជាមួយសារក្រៀមក្រំរៀបរាប់ពីថាម្ដាយកំពុងឈឺធ្ងន់ ខណៈរូបនាងក៏មមាញឹកនឹងការងារសិល្បៈរហូតមិនបានជ្រាបដំណឹងសុខទុក្ខរបស់អ្នកមានគុណនោះ។
តារាចម្រៀងស្រីល្បីដែលត្រៀមខ្លួនចេញទៅរស់នៅជាមួយស្វាមីជាអាណិកជនអាមេរិក ក្រោយពីចូលរោងការបញ្ចប់ភាពនៅលីវបានប្រមាណមួយឆ្នាំរូបនេះបានសរសេរថា៖ «ម្តាយខ្ញុំឈឺខ្លាំង! ហេតុអីបានគាត់អត់និយាយ ឆាប់ជាណាម៉ែ!»។
ទន្ទឹមនឹងសារបង្ហាញទុក្ខសោកនេះ ក៏មានការលើកឡើងជាចមម្ងល់ផងដែរថា ហេតុអ្វីបានជាអ្នកម្ដាយរបស់តារាចម្រៀង ពេជ្រ សោភា មិននិយាយប្រាប់នាងពីស្ថានភាពសុខភាពរបស់គាត់ដូច្នោះ? តើអ្នកនាង ពេជ្រ សោភា ដែលរាល់ពេលឡើងប៉ុស្ដិ៍ទូរទស្សន៍ ឬសម្ភាសនានា តែងតែទន្ទេញពីគុណឪពុកម្ដាយ និងទូន្មានឲ្យគេឯងត្រូវគោរពមាតាបិតានោះ តើនាងនៅឃ្លាតឆ្ងាយពីម្ដាយប៉ុនណាទៅ បានជានាងហាក់មិនសូវដឹងពីសុខទុក្ខរបស់ម្ដាយយ៉ាងដូច្នោះ?
សំណួរទាំងនេះ មិនមានការបកស្រាយពីតារាចម្រៀងស្រីដែលត្រៀមហោះហើរចេញពីផលិតកម្មហង្សមាសទេ ដោយសារតែម្សិលមិញអ្នកនាង ពេជ្រ សោភា មិនទទួលទូរស័ព្ទហើយបានផ្ញើសារត្រលប់មកវិញថាអ្នកនាងកំពុងជាប់រវល់ប្រជុំ។
ប៉ុន្តែអ្នកស្រី នៅ សារុន ដែលជាម្ដាយបង្កើតរបស់តារាចម្រៀង ពេជ្រ សោភា បានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «មិនអីទេក្មួយ! មីងបានធូរច្រើនហើយពេលនេះ។ តាមពិតវាគ្រាន់តែជាអាការឈឺថ្កាត់ខ្យល់គរបែបជាមនុស្សចាស់ទេក្មួយ គឺជាជំងឺខ្យល់នឹងណា តែវាក៏បែបធ្ងន់បន្តិចដែរ»។
អ្នកម្ដាយវ័យ ៦៦ ឆ្នាំរូបនេះបានលើកហេតុផលថា ដោយសារតែឃើញកូនស្រីមមាញឹកនឹងការងារសិល្បៈពេកដូចជាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ២ និងការផលិតបទចម្រៀង Original នោះ ទើបគាត់មិនចង់ប្រាប់កូនស្រីពីជំងឺរបស់ខ្លួន។
អ្នកស្រីនិយាយថា៖ «ដោយឃើញកូនគ្នារវល់ពេក ទើបមិនចង់ប្រាប់អីដល់គ្នា។ អ៊ីចឹងហើយបានជាគ្នាបារម្ភខ្លាំងពេកទើបរហូតដល់ទៅសរសេរសារបង្ហោះនោះពេលដែលនាងបានដឹងរឿង»៕
