Fri, 8 January 2016
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ដំណឹងបាត់ខ្លួនតារាចម្រៀង កញ្ញា យ៉ុង ច័ន្ទសុធាវី នៅលើទឹកដីមហាអំណាចនៅពេលកំពុងជាប់កុងត្រាសម្តែង ត្រូវបានក្លាយជាប្រធានបទដ៏ភ្ញាក់ផ្អើលលើវិថីសិល្បៈ ដោយមានការលើកឡើងថា ទង្វើ សុធាវី ធ្វើនេះកំពុងដើរលើដាន តារាចម្រៀងអ្នកនាង ហង្ស ពិស៊ី និង ស៊ិន សុម៉ាលី គឺរត់គេចខ្លួន ចង់រស់នៅលើទឹកដីអាមេរិកនោះ។
ប៉ុន្តែការលើកឡើងនេះត្រូវបានអ្នកនាង យ៉ុង ច័ន្ទកណ្ណិកា ប្រតិកម្មទៅនឹងពាក្យថា បងស្រីខ្លួន «រត់គេចខ្លួន» ហើយនាងថែមគំរាមប្តឹងពីការចោទដូច្នេះ ខណៈគ្រួសាររបស់នាងកំពុងមានទុក្ខបារម្ភពីសុវត្ថិភាពបងស្រីក្រែងត្រូវគេចាប់ ឬបាត់ខ្លួនដោយប្រការណាមួយ។
រយៈពេល ៥ ខែហើយ ដែលតារាចម្រៀងកញ្ញា យ៉ុង ច័ន្ទសុធាវី ត្រូវជាបងបង្កើតអ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បាត់ខ្លួនអំឡុងពេលទៅសម្តែងនៅទឹកដីមហាអំណាចសហរដ្ឋអាមេរិក ដោយរួមវត្តមានតារាកំប្លែងជាប់ងារមាឌល្អិចចិត្តស្លុយនាយ ក្រិន និងអ្នកនាង ប្រិមប្រិយ។
ទើបតែនៅតែថ្ងៃទី ៥ ខែមករា ក៏ផ្ទុះព័ត៌មានពីសហរដ្ឋអាមេរិកមកថា តារាចម្រៀង យ៉ុង ច័ន្ទសុធាវី ក៏ស្រាប់តែបាត់ខ្លួន ដោយមិនដឹងពីមូលហេតុ ដែលនាំឲ្យមនុស្សជាច្រើននាំគ្នាលើកឡើងថា៖ «ការបាត់ខ្លួនរបស់តារាចម្រៀង យ៉ុង ច័ន្ទសុធាវី នៅលើទឹកដីអាមេរិក ដែលជាប្រទេសមួយ គ្រប់ជាតិសាសន៍ដទៃចង់រស់នៅនោះ អាចជាការរត់គេចខ្លួន គេចពីការវិលត្រឡប់មកស្រុកកំណើត ក្នុងចេតនាចង់រស់នៅទីនោះតែម្ដង»។
ជាមួយគ្នានោះ លោក សុះ ម៉ាច ប្រធានសមាគមសិល្បៈខ្មែរ ក៏បានថ្លែងថា៖ «ការបាត់ខ្លួនរបស់ យ៉ុង ច័ន្ទសុធាវី អាចជាទង្វើដើរតាមគន្លង តារាចម្រៀងពីរដូង អ្នកនាង ហង្ស ពិសី និង ស៊ិន សុម៉ាលី កាលពីពីរឆ្នាំមុន។ ពួកគេក៏បាត់ខ្លួនអ៊ីចឹងដែរ»។
ប៉ុន្តែតបនូវព័ត៌មានចេញផ្សាយនេះ អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា ត្រូវជាប្អូនស្រីបង្កើតកញ្ញា យ៉ុង ច័ន្ទសុធាវី បានសរសេរក្នុងទំព័រហ្វេសប៊ុកស្នើថា៖ «សូមមេត្តាកុំទាន់ប្រើភាសាថា (រត់គេច) គួរតែប្រើភាសារ (បាត់ខ្លួនសិនទៅ) ព្រោះវីហ្សាគាត់មិនទាន់ផុតកំណត់ទេ រហូតដល់ខែ ៤ ឆ្នាំ ២០១៦ ឥឡូវនេះទាំងខ្ញុំនិងគ្រួសារកំពុងសហការជាមួយអ្នកធានាបងស្រីខ្ញុំ។ ខ្ញុំមិនទាន់បានដំណឹងពីគាត់ទេ ហើយយើងមានការព្រួយបារម្ភណាស់ បើសិនករណីនេះមិនមែនជាការរត់គេចទេ ប៉ុន្តែជាការបាត់ខ្លួនក្នុងករណីចាប់ជំរិត ឬភេរវកម្ម ព្រោះពេលបាត់ខ្លួនគឺមានព័ត៌មានថាមានគេចាប់»។
នាងបានបញ្ជាក់ទៀតថា៖ «ប៉ូលិសសហរដ្ឋអាមេរិកមានការសង្ស័យនឹងកំពុងតាមប្រមាញ់ជនគោលដៅទាំងនោះ។ ប្រសិនករណីនេះមិនពិត ខ្ញុំ គ្រួសារនឹងមានសិទ្ធិប្តឹងតបនឹងការបកស្រាយនេះ ព្រោះជាការបង្ខូចកេរ្តិ៍ឈ្មោះគ្រួសារខ្ញុំទៅវិញ។ ឧទាហរណ៍ ចោរ គេប្រើពាក្យថា (ជនសង្ស័យជាដើម) សូមជួយកែសម្រួល»។
ដូចគ្នានេះតារាចម្រៀងអ្នកនាង កែវ ច័ន្ទសម្ផស្ស ដែលគេស្គាល់ថាត្រូវជាបងប្អូនជីដូនមួយក៏បានលើកឡើងថា៖ «បើករណីគាត់រត់គេចដូចគេនិយាយមែន គាត់ធ្វើខុសធ្ងន់ណាស់សម្រាប់អ្នកធានា និងខ្ញុំផ្ទាល់ ខ្ញុំពិតជាសោកស្តាយណាស់! មែនហើយ! និយាយថារត់គេចបានលុះត្រាតែបងស្រី យ៉ុង ច័ន្ទសុធាវី ផុតកំណត់វីហ្សានៅអាមេរិក។ គាត់គ្រាន់តែមិនទាន់បានផុតកុងត្រាស្ពុនស័រនៅអាមេរិក មិនបានបំពេញការងារឲ្យរួចរាល់ ដូច្នេះកុំនិយាយពាក្យថារត់គេច»។
រសៀលម្សិលមិញ តារាកំប្លែងប្រិមប្រិយដែលរួមដំណើរទៅសម្តែងនៅអាមេរិកជាមួយកញ្ញា យ៉ុង ច័ន្ទសុធាវី បានចេញវីដេអូបញ្ជាក់ តារាចម្រៀងរូបនេះបានបាត់ខ្លួនខណៈចេញទៅហាត់ប្រាណពេលព្រឹកតាមទម្លាប់។ របស់របរប្រើប្រាស់ និងខោអាវរបស់នាងនៅផ្ទះទាំងអស់។
ក្នុងវីដេអូនោះអ្នកនាងប្រិមប្រិយ បញ្ជាក់ថា៖ «ការបាត់ខ្លួនបងស្រី សុធាវី មិនទាន់កំណត់ថា គាត់រត់គេចទេ ហើយស្ពន់ស័រប្តឹងប៉ូលិសនៅអាមេរិកនោះ គឺប្តឹងពីការបាត់ខ្លួនគាត់ មិនមែនប្តឹងថា គាត់រត់គេចខ្លួនទេ ព្រោះរឿងនេះនៅមិនទាន់ដឹងច្បាស់អំពីមូលហេតុទេ»៕
