ដោយ៖ ខាន់ លក្ខិណា | ថ្ងៃសៅរ៍ ទី9 មករា 2016
http://vodhotnews.com
គណៈមេធាវីនៃព្រះរាជណាចក្រកម្ពុជា អំពាវនាវឲ្យជនបរទេសដែល កំពុងប្រកបវិជ្ជាជីវៈ ជាមេធាវី នៅកម្ពុជាទាំងអស់ ត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីឲ្យបានត្រឹមត្រូវ ដើម្បីប្រកបវិជ្ជាជីវៈរបស់ខ្លួនឲ្យស្របតាមច្បាប់ ។
សេចក្ដីជូនដំណឹងរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៦ ឲ្យដឹងថា កន្លងមកនេះ មានការប្រកបវិជ្ជាជីវៈមេធាវីដែលមានលក្ខណៈ អនាធិបតេយ្យពីសំណាក់ជនបរទេស ដែលអ្នកខ្លះជាមេធាវី ហើយអ្នកខ្លះទៀតមិនមែនជាមេធាវី។ គណៈមេធាវីកម្ពុជា ចាត់ទុកថា សកម្មភាពរបស់ជនបរទេសទាំងអស់នោះ កំពុងបំផ្លាញវិជ្ជាជីវៈមេធាវី និងបំផ្លាញដល់ការពង្រឹងនិតីរដ្ឋនៅកម្ពុជាផងដែរ។
សេចក្ដីជូនដំណឹងបញ្ជាក់ថា ការប្រកបវិជ្ជាជីវៈរបស់ជនបរទេសទាំងនោះ មានទម្រង់ច្រើន តួយ៉ាង ការិយាល័យពិគ្រោះយោបល់ច្បាប់ ក្រុមហ៊ុនមេធាវីដែលមានសុទ្ធតែមេធាវីបរទេស ការិយាល័យវិជ្ជាជីវៈមេធាវីមានមេធាវីខ្មែរ ឈរឈ្មោះជាតំណាងដើម្បីលាក់បាំងការប្រកបវិជ្ជាជីវៈមេធាវីរបស់បរទេស ក្រុមហ៊ុនប្រឹក្សាច្បាប់ និងពន្ធដារ ជាដើម។
សេចក្តីជូនដំណឹងដដែលឲ្យដឹងដែរថា ជនបរទេសដែលប្រកបវិជ្ជាជីវៈ ទាំងអស់ត្រូវដាក់ពាក្យស្នើសុំចុះ បញ្ជីនៅគណៈមេធាវី ដើម្បីបានប្រកបវិជ្ជាជីវៈរបស់ខ្លួនឲ្យស្របច្បាប់ក្នុងប្រទេសកម្ពុជា ដោយអនុលោមតាម សេចក្ដីសម្រេចលេខ ០០៤/សសគម/១៦ ជនបទេសដែលកំពុងប្រកបវិជ្ជាជីវៈជាមេធាវី អាចដាក់ពាក្យចុះបញ្ជី ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ០៩ ខែមីនាឆ្នាំ ២០១៦ ខាងមុននេះ ។ សេចក្ដីជូនដំណឹងបញ្ជាក់ថា ការប្រកបវិជ្ជាជីវៈជាមេធាវីរបស់ជនបរទេសណា ដែលមិនមានការចុះបញ្ជីស្របច្បាប់នោះ និងត្រូវផ្ដន្ទាទោស៕
សូមសរសេរមកកញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com
