​ក្រុមហ៊ុន អេ​ហ្សិត​ ប្រកាស​ឈប់​យកលុយ​ពី​ពលរដ្ឋ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​

ដោយ៖​ ​លី បេឡា​ | ថ្ងៃសៅរ៍ ទី9 មករា 2016
http://vodhotnews.com

សេចក្តីប្រកាសចុះឈ្មោះឈប់បង់ប្រាក់របស់ក្រុមហ៊ុន AZ (រូបថតពីហ្វេសប៊ុកក្រុមហ៊ុន AZ Investment)


​ក្រុមហ៊ុន អេ​ហ្សិត​អ៊ិន​វេស​មេន ដែល​ធ្វើ​ការវិនិយោគ​លើ​បញ្ជារ​បង់​ប្រាក់​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ លេខ ៤ បានសម្រេច​ធ្វើការ​អនុវត្ត​នូវ​គោលការណ៍​មិន​យកប្រាក់​ចំពោះ​រថយន្ត​ពលរដ្ឋ​ដែល​រស់នៅ​តាម បណ្ដោយ​ផ្លូវ​នោះ​តាម​ការបញ្ជា​របស់​នាយ​ក​រដ្ឋមន្ត្រី​។​

​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​អាកាស​តិច​ណូ កាលពី​ថ្ងៃ​ទី​៥ ខែ​មករា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​ឲ្យ​បញ្ឈប់​ការ​យក​ប្រាក់​ពី​រថយន្ត​របស់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ដែល​រស់​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​។​

​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន អេ​ហ្សិត អ៊ិន​វេស​មេន ចុះ​ថ្ងៃ​ទី​៨ ខែ​មករា​នេះ​ឲ្យដឹងថា ​ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​អនុ​វត្ត​នូវ​គោលការណ៍​មិន​យក​ប្រាក់​ចំពោះ​ប្រជាពលរដ្ឋ និង មន្ត្រីរាជការ ដែល​រស់នៅ​លើ​ផ្លូវជាតិ​លេខ​៤​នេះ​ចាប់ពី​យប់​ម៉ោង​សូន្យ និង សូន្យ​នាទី ថ្ងៃទី ០៧ ខែ មករា​តទៅ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ឲ្យដឹងថា ​ការមិនយក​លុយ​នេះ ​អនុវត្ត​ចំពោះ​រថយន្ត ប្រជាពលរដ្ឋ និង មន្ត្រីរាជការ​ណា​ដែល​ធ្វើ​ដំណើរ​ជា​ញឹកញាប់​ពី​តំបន់​ផ្លូវជាតិ​លេខ​៤​ទៅ​ធ្វើការ​នៅ​ភ្នំពេញ ឬ​ពី​ភ្នំពេញ​ទៅ​តំបន់​ចម្ការ​ក្បែរ​នោះ​។ តែ​ចំពោះ​រថយន្ត​ដែល​ធ្វើដំណើរ​យូរៗ​ម្ដង​ពី​ចោម​ចៅ​ទៅ ស្រែអំបិល ឬ កំពង់សោម​ត្រូវ​បង់ប្រាក់​ជា​ធម្មតា​។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ក្រុមហ៊ុន អេ​ហ្សិត ក៏​អំពាវនាវ​ឲ្យ​ម្ចាស់​រថយន្ត​គ្រួសារ និង មន្ត្រីរាជការ​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ដែល​មិន​ទាន់​ទទួលបាន​ការអនុគ្រោះ​សម្រាប់​ការបង់ប្រាក់​ទាំងអស់ ឲ្យ​ចុះ​ឈ្មោះ​សុំ​ការ​មិន​បង់​ប្រាក់​នៅ​តាម​បណ្ដារ​បញ្ជារ​បង់ប្រាក់រ​បស់​ក្រុមហ៊ុន​ដែល​នៅ​ជិត​បំផុត​។​

​គួរបញ្ជាក់​ថា ​ការបង់ថ្លៃ​ធ្វើ​ដំណើរ​សម្រាប់​រថយន្ត​គ្រួសារ និង រថយន្ត​ម​មន្ត្រី​រាជ​នៅ​តាម​ផ្លូវជាតិ​លេខ​៤​នោះ កន្លង​មក​ត្រូវ​បង់ថ្លៃ ១៨០០​រៀល រាល់​ការធ្វើដំណើរ​ឆ្លងកាត់​ម្ដង​។ យ៉ាងណា​បើ​តា​មប្រសាសន៍​នាយករដ្ឋមន្ត្រី​ហ៊ុន សែន រថយន្ត​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​អម​សងខាង​ផ្លូវ​នោះ​ចំនួន ៣២៩០៧​គ្រឿង​មិន​ត្រូវ​បង់​ប្រាក់​ទៀត​ទេ​ចាប់ពី​ថ្ងៃ​ទី​៧ ​ខែ​មករា​តទៅ​៕


សូម​សរសេរ​មកកាន់​លោក លី បេឡា តាមរយៈ  bela@vodhotnews.com

What Next?

Recent Articles