ដោយ៖ លី បេឡា | ថ្ងៃសៅរ៍ ទី9 មករា 2016
http://vodhotnews.com
ក្រសួងសាធារណការនឹងធ្វើការផាកពិន័យឡើងវិញនៅដើមខែមីនា ឆ្នាំ២០១៦ខាងមុខនេះ ចំពោះរថយន្តគ្រប់ប្រភេទណាដែលមិនមានវិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេសយានយន្តត្រឹមត្រូវ។
សេចក្ដីប្រកាសរបស់ក្រសួងសាធារណៈការនិង ដឹកជញ្ជូន ចុះថ្ងៃទី ៨ ខែមករាឲ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែមីនា តទៅនគរបាលចរាចរណ៍ផ្លូវគោក នឹងធ្វើការពិន័យ លើរថយន្តគ្រប់ប្រភេទនៅតាម ផ្លូវថ្នល់ បើមិនមានវិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេសយានយន្ត ឬមានវិញ្ញាបនបត្រដែលអស់ សុពលភាព។
កាលពីថ្ងៃសុក្រម្សិលមិញក្រសួងមហាផ្ទៃប្រកាសផ្អាកការផាកពិន័យបណ្តោះអាសន្នលើរថយន្តដែលមិនទាន់មានឯកសារគ្រប់គ្រាន់ដោយអះអាងថា ទុកពេលមួយរយៈឲ្យម្ចាស់រថយន្តទៅធ្វើការត្រួតពិនិត្យបច្ចេកទេស និងបំពេញឯកសារបន្ថែមទៀតដើម្បីឲ្យស្របតាមច្បាប់កំណត់។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសាធារណៈឲ្យដឹងទៀតថា ប្រជាពលរដ្ឋរាប់ពាន់នាក់យករថយន្តទៅត្រួតពិនិត្យបច្ចេកទេសនៅមន្ទីរសាធារណការ និងដឹកជញ្ជូន នៅតាមរាជ ធានី/ខេត្តច្រើនដែលបណ្តាលឲ្យមានការកកស្ទះ ខាតបង់ពេលវេលា ថវិកា និងការចំណាយប្រាក់បន្ថែម ពីម្ចាស់រថយន្តលើសពីការកំណត់ក្នុងតារាង។
ដើម្បីកែលម្អស្ថានភាពខាងលើឲ្យប្រសើរឡើងនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការក៏បានចេញនូវអនុសាសន៍សំខាន់ ៣ចំនុចដូចជា ស្នើឲ្យម្ចាស់រថយន្តមកដាក់ពាក្យស្នើសុំជាមុននៅតាមមណ្ឌលត្រួតពិនិត្យ ការស្នើឲ្យបង់ប្រាក់សេវាតាមតម្លៃដែលបានកំណត់ដែលបានបិទផ្សាយ និងការទាក់ទងផ្ដល់ព័ត៌មានតាមលេខទូរសព្ទដែលបង្ហាញនៅតាមការិយាល័យត្រួតពិនិត្យ ចំពោះការទាមទាតម្លៃ បន្ថែម ការមិនចេញបង្កាន់ដៃបង់ប្រាក់។
សូមសរសេរមកកាន់លោក លី បេឡា តាមរយៈ bela@vodhotnews.com