គ.ជ.ប នឹង​ជ្រើស​រើស​អគ្គលេខាធិការ​និង​អគ្គលេខាធិការ​រង​នៅ​ថ្ងៃ​ទី​១៥ មករា

ដោយ សុជីវី
2016-01-09
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ហង្ស ពុទ្ធា ៦២០
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ថ្លែង​បន្ទាប់​ពី​កិច្ច​ប្រជុំ នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥។ RFA/Morm Moniroth


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​ជ្រើស​រើស​អគ្គលេខាធិការ នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ខាង​មុខ។ សមាជិក គ.ជ.ប បញ្ជាក់​ថា ស្ថាប័ន​នេះ​ត្រៀម​រៀបចំ​យ៉ាង​ណា​ឲ្យ​ដំណើរ​ការ​ជ្រើស​រើស​នេះ អាច​ឲ្យ គ.ជ.ប ជ្រើស​រើស​បាន​អ្នក​ដែល​មាន​សមត្ថភាព​មក​បំពេញ​ការងារ​ផង និង​អាច​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​ពលរដ្ឋ​ទូទៅ​ផង។

ការ​លើក​ឡើង​របស់​សមាជិក គ.ជ.ប នៅ​ពេល​នេះ បន្ទាប់​ពី​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា អឺរ៉ា (ERA) លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ដំណើរ​ការ​ជ្រើស​រើស​បេក្ខជន​កាន់​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។

សមាជិក និង​ជា​អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មករា ថា ក្នុង​ដំណើរ​ការ​ជ្រើស​រើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​នេះ គ.ជ.ប អនុវត្ត​តាម​ច្បាប់ និង​ធ្វើ​ដោយ​ប្រយ័ត្ន​ប្រយែង។ លោក​ថា គ.ជ.ប ទទួល​យក​អនុសាសន៍​ពី​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ប៉ុន្តែ​ការ​សម្រេច​យ៉ាង​ណា គឺ​ជា​ភារៈ​របស់​សមាជិក គ.ជ.ប ទាំង ៩​រូប។ លោក​ថា សមាជិក គ.ជ.ប នឹង​ជួប​ពិភាក្សា​​ពី​ដំណើរ​ការ​នេះ​នៅ​ថ្ងៃ​ទី​១៥ មករា៖ «គ.ជ.ប នឹង​រៀបចំ​ផ្គូផ្គង​ទៅ​លើ​លក្ខខណ្ឌ ៣​ចំណុច។ ទី​១ គឺ​កម្រិត​អប់រំ។ ទី​២ កម្រិត​បច្ចេកទេស ហើយ​ទី​៣ កម្រិត​ទុក​ចិត្ត​បាន​របស់ គ.ជ.ប។ ឧទាហរណ៍​គាត់​មាន​សញ្ញាបត្រ​ខ្ពស់ គាត់​ចេះ​បច្ចេកទេស​ល្អ​ហើយ ប៉ុន្តែ​បើ គ.ជ.ប ខ្លួន​ឯង​អត់​ទុក​ចិត្ត​ថា យក​មក​អាច​គោរព​ធ្វើ​ការ​ឲ្យ​មាន​ប្រសិទ្ធភាព​តាម​ការ​ចង្អុល​បង្ហាញ​របស់ គ.ជ.ប នោះ ក៏​មិន​ជ្រើស​រើស​យក​ដែរ»

សេចក្ដី​ថ្លែងការណ៍​របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា អឺរ៉ា ចេញ​កាល​ពី​​ថ្ងៃ​ទី​៨ ខែ មករា បាន​លើក​ឡើង​ថា គ.ជ.ប ថ្មី​ដែល​មាន​ថ្នាក់​ដឹក​នាំ​ថ្មី​ហើយ​នោះ ចាំបាច់​ត្រូវ​មាន​អគ្គលេខាធិការ​ថ្មី។ អឺរ៉ា ជំរុញ​ឲ្យ គ.ជ.ប ជ្រើស​រើស​យក​មនុស្ស​ថ្មី​ធ្វើ​ជា​អគ្គលេខាធិការ។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា គ.ជ.ប បាន​ប្រកាស​បេក្ខជន​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង ១៥​នាក់ ក្នុង​នោះ​មាន បេក្ខជន ៣​នាក់​សម្រាប់​ប្រកួត​ប្រជែង​យក​តំណែង​អគ្គលេខាធិការ គឺ​មាន លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្នុង​តំណែង​បច្ចុប្បន្ន និង​នាយក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ លោក​បណ្ឌិត ហេង មណីចិន្តា ព្រម​ទាំង​នាយក​អង្គការ​ខារ៉ាម​កម្ពុជា (CARAM) លោក យ៉ា ណាវុធ។ ចំណែក​បេក្ខជន ១២​នាក់​ទៀត សម្រាប់​ប្រកួត​យក​តំណែង​អគ្គលេខាធិការ​រង ៤​រូប ក្នុង​នោះ​ក៏​ឃើញ​មាន លោក សុកុលៈ ទីប៉ោ អគ្គលេខាធិការ​រង​បច្ចុប្បន្ន លោក នី ចរិយា ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក គឹម ឈន អ្នក​សម្រប​សម្រួល​កម្មវិធី​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) និង​លោក​មេធាវី សំ សុគង់ ជាដើម។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ គ.ជ.ប ដែល​ប្រកាន់​យក​ការ​អនុវត្ត​ច្បាប់។ យ៉ាង​ណា​លោក​ថា ការ​ប្រកាស​ជ្រើស​រើស​ជា​សាធារណៈ មិន​គួរ​រើស​យក​អ្នក​ចាស់​ឲ្យ​បំពេញ​ការងារ​ក្នុង​តួនាទី​ដដែល​ឡើយ។ លោក គល់ បញ្ញា រំពឹង​ថា គ.ជ.ប នឹង​បង្ហាញ​ស្នាដៃ​ថ្មី​មួយ​ទៀត​ក្នុង​ការ​បង្កើត​លេខាធិការដ្ឋាន​ថ្មី៖ «គាត់​ធ្វើ​ទៅ​តាម​ច្បាប់ តាម​គោលការណ៍​តម្លាភាព ព្រោះ​គាត់​ទើប​តែ​ចាប់​ផ្ដើម​ដែរ។ គ.ជ.ប ហ្នឹង​ក៏​ថ្មី​ដែរ ចឹង​យើង​នៅ​ចាំ​មើល គឺ​មិន​ទាន់​មាន​ការ​វាយ​តម្លៃ​អី​ទេ គឺ​គ្រាន់​តែ​មាន​ការ​ព្រួយ​បារម្ភ​ទេ ព្រោះ គ.ជ.ប គាត់​នៅ​មាន​ស្នាដៃ​ដែល​ត្រូវ​បង្ហាញ​ទៅ​មុខ​ជាច្រើន​​ទៀត»

ទាក់ទិន​នឹង​ដំណើរ​ការ​រើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា នឹង​មាន​ការ​សម្រប​សម្រួល​មួយ​ក្នុង​ចំណោម​សមាជិក គ.ជ.ប ប្រសិន​បើ​ពុំ​មាន​លទ្ធផល នឹង​ឈាន​ដល់​ការ​បោះ​ឆ្នោត៖ «ទី​១ គឺ​ជជែក​គ្នា​រក​កុងសង់ស៊ីស បើ​សិន​ជា​មាន​គំនិត​ហ្នឹង​ស្រប​គ្នា​លើស​ពី ៥០​បូក​មួយ​ហើយ អត់​ត្រូវ​ការ​អី​ទៀត​ទេ គឺ​សម្រេច​យក​តែ​ម្ដង ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ នៅ​ពេល​ដែល​ប្រជុំ​ហ្នឹង​ឯង​មាន​លទ្ធផល​ប្រហាក់​ប្រហែល​គ្នា ពេល​នោះ​អាច​នឹង​មាន​ការ​បោះ​ឆ្នោត។ ផ្លូវ​ច្បាប់ ប្រសិន​បើ​បោះ​ឆ្នោត​អវត្តមាន​ម្នាក់ ក្នុង​ករណី​ស្មើ​គ្នា​ចឹង ប្រធាន​មាន​ឧត្តមភាព​ជា​អ្នក​សម្រេច»

មាត្រា​៥៥ នៃ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ចែង​ថា អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង ត្រូវ​តែង​តាំង​ដោយ​ព្រះរាជក្រឹត្យ តាម​សំណើ​របស់​ប្រធាន គ.ជ.ប បន្ទាប់​ពី​បាន​យោបល់​យល់​ស្រប​តាមសំឡេង​ភាគ​ច្រើន​ដាច់​ខាត នៃ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទាំង​មូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "គ.ជ.ប នឹង​ជ្រើស​រើស​អគ្គលេខាធិការ​និង​អគ្គលេខាធិការ​រង​នៅ​ថ្ងៃ​ទី​១៥ មករា"

  1. Judge says:

    សំណូមពរ និងសង្ឃឹមថា គណកម្មការថ្មី នៃ គជប នឹង បង្ហាញអោយឃើញពី លេខា និង អនុលេខាថ្មីនៃ គជប ជាមិនខាន។ បទពិសោធន៏ និង សមត្ថភាព លោក មុនីចិន្តា ហាក់គ្រប់គ្រាន់ សំរាប់ គជប ដើម្បីរក្សាភាពឯករាជ្យ និង ដំណើរការប្រសើរនៃ គជប។
    អវត្តមាននៃ លោក ទេព នីថា នឹងមិនធ្វើអោយមាន អសកម្ម នៃគជបឡើយ។
    សំនៀង

  2. Anonymous says:

    Tep nitha has to work at Suntry co.LTD to collect trash around Phnom Penh Capital.
    I hope Suntry pay him good.
    God Bless all cambodian.