​ប្រជា​សហគមន៍​ឡ​ពាង​ខេត្តកំពង់ឆ្នាំង​ធ្វើ​ពិធី​រំ​ឭក​ការឈូសឆាយដី​របស់ខ្លួន​​

ដោយ៖​ ​លី បេឡា​ | ថ្ងៃសៅរ៍ ទី9 មករា 2016, 05:23 PM
http://vodhotnews.com

ប្រជា​សហគមន៍​ឡ​ពាងធ្វើ​ពិធី​រំ​ឭក​ការឈូសឆាយដី​របស់ខ្លួន (រូបភាពពីប្រជា​សហគមន៍​ឡ​ពាង​ខេត្តកំពង់ឆ្នាំង)


​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុកកំពង់ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំ​ បាន​នាំគ្នា​ធ្វើ​ពិធី​រំឭក​ដល់​ការឈូសឆាយដី​និង​ផ្ទះ​រយៈពេល​ជាង​៨​ឆ្នាំ​មកហើយ​មិនទាន់​មាន​ដំណោះស្រាយ​និង​សំណង​។​

បើ​តាម​ការ​ឲ្យដឹង​ពី​តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ក្នុងភូមិ​ឡ​ពាង អ្នកស្រី អ៊ុំ សូ​ភី​ឲ្យដឹងថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែ​មករា​នេះ​ប្រជាពលរដ្ឋ​ជាង​២០​នាក់​ដែល​ប៉ះពាល់​ដោយសារ​ការឈូសឆាយដី​តាំងពី​ឆ្នាំ​២០០៨​នោះ បាន​ជួបជុំគ្នា​ធ្វើ​ពិធី​បួងសួង​រំឭក​ចំពោះ​ការបាត់បង​ដី ផ្ទះ និង​ឧទ្ធិស​កុសល​ដល់​អ្នក​ដែល​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ការតស៊ូ​ទាមទារ​ដីធ្លី​កន្លងមក​។​

​អ្នកស្រី​បន្ថែមថា​៖ “​ការធ្វើ​ពិធី​ព្រឹក​នេះ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​បាន​ដឹង​ពី​ភាពឈឺចាប់​របស់​ប្រជាជន​ដែល​ត្រូវបាន​ក្រុមហ៊ុន KDC ឈូសឆាយ​យក​ដី ផ្ទះ​ដោយ​គ្មាន​សំណង និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការដោះស្រាយ​សំណង​ជូន​ពួក​ខ្ញុំ​ផង​ដែរ​”​។​

​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​អ្នកស្រី ស៊ុំ ថុន មានប្រសាសន៍ថា ក្រុមហ៊ុន​ឈូស ឆាយ​យក​ផ្ទះ​អស់​មួយ​ខ្នង និង មាន​ដី​ដំណាំ​ស្វាយ ដូង​ផ្សេងៗ​ជាច្រើន​ទៀត​របស់​គាត់​។ អ្នកស្រី​បន្ថែមថា  បន្ទាប់ពី​មាន​ការ​ឈូសឆាយ​មក​គ្រួសារ​គាត់​មាន​ជីវភាព​ចុះខ្សោយ​លំបាក​ក្នុង​ការរស់នៅ​។

​មន្ត្រី​សម្របសម្រួល​អង្គកា​រលី​កាដូ លោក គង់ ចន្ទ​មុនី បានឲ្យដឹង​ថា​ ការឈូស​ឆាយ​ដី​របស់​ប្រជាជន​នេះ​ មាន​រយៈកាល​យូរ​ដែល​មិន​ទាន់​មាន​ដំណោះស្រាយ​ ដូច្នេះ​ប្រជាពលរដ្ឋ​អាច​មាន​សិទ្ធិ​របស់​គាត់​ក្នុងកា​រ​ប្រារព្ធ​ពិធី​ផ្សេងៗ​ដើម្បី​រំឭក​ដល់​ការបាត់បង់​ដី​និង ផ្ទះ​។ លោក​បន្ថែម​ថា ​ការធ្វើ​ពិធី​រំ​ឭក​នេះ​​ ដោយសារ​ប្រជាពលរដ្ឋ​អស់​សង្ឃឹម​ចំពោះ​ការ​រងចាំ​នូវ​ដំណោះស្រាយ​ផ្សេងៗ​ផងដែរ​។​

​គួរបញ្ជាក់​ថា​ ក្នុង​ជំលោះ​ដីធ្លី​នេះ​ប្រជាពលរដ្ឋ​អះអាងថា ​ក្រុមហ៊ុន​KDC របស់​លោកស្រី​ជា ខេង ភរិយា​លោក​ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយដី​ផ្ទះ និង​ចម្ការ​របស់​ប្រជាជន​ភូមិ​ឡ​ពាង​ជាច្រើន​ឆ្នាំ​មកហើយ ដែល​ធ្វើឲ្យ​ប្រជាជន​រស់នៅ​ជួប​ការលំបាក​សព្វបែបយ៉ា​ង​៕


សូម​សរសេរ​មកកាន់​លោក លី បេឡា តាមរយៈ  bela@vodhotnews.com

What Next?

Recent Articles