ដោយ រដ្ឋា វិសាល
2016-01-09
RFA

សកម្មភាពប្រតិភូគណបក្សសង្គ្រោះជាតិ ព្រះសង្ឃ និស្សិត និងប្រជាពលរដ្ឋខ្មែរ ប្រឈមមុខនឹងកងកម្លាំងការពារព្រំដែន និងប្រជាពលរដ្ឋវៀតណាម ករណីវៀតណាម ជីកស្រះចូលក្នុងតំបន់ហាមឃាត់នៅខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥។ RFA/Ratha Visal
អាជ្ញាធរ និងមន្ត្រីជំនាញខេត្តរតនគិរី បដិសេធថា មិនមានកងទ័ពវៀតណាម ចូលមកកាន់កាប់ដីសម្បទាននៅខេត្តរតនគិរី ដូចព័ត៌មានដែលបានផ្សព្វផ្សាយនោះឡើយ ក៏ប៉ុន្តែទទួលស្គាល់ថា ដីសម្បទានមួយចំនួន បានផ្តល់ទៅឲ្យក្រុមហ៊ុនវៀតណាម ឬមានក្រុមហ៊ុនសម្បទានរបស់សម្បទានិកខ្មែរខ្លះ មានភាគហ៊ុនជាមួយម្ចាស់ភាគហ៊ុនជាយោធាវៀតណាម។
អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក ញ៉ែម សំអឿន អះអាងនៅថ្ងៃទី៩ ខែមករា ថា ក្រសួងជំនាញពាក់ព័ន្ធ បានពិនិត្យកិច្ចសន្យាវិនិយោគដីសម្បទានរបស់ក្រុមហ៊ុនចំនួន ៤ រកឃើញថា មិនមានពាក់ព័ន្ធកាន់កាប់ដោយកងទ័ពវៀតណាម នោះទេ។ ដោយឡែកដីសម្បទានរបស់ក្រុមហ៊ុនទាំង ៤ នោះ ត្រូវបានកាត់បន្ថយផ្ទៃដីវិនិយោគពី ៤ម៉ឺនហិកតារមកនៅត្រឹម ៤ពាន់ហិកតារ តាមការដាំដុះបានជាក់ស្តែងរបស់ក្រុមហ៊ុនទាំងនោះ៖ «ក្រុមហ៊ុនទាំងអស់ដែលគេគិតថាជាក្រុមហ៊ុនពាក់ព័ន្ធវៀតណាម គឺមិនមែនទេ។ នៅក្នុងផ្លូវច្បាប់ គឺខ្មែរយើងអ្នកកាន់កាប់ទាំងអស់»។
ក្រុមហ៊ុនសម្បទានទាំង ៤ ដែលបានជាប់ពាក់ព័ន្ធនឹងកងទ័ពវៀតណាម នោះ រួមមាន ក្រុមហ៊ុនវាសនា អិនវេសមេន (Veasna Investment) ទទួលបានដីសម្បទានចំនួន ៥.០៨០ហិកតារ បច្ចុប្បន្នកាត់បន្ថយនៅត្រឹម ១.៥៤១ហិកតារ។ ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ (Chea Chanrith Aphivath) ទទួលបានដីសម្បទានចំនួន ៥.១២៤ហិកតារ បច្ចុប្បន្នកាត់បន្ថយនៅត្រឹម ៧៨៧ហិកតារ។ ក្រុមហ៊ុន រ៉ាម៉ាខ្មែរអន្តរជាតិ ឬក្រុមហ៊ុន ម៉ែន សារុន (Rama Khmer International) ទទួលបានដីចំនួន ៦១.៣២៤ហិកតារ ប៉ុន្តែបច្ចុប្បន្ននៅត្រឹម ៩០០ហិកតារ និងក្រុមហ៊ុន ដាយដុង យឿង (Dai Dong Duoung) ទទួលបានដីសម្បទាន ៤.៨៨៩ហិកតារ ប៉ុន្តែបច្ចុប្បន្នត្រូវកាត់បន្ថយមកនៅត្រឹម ៨០០ហិកតារ។ ដីសម្បទានទាំងនោះមានទីតាំងនៅក្នុងស្រុកអូរយ៉ាដាវ និងស្រុកអណ្ដូងមាស។
ស្រដៀងគ្នានេះដែរ ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី លោក សយ សូណា បញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនទាំង៤ គឺមានក្រុមហ៊ុនចំនួន៣ ម្ចាស់អាជ្ញាប័ណ្ណជាជនជាតិខ្មែរ លើកលែងតែក្រុមហ៊ុន ដាយដុង យឿង ម្ចាស់អាជ្ញាប័ណ្ណមានជនជាតិវៀតណាម។ លោកថា ក្រសួងកសិកម្ម បានចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនសម្បទានទាំង៤ ស្របតាមគោលនយោបាយសម្បទានដីសេដ្ឋកិច្ច ក៏ប៉ុន្តែកន្លងទៅ ដីសម្បទានរបស់ក្រុមហ៊ុនទាំង៤ ខ្លះពាក់ព័ន្ធដីព្រៃឈើ ឬដីមានផលប៉ះពាល់ប្រជាពលរដ្ឋ។ ហេតុនេះ អន្តរក្រសួងបានចុះពិនិត្យវាយតម្លៃកាត់ចេញដីមានផលប៉ះពាល់ចេញ នៅសល់ដីដែលក្រុមហ៊ុនបានដាំដុះជាក់ស្តែងតែប៉ុណ្ណោះ។ លោកទទួលស្គាល់ក្រុមហ៊ុនទាំង៤ មានភាគហ៊ុនជាមួយកងទ័ពវៀតណាម ក៏ប៉ុន្តែមិនមានការទទួលស្គាល់ផ្លូវការពីរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ក្នុងការបញ្ចូលភាគហ៊ុននោះទេ៖ «វិនិយោគយើងមិនប្រកាន់ថាចិន វៀតណាម ស្អីទេ លើកិច្ចសន្យាវិនិយោគត្រឹមត្រូវ។ ក្រុមហ៊ុនហ្នឹងមិនមានឈ្មោះផ្លូវការ ក្រុមហ៊ុន៧២ ឬ ៧៥ នោះទេ»។
របាយការណ៍អង្កេតរបស់មន្ត្រីឃ្លាំមើលបញ្ហាដីធ្លីព្រៃឈើនៃសមាគមអាដហុក (ADHOC) ខេត្តរតនគិរី ឲ្យដឹងថា ក្រុមហ៊ុនទាំងបួននេះមានភាគហ៊ុនជាមួយកងពលលេខ១៥ របស់វៀតណាម។ ហេតុនេះ ក្រុមហ៊ុន រ៉ាម៉ាខ្មែរអន្តរជាតិ ឬក្រុមហ៊ុន ម៉ែន សារុន និងក្រុមហ៊ុន ជា ច័ន្ទរិទ្ធ បានប្ដូរឈ្មោះក្រុមហ៊ុនទាំងពីរថា ក្រុមហ៊ុន៧២។ ក្រុមហ៊ុន ដាយដុង យឿង ប្ដូរមកក្រុមហ៊ុន៧៤។ ចំណែកក្រុមហ៊ុន វាសនាអិនវេសមេន ប្ដូរមកក្រុមហ៊ុន៧៥។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក លោក ឆាយ ធី កត់សម្គាល់ថា បន្ទាប់ពីការបញ្ចូលភាគហ៊ុនជាមួយកងពលលេខ១៥ របស់វៀតណាម ប្រតិបត្តិការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនសម្បទានទាំង៤ ត្រូវបានដឹកនាំដោយក្រុមបច្ចេកទេសជាជនជាតិវៀតណាម ចំណែកកម្មករក្នុងក្រុមហ៊ុន គឺជាពលរដ្ឋខ្មែរ។ លោកអះអាងថា មិនឃើញមានកងទ័ពវៀតណាម បោះមូលដ្ឋានទ័ព ឬធ្វើប្រតិបត្តិការក្នុងក្រុមហ៊ុនទាំងនោះទេ៖ «យើងចុះអង្កេតមិនបានឃើញជាទ្រង់ទ្រាយកងទ័ពវៀតណាម ទេ។ ជាទូទៅឃើញការគ្រប់គ្រងដោយអ្នកបច្ចេកទេសមេការ អ្នកតំណាងជាជនជាតិវៀតណាម ហើយការដាំដុះម៉ៅការដោយកម្មករខ្មែរ»។
យ៉ាងណាក៏ដោយ ក្នុងនាមជាអភិបាលរងខេត្តដែរនោះ លោក ញ៉ែម សំអឿន បញ្ជាក់ថា ប្រសិនក្រុមហ៊ុនសម្បទានណាអនុវត្តផ្ទុយទៅនឹងកិច្ចសន្យាផ្តល់ដីសម្បទាន រាជរដ្ឋាភិបាលនឹងពិនិត្យសម្រេចលុបចោល ឬដកហូតដីសម្បទាននោះវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកភូមិឡពាងធ្វើពិធីតាមបែបសាសនារំឭកខួបនៃការឈូសកម្ទេចផ្ទះរបស់ពួកគាត់
- លោក សម រង្ស៊ី៖ កម្ពុជា បាត់បង់ដែនសមុទ្រអស់ទំហំ៦ម៉ឺនគីឡូម៉ែត្រក្រឡា
- អាជ្ញាធរក្រុងបាត់ដំបងរុះរើផ្ទះពលរដ្ឋ៣ខ្នងដែលរស់នៅលើដីគម្រោងសួនសាធារណៈ
- តុលាការខេត្តព្រះវិហារកោះហៅតំណាងអ្នកភូមិ៤នាក់សាកសួរនៅថ្ងៃទី១៣មករា
- អតីតអភិបាលស្រុកនៅមណ្ឌលគិរីថាវៀតណាមបន្តធ្វើចម្ការលើដីជម្លោះក្បែរប៉ុស្តិ៍ដាក់ដាំ
- ទាហានព្រំដែនខ្មែរបដិសេធសំណើរបស់ទាហានថៃសុំដើរល្បាតព្រំដែនលើផ្លូវថ្មី
- សហគមន៍ទំនាស់ដីធ្លីយកគោយន្តបិទផ្លូវចូលសាលាខេត្តព្រះវិហារជាច្រើនម៉ោង
- ពលរដ្ឋប្រមាណ១០០នាក់បន្តតវ៉ាមុខតុលាការខេត្តសៀមរាបទាមទារដោះលែងចៅសង្កាត់
- សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរបន្តដេកតវ៉ានៅមុខសាលាខេត្តព្រះវិហារ
បើសំណេរ មិនពិតស្តីពី បញ្ហាដី ៤ ហ្មឺនហិកតា គួរតែ រដ្ឋាភិបាលកម្ពុជាប្តឹងទៅតុលាការពីការមួលបង្កាច់។ លោក ហោ ណាំ ហុង ជាអ្នកឯកទេសខាងកិច្ចការបរទេស និង មានជំនាញស្រាប់ ក្នុងការប្តឹងបែបនេះ។ សូមរាជរដ្ឋាភិបាល ដាក់បណ្តឹង ដោយគ្មានរើសអើង ដើម្បីអត្ថិភាព និងកិត្តិយសនៃរដ្ឋាភិបាល។អរគុណ។
មន្ត្រី ជំនាញខ្មែរ តើមាន មនសិការជាតិ ឬ ទេ ?
ឬ ក៏ ហៃអ៊ើ ! អាជ័យធ្លាក់ទឹក . ( កន្លែង ទឹកដី ព្រំដែននឹង មិនមែន ផ្ទះ វីឡា អញផង នឹង ! )
បើសំណេរនេះមិនពិត សូមរដ្ឋាភិបាលប្តឹងដល់ជនអគតិនោះ ទោះបីជាបរទេស ឬ ជាតិខ្មែរ ជាពិសេសបរទេស ដើម្បី កិត្តិយសខ្មែរ។ ឬដូចគេសរសេរពិតមែន?????
អ្នកសរសេរត្រូវគោរពសិលធម៌វិជ្ជាជីវៈ ក៏ដូចជាមន្ត្រីគ្រប់ថ្នាក់បំរើរាស្ត្រ។
សំនៀង
ខ្ញំុចង់បានព័រមានដែរជាការពិត។