ដោយ អ៊ុំ រង្សី
2016-01-09
RFA

រថយន្តឈ្នួលដឹកអ្នកដំណើរចូលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥។ RFA/Men Sothyr
អគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យម្ចាស់យានយន្តគ្រប់ប្រភេទ មកដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសជាមុន ដើម្បីងាយស្រួលដល់មន្ត្រីត្រួតពិនិត្យ ចាត់ចែងត្រួតពិនិត្យតាមលំដាប់លេខរៀង ជៀសវាងខាតពេលវេលា។ សង្គមស៊ីវិល គាំទ្រវិធានការនេះ ប៉ុន្តែស្នើឲ្យក្រសួងត្រូវតែធានាថា ការអនុវត្តជាក់ស្តែងមានប្រសិទ្ធភាព។
អគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា វិធានការនេះ សំដៅបញ្ចៀសការកកស្ទះ សម្រួលដល់ការត្រួតពិនិត្យ និងជៀសវាងការចំណាយក្រៅផ្លូវការ។
ក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងទៀតថា កន្លងមកមានរថយន្តជាច្រើនបានចូលមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសក្នុងពេលជាមួយគ្នា និងបើកបររថយន្តតៗគ្នាជាជួរ សំដៅទៅកាន់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេស បានធ្វើឲ្យមានការកកស្ទះ ខាតពេលវេលា និងមានករណីខ្លះ ម្ចាស់យានយន្តបានចំណាយប្រាក់បន្ថែមលើសពីការកំណត់ក្នុងតារាងសេវាសាធារណៈ ដែលបានបិទផ្សាយនៅទីតាំងផ្តល់សេវាទៀតផង។
ការលើកឡើងរបស់ក្រសួងនៅពេលនេះ ត្រូវបានបង្ហាញឡើងនៅក្នុងសេចក្តីជូនដំណឹង នៅថ្ងៃទី៨ ខែមករា។
សេចក្តីជូនដំណឹងដដែលឲ្យដឹងថា ក្រសួងក៏បានដាក់វិធានការដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ដែលត្រូវទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឲ្យអនុវត្តចំណុចសំខាន់ គឺស្នើឲ្យម្ចាស់យានយន្តមកដាក់ពាក្យស្នើសុំមុននៅតាមបញ្ជរទទួលពាក្យសុំ តាមមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសនីមួយៗ ដើម្បីងាយស្រួលដល់មន្ត្រីធ្វើការត្រួតពិនិត្យ ស្នើឲ្យម្ចាស់យានយន្តបង់ប្រាក់សេវាសាធារណៈតាមតម្លៃដែលបានកំណត់ក្នុងតារាងកម្រៃសេវាសាធារណៈ ដែលបិទផ្សាយនៅតាមបញ្ជរទទួលពាក្យសុំ។ ក្រសួងព្រមានថា បើម្ចាស់យានយន្តណាមិនអនុវត្តតាមចាប់ពីថ្ងៃជូនដំណឹងនេះ នគរបាលចរាចរណ៍នឹងផាកពិន័យលើរថយន្តដែលគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬអស់សុពលភាព នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ។
ទាក់ទិននឹងករណីនេះ ប្រធានអង្គការសម្ព័ន្ធអន្តរជាតិទប់ស្កាត់ផលប៉ះពាល់គ្រឿងស្រវឹង (IARD) លោក គង់ សុវណ្ណ មានប្រសាសន៍ថា លោកគាំទ្រចំពោះការជូនដំណឹងនេះ ព្រោះវាមិនត្រឹមតែចំណេញពេលវេលាប៉ុណ្ណោះទេ វានឹងជួយលុបបំបាត់ការចំណាយផងដែរ ប៉ុន្តែស្នើឲ្យក្រសួង ត្រូវតែធានាថា បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការផ្តល់សេវាដល់ម្ចាស់យានយន្ត កុំឲ្យមានភាពយឺតយ៉ាវបន្តទៀត៖ «ខ្ញុំនៅតែព្រួយបារម្ភដដែល ព្រោះថា ហើយក៏ចង់ស្នើឲ្យថា បើថ្ងៃដែលទុកផុតកំណត់ត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ រឹតបន្តឹងចឹង ក្រសួងគួរតែត្រៀមឲ្យបានរួចរាល់ ទាំងកម្លាំងមន្ត្រីអនុវត្តការងារ ធ្វើម៉េចឲ្យបានលឿន ឲ្យអ្នកដែលយកយានយន្តទៅត្រួតពិនិត្យច្បាស់នឹងពីដំណាក់កាលដែលត្រូវទៅណាឲ្យច្បាស់»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីអគ្គនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសុំការបញ្ជាក់បន្ថែមលើសេចក្តីសេចក្តីជូនដំណឹងនេះបាននៅឡើយទេ នៅថ្ងៃទី៩ ខែមករា។
ប៉ុន្តែនៅក្នុងសេចក្តីជូនដំណឹងដដែលឲ្យដឹងថា អគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានប្រកាសដល់ម្ចាស់យានយន្តគ្រប់ប្រភេទថា ប្រសិនបើករណីមានភាពមិនប្រក្រតីណាមួយ ដូចជា ការទាមទារកម្រៃបន្ថែម ការមិនចេញបង្កាន់ដៃបង់ប្រាក់ ឬការចេញបង្កាន់ដៃបង់ប្រាក់មិនគ្រប់ចំនួន ខុសពីតារាងកម្រៃសាធារណៈ ម្ចាស់យានយន្តត្រូវធ្វើការទាក់ទងទៅមន្ត្រីដែលមានឈ្មោះ និងលេខទូរស័ព្ទដែលបង្ហាញនៅតាមការិយាល័យត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬនៅតាមមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស។
ក្រសួងរំពឹងថា ប្រជាពលរដ្ឋជាម្ចាស់យានយន្តទាំងអស់ នឹងរួមគ្នាសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកជំនាញថាការលុបចោលប័ណ្ណបើកបរម៉ូតូជាឧបសគ្គក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍
- រដ្ឋាភិបាលប្រកាសលុបចោលប័ណ្ណបើកបរប្រភេទ “ក១”
- ពលរដ្ឋខេត្តត្បូងឃ្មុំស្នើរដ្ឋាភិបាលជួយសម្រួលតម្លៃបង់ពន្ធនាំចូលនិងស្លាកលេខម៉ូតូ
- ក្រសួងនឹងតម្រូវឲ្យពលរដ្ឋទៅបង់ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍តាមប្រព័ន្ធធនាគារ
- ពលរដ្ឋគាំទ្រនាយករដ្ឋមន្ត្រីបញ្ជាឲ្យបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរម៉ូតូ
- សង្គមស៊ីវិលស្នើផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ដល់ពលរដ្ឋឲ្យបានទូលំទូលាយ
- ពលរដ្ឋនៅខេត្តកំពង់ឆ្នាំងសម្រុកទិញមួកសុវត្ថិភាព
- សមត្ថកិច្ចខេត្តកំពង់ឆ្នាំងឃាត់យានយន្ត១៥២គ្រឿងក្នុងរយៈពេល២ថ្ងៃនៃការអនុវត្តច្បាប់
- នគរបាលនិងអាជ្ញាធរខណ្ឌខ្លះនៅភ្នំពេញធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ថ្មី
“”””””” . . ហេតុតែ ក្រ បានជា ខំ ដាក់ អីវ៉ាន់ លានចេញ . !