ដោយ៖ លី បេឡា | ថ្ងៃអាទិត្យ ទី10 មករា 2016, 05:05 PM
http://vodhotnews.com
ក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រុមការងារអន្តរក្រសួងនឹងជួបគ្នាពិភាក្សាលើការធ្វើវិសោធនកម្មនៃមាត្រាមួយចំនួននៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនៅដើមសប្តាហ៍ក្រោយ ដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលជាកង្វល់របស់ប្រជាពលរដ្ឋ។
នៅក្នុងសន្និសីទសារព័ត៌មាននៃក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១០ ខែមករានេះ អគ្គស្នងការរងនគរបាលជាតិនៃក្រសួងមហាផ្ទៃ លោក ហ៊ឹម យ៉ាន បានឲ្យដឹងថា នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ក្រុមការងារអន្តរក្រសួងដែលមានក្រសួងសាធារណការ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួង ឧស្សាហកម្ម និង ក្រសួងសេដ្ឋកិច្ច នឹងជួបពិភាក្សាគ្នាលើការធ្វើវិសោធនកម្ម មាត្រាមួយចំនួននៃច្បាប់ចរាចរណ៍។
លោក ហ៊ឹម យ៉ាន បន្ថែមថា ក្រុមការងារអន្តរក្រសួងបានធ្វើសេចក្ដីព្រាងនៃវិសោធនកម្មមាត្រាមួយចំនួននោះរួចរាល់ហើយដូចជា ទាក់ទងនឹងបណ្ណបើកបរម៉ូតូកំលាំងក្រោម ១២៥សេសេ និងមាត្រាសំខាន់ផ្សេងៗទៀតដែលត្រូវធ្វើជាបន្ទាន់។
ការបង្កើតក្រុមការងារអន្តរក្រសួងដើម្បីពិភាក្សាក្នុងការធ្វើវិសោធនកម្មច្បាប់នេះ ធ្វើឡើងបន្ទាប់នាយករដ្ឋមន្ត្រីប្រកាសជាបន្តបន្ទាប់ចំពោះការកែប្រែនូវចំណុចមួយចំនួនដែលជាកង្វល់របស់ប្រជាពលរដ្ឋដូចជា ការប្រកាសលុបចោលការធ្វើប័ណ្ណបើកបរសម្រាប់ម៉ូតូចាប់ពី ១២៥សេសេចុះក្រោម និងការប្រកាសឲ្យកាត់ឈ្មោះជាម្ចាស់កម្មសិទ្ធិដោយមិនបាច់មានការបញ្ជាក់ពីម្ចាស់ដើមផងដែរ៕
សូមសរសេរមកកាន់លោក លី បេឡា តាមរយៈ bela@vodhotnews.com