ដោយ៖ លី បេឡា | ថ្ងៃអាទិត្យ ទី10 មករា 2016, 05:47 PM
http://vodhotnews.com
នាយករដ្ឋមន្ត្រីបានប្រកាសបន្ថយថ្លៃប្រើប្រាស់អគ្គិសនីរដ្ឋនៅត្រឹមតែ ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើប្រាស់ក្រោម៥០គីឡូវ៉ាត់ម៉ោង លោកអះអាងថា ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅរសៀលថ្ងៃទី១០ ខែ មករា នេះថា ឆ្នាំ២០១៧រដ្ឋាភិបាលសម្រេចបន្ធូរបន្ថយតម្លៃប្រើប្រាស់ចន្តរអគ្គិសនីរដ្ឋបន្ថែមទៀតដែលលោកអះអាងថា ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកសរសេរបន្ថែមថា៖ “ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិអោយបានជ្រាបថា ចាប់ពី ខែ មេសា ឆ្នាំ ២០១៧ ទៅ ចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញអគ្គីសនីរដ្ឋក្នុងបរិមាណពី ៥០ គីឡូវ៉ាត់ម៉ោងក្នុងមួយខែចុះក្រោម គឺបង់ថ្លៃត្រឹមតែ ៦១០ រៀល តែប៉ុណ្ណោះ” ។
បន្ថែមលើសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃអាទិត្យនេះដែរ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា ចំពោះលំនៅដ្ឋានប្រជាពលរដ្ឋដែលប្រើអគ្គិសនីមិនលើសពី ១០គីឡូវ៉ាត់ម៉ោង ក្នុង១ខែ នឹងគិតថ្លៃត្រឹម ៤៨០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលត្រៀមអនុវត្តនៅចុងខែមីនា ឆ្នាំ ២០១៦ ខាងមុខ។
គួរបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រីធ្លាប់មានប្រសាសន៍ថា ចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០២០ រាជរដ្ឋាភិបាលនឹងបញ្ចុះតម្លៃអគ្គិសនីជាបន្តបន្ទាប់ ចាប់ពី៨២០រហូតដល់៧៣០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ដើម្បីទាក់ទាញវិនិយោគ និងសម្រួលដល់តម្រូវការចាំបាច់ក្នុងជីវភាពរស់នៅរបស់ពលរដ្ឋ។
សូមសរសេរមកកាន់លោក លី បេឡា តាមរយៈ bela@vodhotnews.com
Election time, every is discount. Buy one get two free!!!