ខាត់ សុឃីម ទម្លាយ​សារ​ត្អូញត្អែរ​អន់​ចិត្ត​ចំពោះ​ទង្វើ​ប្អូន​ៗ

PPP-Khath-Sokhim-singer-sokim




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: មជ្ឈ​ដ្ឋាន​គ្រប់​ច្រក​ល្ហក ដែល​ធ្លាប់​​ពោល​សរសើរ​មិន​​ដាច់​ពី​មាត់​ពី​គ្រួសារ​សិល្បៈ​ត្រកូល ​«ខាត់» ថា ពួកគេមាន​សាមគ្គីភាព​គ្នា​​ល្អនោះ បាន​ផ្ទុះ​​ការ​ភ្ញាក់​ផ្អើ​ល​ហើយស្រ​ឡាំ​ង​កាំង​ ដោយ​​ឃើញ​មាតា​ទី ២​ ត្រកូល​ «ខាត់» អ្នកនាង ខាត់ សុឃីម បង្ហោះ​សារ​ក្នុង​​ហ្វេសប៊ុក​ថ្លែង​​ត្អូ​ញ​ត្អែរ​នឹក​ស្តាយ​អតីត​កាល​ដែល​បាន​ចំណាយ​លើប្អូនៗ​។ ​

វាចា​លើ​បណ្ដាញ​ស​ង្គម​នេះ​​នាំ​ឲ្យ​មាន​ការយល់​ឃើញ​ថា ពេល​នេះក្រុម​គ្រួសារ​សិល្បៈ​ ត្រកូល​ «ខាត់»​ ទំនង​ជា​បែកបាក់​សាមគ្គី​គ្នា​។​បន្ថែមពី​ការយល់​ឃើញ​នោះ ក៏​មាន​មតិ​ជាច្រើន​បាន​លើកមក​បង្ហាញ​ពី​អតី​ត​​តារា​ចម្រៀង​ពហុ​ជំនាញ​របស់​អ្នក​នាង ខាត់ សុឃីម បាន​សោយ​លាភលើ​ទ្រនំ​សិល្បៈ​​ស្ទើរ​តែ​ក្លាយជា​សេដ្ឋិនី នៅពេលនេះ​មក​សង្ខេបខ្លី​ថា៖ «​ដំបូង​ឡើយ​​ គ្រួសារសិល្បៈ​ត្រកូល ​ខាត់​ គ្រាន់​តែ​​​ជា​ក្រុម​ភ្លេង​ប្រពៃណី​មួយ​​ធម្មតា​តែប៉ុណ្ណោះ​នៅ​តា​ម​រោ​ង​​ការ​ស្រុកស្រែ​ឯ​ម្តុំភ្នំ​ប្រសិទ្ធិ៍ បាន​​លុយ​មួយ​ម៉ឺន​ពីរ​ម៉ឺន​រៀលសម្រាប់​​ដូរ​ អង្ករ​​ជា​ច្រើន​​ឆ្នាំ​​​ហើយ​ ក្រោម​ការ​ដឹកនាំ​របស់​ឪពុក​ពួកគេ​។ ប៉ុន្តែ​ដោយ​ភាព​ឈ្លាសវៃ​ពី​ កូន​ស្រី​ច្បង​ អ្នក​នាង ខាត់ សុឃីម បាន​ពង្រីក​កិត្ដិសព្ទ​​ត្រកូលខ្លួន​លើ​វិថី​សិល្បៈ​រក​លុយ​​បាន​វាល់​សែន​ដុល្លារ​ចិញ្ចឹម​ប្អូន​ៗ និង​គ្រួសារ មាន​ផ្ទះ​ពីរ​បីនៅ​ក្រុង​ភ្នំពេញ​»។​​

សំណេរចារ​​រៀបរាប់​​របស់​អ្នកនាង ខាត់ សុឃីម បន្ដ​ថា៖​ «​ស្រណោះ​ណាស់​ រៀន​មិន​បាន​ចប់ ​ព្រោះ​តែ​ជីវ​ភាព។កើត​មក​បង​គេ​ ត្រូវ​ទទួល​មើល​ថែ​ប្អូន​ៗ ត្រូវធ្វើ​ជាម​នុស្ស​​ធំ​មុន​អាយុ​ រក​ហូប​សឹង​តែ​មិន​គ្រប់។​ តែ​សប្បាយ​ចិត្ត​ក្រុមគ្រួ​សារ​ចេះ​យល់​ចិត្ត​គ្នា ​មិន​​ដែល​មើលបំណាំ​គ្នា​ទេ និង​​មិន​ដែល​ស្អប់​គ្នា​ មិន​ដែល​ធ្វើ​ឲ្យបង​ពិបាក​ចិត្ត​ ដល់​ឥឡូវ​ចង់​ឲ្យ​ក្លាយ​ជា​​ក្មេង​វិញ​មិនកើត»។

សារ​បរិយា​យ​​នេះ​បង្ហាញ​​អត្ថន័យ​​ស្តែង​ពីគុណធម៌​ជាកូន​ច្បង​ កើត​ក្នុង​ត្រកូល​គ្រួសារ ដែលមានជីវភាព​​ទី​ទាល់​ ហើយ​​ត្រូវរ៉ាប់​រង​មើល​ថែប្អូនៗជួស​អ្នក​មានគុណ​​ដែល​គ្មាន​លទ្ធភាព​។ ប៉ុន្តែដែល​នាំ​ឲ្យ​មហាជន​ភ្ញាក់​ផ្ញើល ​និង​គិតថា ​គុណសម្បត្តិ​របស់​តារា​ចម្រៀង​រៀម​ច្បង​​ត្រកូល​ ខាត់ ចំពោះ​ប្អូន​ៗ​នោះ ​​ទំនង​​ក្លាយ​ជាការ​រមិល​គុណ​ពីប្អូនណា​ម្នាក់​​ហើយបាន​ជា​អ្នកនាង​ដាច់​ចិត្ត​បង្ហោះ​ជាសា​ធារណៈ​​បែប​នេះ​។


​អ្នក​នាង ខាត់ សុឃីម និង​ស្វាមី ព្រមទាំង​កូន​ទាំង​ពីរ​នាក់។ ហ្វេសប៊ុក

​អ្នក​នាង ខាត់ សុឃីម និង​ស្វាមី ព្រមទាំង​កូន​ទាំង​ពីរ​នាក់។ ហ្វេសប៊ុក

ឃ្លាដែល​ស្តែង​ឲ្យ​មាន​ការ​យល់​គិតបែបនេះ អ្នកនាង ខាត់ សុឃីម បា​ន​លើ​កឡើង​ថា៖ ​«សរសេរ​ពាក្យខ្លះ​ផ្ញើ​​ដល់​បង​ប្អូន​រួម​ពូជ​ ​ហាម​ធ្វើ​បាប​ចិត្ត​បង។ បង​ក៏​ជា​អ្នក​មើល​ថែ​ប្អូន​ជំនួ​ស​ពុក​ម៉ែ​​។ បង​គឺ​អណ្តូង​​ទឹក​​ដែល​ប្អូនអាច​ដួស​ហូប​បាន​ម្ដង​មួយ​កូន​ផ្តិល។​ សម្រាប់​គ្រួសារ​​យើង​​ ភា​រកិច្ច​នេះ​បង​នឹង​បញ្ចប់​នៅ​ពេលបងស្លាប់​»។

យ៉ាង​ណាមិញ​ ​អ្នក​នាង ខាត់ សុឃីម នៅ​តែ​អះអាង​ច្បាស់​ថា ​សាមគ្គី​ភាព​នៃ​គ្រួ​សា​រសិល្បៈត្រកូល​ខាត់ របស់​​នាង​ គ្មាន​អ្វី​ប្រែ​​ប្រួល​នោះ​ទេ នៅ​តែមាន​ភាព​​ល្អូ​ក​ល្អិននឹង​គ្នា និង​នៅ​តែ​មូល​គ្នា​ជាក្រុម​សិល្បៈ​ពហុជំនាញ​ដដែល។ ​ ​

សិល្ប​កា​រិ​នី​ពហុជំនាញ​ រៀមច្បង​ត្រកូល​​ ខាត់​​ ដែល​កំពុង​ទទួល​​ភាព​កក់​ក្តៅ​នៃ​ស្នេហា​ពី​ដើមទ្រូង​​ស្វាមី​វ័យក្មេង​ ក៏​ប្រាប់​​ពី​មូល​ហេតុ​ដែលនាំ​ឲ្យ​​នាង​ដាច់​ចិត្ត​បញ្ចេញសារ​ត្អូញត្អែរ​ពី​ប្អូន​​បង្ហោះ​ថា៖​ «​វាមិន​មែន​ជា​រឿង​អី​ធំ​ដុំ​ដល់​ថ្នាក់​បរិយាយ​ហែក.​ទ្រូង​នោះ​ទេ។​ តែអ្វី​ដែល​ខ្ញុំ​សរសេរនោះ​ ​ខ្ញុំ​គ្រាន់តែ​​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​នឹ​ង​ប្អូន​ៗ​បន្តិច​បន្ដួច​ ហើយ​មិនមានពេល​វេលា​ទៅ​អប់រំប្អូនៗដោយ​ផ្ទាល់​ ​ក៏​សរសេរ​រំឭក​ដល់​ប្អូន​ៗ​ឲ្យ​បានឃើញ​នៅ​ក្នុង​បណ្តាញ​​សង្គម​ហ្វេសប៊ុក​ទាំង​អស់​គ្នា​ហ្នឹង​​ទៅ​»។

អ្នកនាង ខាត់ សុឃីម អះអាង​ក្នុង​ន័យ​ធៀប​ទៀត​ថា នាង​មាន​គ្រាប់​ក្នុង​ដៃ​ច្រើន​ណាស់ តែ​នាង​មិន​បាញ់​ក្នុង​រង្វង់​ក្រុម​គ្រួសារ​ដាច់​ខាត។ អ្នក​នាងបញ្ជាក់​ថា គ្រាប់​​ទាំងនោះ​សម្រាប់​​តែ​ទុកបាញ់​​អ្នកដទៃ​។

អ្នក​នាង​លើកឡើង​ថា៖​ «រឿង​គ្រួសារ​ខុស​ឆ្គង​ម្ដង​​រំលងមួយ​គ្រា វា​នឹង​រលាយ​កំហឹង​ហើយ ហើ​យ​មូលហេតុ​ដែល​ខ្ញុំ​សរសេរនេះ វាមិនមែន​ជា​ចេតនា​ចង់​ឲ្យ​ប្អូនខ្ញុំ​ភ្ញាក់​ខ្លួន​​ដឹ​ង​​ពី​អ្វី​ដែល​ខ្ញុំ​ជា​ បង​ស្រី បានធ្វើ​ចំពោះពួកគេ​មុននោះ​ទេ។ ម្យ៉ាង​ទៀត សារនេះ​ក៏​ជា​រំឭក​អស់​​ប្អូន​ៗ ដែល​មាន​បង​ខំតស៊ូ​គ្រប់​បែប​យ៉ាងកន្លង​មក​ដើម្បី​ប្អូន​នោះ​កុំឲ្យ​គេ​ចេះ​តែ​ភ្លេច​ខ្លួន​»៕


What Next?

Recent Articles