Mon, 11 January 2016
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: រូបថតបង្ហាញភាពសិចស៊ី របស់តារាសម្តែងទើបរះថ្មីលើវិថីសិល្បៈ ដេននី ក្វាន់ ត្រូវបាននាងបង្ហោះចូលក្នុងបណ្តាញសង្គមមានបន្ដបន្ទាប់ ហើយក៏រងនូវការរិះគន់កាន់តែខ្លាំងណាស់ដែលពីមហាជន។
ប៉ុន្តែយ៉ាងណាតារារះថ្មីតែល្បីខាងធ្វើជំនួញ កាន់ដុំដុល្លារពេញៗ ណែនក្នុងដៃវ័យ ២២ ឆ្នាំរូបនេះ នាងបានអះអាងថា នាងគ្មានថ្ងៃដើរថយក្រោយឡើយ សម្រាប់ភាពសិចស៊ីនេះ។
រូបថតបង្ហោះក្នុងគណនីហ្វេសប៊ុក បង្ហាញពីភាពសិចស៊ីកប់ៗស៊េរីលើសពីដែននៃភាពអៀនខ្មាសរបស់ប្រពៃណីវប្បធម៌ស្រ្តីខ្មែរ ទៅតោងបាននូវវប្បធម៌បែបបស្ចិមប្រទេស ស្លៀកប៊ីគីនីបញ្ចេញសាច់ដុំដើមទ្រូងស្ទើរទាំងស្រុង ឈរកាច់រាងស្លៀកខ្យល់ដណ្ដប់មេឃនៅលើឆ្នេរសមុទ្រមុនៗ ដែរទទួលរងត្រឹមតែមតិរិះគន់ថា នាងជាស្រ្តីខ្មែរ ជាន់ពន្លិចវប្បធម៌ខ្មែរ និងខ្លះក៏លើកឡើងថានាងចង់លើកពានតារាសិចស៊ីប្រចាំឆ្នាំអ៊ីចឹងតែប៉ុណ្ណោះ។
ប៉ុន្តែ រូបថតដែល កញ្ញា ដេននី ក្វាន់ ទើបបង្ហោះថ្មី ក្នុងរាងកាយសិចស៊ី ស្បៃប៉ាក់ចង់រឹតសាច់ដើមទ្រូងប៉ោងឡើង ធំមូលក្បំ ដៃឆ្វេងកាន់មាត់ត្បាល់ និងដៃស្តាំកាន់អង្រែបុកគ្រឿង មានក្បាលស្រដៀងនឹងអវយវៈភេទបុរសនោះ ហាក់បានរុញច្រានឲ្យគេសន្និដ្ឋានថា កញ្ញា ដេននី ក្វាន់ ទំនងជានិយមភាពបស្រើបស្រាលដុតបញ្ចេះអារម្មណ៍ប្រុសៗខ្លាំងណាស់ ទើបបង្ហាញពីកាយវិការបែបនេះ ។
តែយ៉ាងណាស្រីស្រស់សិចស៊ី ហ៊ឺហារនិងសម្ភារនិយម កញ្ញា ដេននី ក្វាន់ អះអាងថា កាយវិការ និងភាពសិចស៊ីនេះ មានត្រឹមតែចរិតខាងក្រៅប៉ុណ្ណោះ តែបេះដូងនាងខាងក្នុងរឹងមាំ និងស្អាតស្អំ មិនខុសពីស្រ្តីខ្មែរឯទៀតទេ។
តារាសិចស៊ី ដេននី ក្វាន់ បានបញ្ជាក់ថា៖ «រឿងសិចស៊ី វាជាចរិតធម្មជាតិរបស់ខ្ញុំ ខ្ញុំចូលចិត្តសិចស៊ី ហើយខ្ញុំក៏មិនខ្លាចថតភាពសិចស៊ីអ៊ីចឹងដែរ។ សម័យនេះហើយមិនមែនជា ៣០ ឆ្នាំមុនឯណា ត្រូវដើរឲ្យទាន់សម័យកាលផង»។
ដោយសារភាពក្លាហាន ហ៊ានបញ្ចេញភាពសិចស៊ី ស្ទើរលេចកេរ្តិ៍លើក្រោមនោះហើយ កញ្ញា ដេននី ក្វាន់ ដែលទើបនឹងបានប្រឡូកក្នុងវិថីសិល្បៈត្រឹមតែថតចម្រៀងខារ៉ាអូខេមួយបទពីរប៉ុណ្ណោះ ប៉ុន្តែឈ្មោះនាងហាក់អណ្តែតប្រកៀកប្រកិតនឹងតារាល្បីជំនាន់មុន។
នាងបញ្ជាក់ពីជំហរឲ្យដឹងថា៖ «បើទោះជារងនូវការរិះគន់ខ្លាំងប៉ុនណា សម្រាប់ភាពសិចស៊ីនេះ ខ្ញុំនឹងមិនបោះបង់វាទេ វាជាចំណូលចិត្ដ ហើយមានតែបង្កើតភាពសិចស៊ីឲ្យខ្លាំងជាងនេះ»។
ប៉ុន្តែបើទោះជានាងបង្ហាញពីមហិច្ឆតាឲ្យខ្លាំងលើភាពសិចស៊ីនោះក្តី តែនាងប្រាប់ថា មនុស្សជុំវិញខ្លួននាង ក្រៅបងស្រី និងប្អូនៗគ្មានអ្នកណាចូលចិត្តឲ្យនាងសិចស៊ីបែបហ្នឹងទេ។
នាងបញ្ជាក់ថា៖ «ឪពុកម្តាយខ្ញុំមិនបានដឹងថា ខ្ញុំសិចស៊ី ហើយបានសម្តែងក្នុងខារ៉ាអូខេស្លៀកប៊ីគីនី សិចស៊ីដែរ។ ពិសេសជាងនេះទៀតខ្ញុំទើបបែកពីសង្សារថ្មីនេះ ដោយសារការហាមឃាត់មិនឲ្យខ្ញុំសិចស៊ីមិនបាន»៕

