
តារាកំប្លែងនាយពែកមី ចូលរួមបុណ្យសពលោក វ៉ាន់ មករា ជាមិត្តរួមអាជីពសិល្បៈ និងតារាចម្រៀង វ៉ាន់ មករា កាលនៅរស់។ ភ្នំពេញ ប៉ុស្ដិ៍
Mon, 11 January 2016
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: វិនាទីនេះរូបកាយតារាចម្រៀងវ៉ាន់ មករា បានក្លាយជាផេះផង់ បន្សល់នៅត្រឹមតែស្រមោល និងសំឡេងដិតនៅក្នុងស៊ីឌី ព្រមទាំងក្តីរឭកអាឡោះអាល័យពីសាច់ញាតិ មិត្តភក្ដិនិងអ្នកគាំទ្រតែប៉ុណ្ណោះ។
អ្វីដែលកាន់តែនឹកសង្វេគក្រោយរូបកាយតារាចម្រៀងលេងសាក់ពេញខ្លួនរូបនេះក្លាយជាផេះផង់នោះ អ្នកសិល្បៈជាច្រើន នាំគ្នាពោលសរសើរថា តារាចម្រៀងផុតកាយសង្ខារ វ៉ាន់ មករា ជាមិត្តភក្ដិល្អ ចេះយកអាសាអ្នកជុំវិញខ្លួននោះ មិនគួរអាយុខ្លីសោះ។
ទន្ទឹមនឹងនោះ មិត្តភក្ដិសិល្បៈក៏ទម្លាយពីគ្រួសាររបស់លោកដែរថា៖ «មករា គ្មានសាច់ញាតិទេ មានតែម្តាយ ជរានៅម្នាក់ឯង»។តាមសម្តីតារាចម្រៀងជិតដិតនឹងសព លោក ទិត្យ វិច្ឆិកា បានឲ្យដឹងថា ហេតុការណ៍ក្រឡាប់រថយន្ដរបស់លោក វ៉ាន់ មករា បានកើតឡើងនៅម្តុំព្រៃនប់ ត្រង់ចំណុចផ្លូវមួយកន្លែង ដែលកោងយ៉ាងខ្លាំង។ ក្រោយកើតហេតុបានបញ្ជូនតាមរថយន្ដសង្គ្រោះបន្ទាន់ ប៉ុន្តែបើកទើបបានប្រមាណ ១៥ គីឡូម៉ែត្រពីកន្លែងលោកយាយម៉ៅ នៅពេជ្រនិល ឆ្ពោះមកភ្នំពេញ ក៏ត្រូវក្រឡាប់ជាលើកទី ២ តែម្ដង បណ្តាលឲ្យគេស្លាប់»។
ប៉ុន្តែ តារាចម្រៀងល្បីការងារមនុស្សធម៌មួយរូបក៏លើកឡើងដែរថា៖ «ខ្ញុំឆ្ងល់មែនទែន ដែលគេក្រឡាប់ឡានដូចគាត់ ២ ដងដូចគ្នាប៉ុន្តែគេអត់អី តែគាត់ម្នាក់ឯង (ស្លាប់) ហើយសព មករា នៅល្អទាំងអស់ អត់មានបែកខ្ញែកអីទេ »។
មរណភាព របស់តារាចម្រៀង លោក វ៉ាន់ មករា បានក្លាយជាប្រធានបទដ៏សែនក្រៀមក្រំ ជាទីបំផុតពីអ្នកសិល្បៈជាច្រើន ហើយគេក៏សង្កេតឃើញមានសិល្បករ សិល្បការិនីជាច្រើន បង្ហាញវត្តមានចូលរួមរំលែកទុក្ខ ក្នុងនោះក៏មានកំពូលតារាចម្រៀងព្រាប សុវត្ថិ និងតារាកំប្លែងនាយពែកមីផងដែរ។
អមដោយកាយវិការរួមគ្នារំលែកទុក្ខនេះ ពួកគេក៏បានសរសេរសារបង្ហាញក្តីនឹករឭកអាឡោះអាល័យពីមរណភាពរបស់តារាចម្រៀង វ៉ាន់ មករា ម្ចាស់បទ «ប៉ុណ្ណឹងល្មមហើយ» ដោយបរិយាយថា តារាចម្រៀងដែលល្បីខ្សត់ឱកាសឡើងឆាកសិល្បៈដោយសារសាក់ពេញខ្លួនលោក វ៉ាន់ មករា «ជាអ្នកសិល្បៈដែលមានចរិតល្អមិនគួរណាអាយុខ្លីទាល់តែសោះ មិនឆ្មើងឆ្មៃ ជួយយកអាសាគេ មិនប្រកាន់ខ្លួន»។
តាមការបញ្ជាក់ឲ្យដឹងពីសាច់ញាតិវ៉ាន់ មករា បានឲ្យដឹងថា៖ «សព តារាចម្រៀង វ៉ាន់ មករា នឹងបូជានៅល្ងាចថ្ងៃទី ១១ មករា វេលាម៉ោង ៥ ហើយក៏ជាកិច្ចបញ្ចប់បុណ្យសព ដ៏ក្រៀមក្រំនេះដែរ»។
នៅល្ងាចថ្ងៃទី ១១ ខណៈវេលាត្រូវបូជាសព រំកិលជិតដល់នោះក៏ផ្ទុះការភ្ញាក់ផ្អើល ពេញវត្ដទួលទំពូង បន្ទាប់ពីអាជ្ញាធរមានការរារាំងក្រោមកម្លាំងខណ្ឌចំការមន ដោយមិនឲ្យក្រុមគ្រួសារបូជាសពលោក វ៉ាន់ មករា នោះទេដោយខាងអជ្ញាធរលើកហេតុផងថា៖ «សពមិនទាន់មានឯកសារបញ្ជាក់ត្រឹមត្រូវពីករណីគ្រោះថ្នាក់ចរាចរណ៍នៅ ខេត្ដកំពង់ស្ពឺ»។
ប៉ុន្តែតារាសម្តែង ម៉ារ៉ា បូណា ដែលចូលរួមពិធីនោះ បញ្ជាក់ថា៖ «ពេលនេះសពបានបូជាតាមការគ្រោងទុក ក្រោយការព្យាយាមសុំសម្របសម្រួលពីបណ្ដាអ្នកសិល្បៈជាច្រើន អាជ្ញាធរក៏យល់ព្រម»៕