វិចិត្រករ​គំនូរ​ចាប់​អាជីព​ចម្លាក់​ស្ពាន់​រំពឹង​មាន​ទីផ្សារ​បរទេស​

វិចិត្រករ​ សុវណ្ណ វិបុល កំពុង​ផ្ចិត​ផ្ចង់​ធ្វើ​ចម្លាក់​ស្ពាន់ ដែល​ជា​ជំនាញ​មិន​សូវ​មាន​អ្នក​ចេះ​ច្រើន​នោះទេ​។ Scott Rotzoll

វិចិត្រករ​ សុវណ្ណ វិបុល កំពុង​ផ្ចិត​ផ្ចង់​ធ្វើ​ចម្លាក់​ស្ពាន់ ដែល​ជា​ជំនាញ​មិន​សូវ​មាន​អ្នក​ចេះ​ច្រើន​នោះទេ​។ Scott Rotzoll




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: នៅ​លើ​ធ្នើរ​ឈើ​ក្នុង​បន្ទប់​ស្ទូឌីយោ​របស់​លោក សុវណ្ណ វិបុល​ ធូប​មួយ​ដុំទើ​រក្បែរ​វិទ្យុ​កញ្ចាស់​ និង​រូបភាព​ព្រះ​ពុទ្ធ​មួយ​ផ្ទាំង​ ដែល​ឆ្លាក់​ពី​ស្ពាន់​លោហៈ។ វិចិត្រករ​វ័យ ៣៣ ឆ្នាំ អង្គុយ​លើ​កៅអី​ ភ្នែក​រំពៃ​មើល​រូប​ចម្លាក់​ដែល​មិន​ទាន់​រួចរាល់​ ខណៈ​ដៃ​កំពុង​តែ​មមាញឹក​។

លោក បាន​និយាយថា​៖ «​ចម្លាក់​ស្ពាន់​ដែល​ខ្ញុំ​ចូលចិត្ដ​គឺ​ចម្លាក់​ព្រះ​ពុទ្ធ​រូប​ ពីព្រោះ​វា​ពិបាក​ឆ្លាក់​។ ខ្ញុំ​ត្រូវ​ចំណាយ​ពេលកាត់​វា ​៣ ថ្ងៃ»។វិចិត្រករ​ចម្លាក់​លោហៈ​រូបនេះ​បាន​និយាយ​ទៀត​ថា៖ «ខ្ញុំ​គិត​ថា គ្មាន​នរណា​អាច​ឆ្លាក់​វា​លើ​ស្ពាន់​ឡើយ»។

ជាក់​ស្ដែង លោក វិបុល មិន​គិត​ថា នៅ​រាជធានី​ភ្នំ​ពេញ​មាន​ជាង​ចម្លាក់​ស្ពាន់​ច្រើន​នោះ​ទេ​។ មុនពេល​ចាប់​អាជីព​ជា​វិចិត្រករ​ចម្លាក់​នេះ លោក​ធ្លាប់មាន​បទ​ពិសោធ​ការងារ​ជា​ច្រើន ដូចជា​ បុគ្គលិក​នៅ​ផ្សារ​ទំនើប​ឡាក់គី និង​ជា​ជាង​គំនូរ​។

លោក​គួរ​តែ​អាច​បន្ដ​អាជីព​លើ​ជំនាញ​ចាស់​ដោយ​ចាប់​យក​ការ​គូរគំនូរ​លើ​ក្រដាស​លក់​ប្រកួត​ប្រជែង​ជាមួយ​ជាង​គំនូរ​នៅតាម​វិថី​សិល្បៈ​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​ពួកគេ​ភាគ​ច្រើន​មាន​ការ​សិក្សា​ជំនាញ​ត្រឹមត្រូវ​។ ប៉ុន្ដែ​លោក វិបុល ចាប់​អារម្មណ៍​ខ្លាំង​លើ​ការ​ច្នៃ​ប្រឌិត​អ្វី​ប្លែកៗ ហើយលោក​ក៏​បាន​អាន​សៀវភៅ​បង្រៀន​អំពី​ចម្លាក់​ស្ពាន់​។


ផ្ទាំង​ចម្លាក់​ស្ពាន់​មានរូប​ក្បាច់​ផ្កា​ភ្ញី និង​សត្វ​ដំរី​​យ៉ាង​រស់រវើក​។ Scott Rotzoll

ផ្ទាំង​ចម្លាក់​ស្ពាន់​មានរូប​ក្បាច់​ផ្កា​ភ្ញី និង​សត្វ​ដំរី​​យ៉ាង​រស់រវើក​។ Scott Rotzoll

លោក​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ចាប់​អារម្មណ៍​លេង​ស្ទីល​ចម្លាក់​ថ្មី​ៗ​។ នៅ​ពេល​ខ្ញុំ​ទៅ​ទស្សនា​នៅ​សារមន្ទីរ​ ពិព័រណ៍​ និង​តំបន់​ប្រវត្ដិ​សាស្ដ្រ ខ្ញុំ​បាន​ឃើញ​ចម្លាក់​ជាច្រើន​ផលិត​ពី​ថ្ម​ និង​ក្រដាស តែ​គ្មាន​ស្ពាន់​នោះ​ទេ​»។

តាំង​ពី​ឆ្នាំ ២០១៤ លោក​ វិបុល បាន​លក់​ចម្លាក់​ស្នាដៃ​របស់​ខ្លួន​ចំនួន​ប្រមាណ ១០០ ផ្ទាំង​ ភាគ​ច្រើន​នៅ​ហាង​មិត្ដភក្ដិ អ៊ីសូលីត​ (Insolite)​ លើ​វិថី លេខ ១៧៨។ លោក​អាច​លក់​ចម្លាក់​ស្ពាន់​ផ្ទាំងធំ​ក្នុង​តម្លៃពី​ ១០០ ដុល្លាររហូត​ដល់ ៤៥០ ដុល្លារ​។

ស្នាដៃ​​សិល្បៈ​របស់​លោក​​មាន​ដាក់​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា បារាំង អូស្ដ្រាលី និង​អាមេរិក​ផង​ដែរ។ ក្រៅពី​ចម្លាក់​ព្រះ​ពុទ្ធ​រូប លោក​ឆ្លាក់​រូប​ផ្សេង​ៗ​ទៀត ដូចជា ផ្កា​បុរាណ ប្រាសាទ​​អង្គរ​វត្ដ និង​បាយ័ន​ ព្រមទាំង​សត្វ​នាំ​សំណាង​ ដូចជា ដំរី​ ក្នុង​សន្លឹក​ស្ពាន់​ផង​ដែរ​។

លោក សុវណ្ណ វិបុល​ចង់​បង្ហាញ​ស្នាដៃ​ទាំង​នោះ​លើ​ឆាក​អន្ដរជាតិ​។ ​វិចិត្រករ​ចម្លាក់​ស្ពាន់​រូប​នេះ​បាន​លើក​ឡើង​ថា​៖ «​អ្វីដែល​ខ្ញុំ​រំពឹង​ខ្លាំង​បំផុត​នោះ​គឺ​ភ្ញៀវ​បរទេស​ដែល​អាច​ទិញ​ផលិត​ផល​របស់​ខ្ញុំ​។ មែន ភ្ញៀវ​ខ្មែរ​ចូលចិត្ដ​ចម្លាក់​របស់​ខ្ញុំ​ តែ​ពេល​ខ្លះ​ពួក​គេ​ពិបាក​លៃលកទិញណាស់​»។ តម្លៃ​ថ្លៃ​គួរ​សម​នៃ​ស្នាដៃ​សិល្បៈ​នេះ​ក៏​អាស្រ័យ​លើ​សម្ភារ​ប្រើប្រាស់​របស់​លោក​ វិបុល ​និងការ​ចំណាយ​ពេល​វេលា​ផ្ចិត​ផ្ចង់​ច្រើន។

លោក​សង្ឃឹម​ថា​ ថ្ងៃ​មុខ​នឹង​បង្កើត​ពិព័រណ៍​ស្នាដៃ​ផ្ទាល់​ខ្លួន​ និង​មាន​ឱកាស​បាន​​ជួប​វិចិត្រករដទៃ​ ព្រម​ទាំង​ម្ចាស់​ឧបត្ថម្ភ​។ លោក​ចង់​ចែក​រំលែក​ស្នាដៃ និង​បច្ចេកទេស​ចម្លាក់​ស្ពាន់​។ លោក​បាន​បញ្ជាក់​ថា​៖ «​មិន​មាន​អ្នក​ដឹង​អំពី​ភាព​ជោគជ័យ​ចំពោះ​អាជីព​នេះ​ឡើយ​»៕

What Next?

Recent Articles