សហជីពរកអន្តរាគមន៍ពីអ្នកពាក់ព័ន្ធឲ្យមានការដោះលែងមនុស្ស២នាក់​

ដោយ៖​ លី បេឡា​ | ថ្ងៃពុធ ទី10 កុម្ភៈ 2016, 04:45 PM​
http://vodhotnews.com

ប្រធាន​សហជីព​សេរី​កម្មករលោក ជា មុនី ​នា​ពេល​កន្លង​មក​

សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានដាក់លិខិតស្នើឲ្យក្រសួងការងារនិងសមាគម​រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ជួយអន្តរាគមន៍ឲ្យ​មានការដោះលែងនិងដក​ពាក្យ​បណ្តឹង​ប្រឆាំងសមាជិកសហជីព២នាក់ដែលត្រូវបានចាប់ខ្លួនកាលពី​ដើមខែកុម្ភៈ។

ក្នុងលិខិតមួយចុះថ្ងៃទី០៩ ខែកុម្ភៈ សហជីពបានស្នើឲ្យក្រសួងការងារជួយសម្រួលឲ្យតុលាការដោះលែងកញ្ញា យ៉ុង លាភ ​ជាសមាជិកសហជីពសេរី​កម្មករនិងលោក ទូច ស្រ៊ុន ដែលជាប្រធានសហជីពនេះប្រចាំរោងចក្រសេរី (ខេមបូឌា) ហ្គាម៉ិន ខូអិលធីឌី ដោយអះ​អាង​ថាដើម្បីបានបំរើការ​ងារសង្គមនិងសម្រួល​ដល់បន្ទុកគ្រួសារ។

ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាលោក ជា មុនី បានលើកឡើងថាការចាប់ខ្លួន​មន្រ្តីរបស់លោក២នាក់នោះគឺធ្វើឡើងដោយខុសច្បាប់។ លោកបន្ថែមថា៖ យើងមើលថាការធ្វើកូដកម្មបាតុកម្មហ្នឹងវាតាមនីតិវិធីឬក៏ខុសពីនីតិវិធី បើធ្វើតាមនីតិវិធីត្រូវតែដោះលែងគេមិនមែនដើរតែចាប់គេស្រេចតែចិត្ត។ អ្នកចាប់ហ្នឹងឃើញថាស្លៀកពាក់ស៊ីវិលហើយមកចាប់ដោយគ្មានដីកាហើយការចាប់ហ្នឹងមិនមែនជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែងទៀត។ អញ្ចឹងបានយើងឲ្យគណៈកម្មការហ្នឹងធ្វើការពិនិត្យឡើងវិញនិងធ្វើការស្រាវជ្រាវហើយគណៈកម្មការអាចធ្វើកិច្ចការហ្នឹងជាមួយតុលាការបាននៅពេលដែលការចាប់ខ្លួនការធ្វើអ្វីមួយដែលមិនប្រក្រតីខុសពីច្បាប់ការងារ។  

អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ មានប្រសាសន៍ថាក្រសួងការងារមិនមានសមត្ថកិច្ច​ក្នុងការពិនិត្យមើលលើការអនុវត្តនីតិវីធីរបស់តុលាការនោះទេ។      លោកបន្ថែមថា៖ នីតិវិធីនៃការចាប់ខ្លួនគឺធ្វើទៅតាមនីតិវិធីនៃតុលាការខេត្តកំពង់ស្ពឺ ដូច្នេះគែគួរតែទុកលទ្ធភាពឲ្យតុលាការអនុវត្តឲ្យបានពេញលេញនូវនីតិវិធីនោះ។ ខ្ញុំជឿថាព្រះរាជអាជ្ញានិងអាជ្ញាធរមានសមត្ថកិច្ចធ្វើការចោទប្រកាន់ដោយផ្អែកលើភស្ដុតាងហើយអ្វីដែលសហជីពគិតថាមិនត្រឹមត្រូវគឺត្រូវខិតខំស្វែងរកមេធាវីដើម្បីការពារកូនក្ដីរបស់ខ្លួន

លិខិតមួយទៀតលោក ជា មុនី ក៏ស្នើឲ្យសមាគម​រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ជំរុញឲ្យភាគីថៅកែរោងចក្រនោះ​ ដកបណ្ដឹងប្រឆាំងសមាជិកសហជីព២នាក់នោះវិញដើម្បីឲ្យតុលាការដោះលែងពួកគេឲ្យមានសេរីភាពវិញ។

ករណីនេះអគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាលោក កាំង មូនីកា អះអាងថា GMAC មិនអាចជំរុញឲ្យភាគីរោងចក្រដកពាក្យបណ្ដឹងនោះបានទេ។ លោកបន្ថែមថា៖ “ខាងសមាគមអត់មានពាក់ព័ន្ធទេព្រោះដើមបណ្ដឹងជាភាគីរោងចក្រហើយអាហ្នឹងជាសិទ្ធិបុគ្គលរបស់រោងចក្រសមាគមអត់អាចមានសិទ្ធិអ្វីទៅជ្រៀតជ្រែកលើសិទ្ធិបុគ្គលបានទេនេះជាសិទ្ធិរបស់រោងចក្រ”។

គួរបញ្ជាក់ថាកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦សមាជិកសហជីពសេរីកម្មករកញ្ញា យ៉ុង លាភ និងលោក ទូច ស្រ៊ុន ដែលជាប្រធាន​សហជីពនេះប្រចាំរោងចក្រសេរី (ខេមបូឌា) ហ្គាម៉ិន ខូអិលធីឌី បាន​​ចូលរួមតវ៉ាជាមួយក្រុមកម្មករ​មួយចំនួនទាមទារ​ឲ្យនិយោជកទទួលយកសហជីព៣នាក់ចូលធ្វើ​ការវិញ។ បន្ទាប់មកគឺនៅថ្ងៃទី២កុម្ភៈសមាជិកសហជីពទាំងពីរនាក់នោះត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្បែរបរិវេណរោងចក្រក្នុងភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយត្រូវបាន​ចៅ​ក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​សម្រេចឃុំខ្លួនបណ្តោះអាសន្នដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទ​ល្មើស និងហិង្សា​ដោយ​ចេតនាមានស្ថាន​ទំងន់ទោស៕

សូម​សរសេរ​មកកាន់​លោក លី បេឡា តាមរយៈ  bela@vodhotnews.com

What Next?

Recent Articles