ដោយ សូត សុខប្រាថ្នា
2016-02-10
RFA

គ្រាប់បែកចាស់ត្រូវប្រទះឃើញនៅលើដីត្រង់កន្លែងដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានទៅជួបប្រជុំគ្នា ក្នុងចម្ងាយប្រមាណ ៥០ម៉ែត្រពីវេទិកានៅក្បែររបងវត្តគង់ម៉ុច ខាងកើតស្ទឹងសៀមរាប ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣។ RFA/Hang Savyouth
អាជ្ញាធរខេត្តកំពង់ធំ អំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះករណីឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ពីសម័យសង្គ្រាម ព្រមទាំងត្រូវរាយការណ៍មកសមត្ថកិច្ចជៀសវាងយកទៅលេងសើច ដែលបង្កជាគ្រោះថ្នាក់ផ្សេងៗកើតឡើង។ ការលើកឡើងបែបនេះ ក្រោយពេលមានហេតុការណ៍ផ្ទុះគ្រាប់ប្រភេទសេវិនធីណាន (៧៩) បណ្ដាលឲ្យកុមារាពីរនាក់ស្លាប់ បន្ទាប់ពីពួកគេនាំគ្នារើសបាន ហើយយកទៅដំលេង។
អាជ្ញាធរឲ្យដឹងថា ពួកគេនឹងបន្តអប់រំផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននៅក្នុងខេត្តកំពង់ធំ ទាំងមូល ឲ្យបានយល់ដឹងបន្ថែមទៀតជុំវិញផលប៉ះពាល់នៃគ្រាប់មិនទាន់ផ្ទុះមួយចំនួន ដែលនៅសេសសល់ពីសម័យសង្គ្រាម ប្រសិនពួកគេបានប្រទះឃើញនោះ។
ស្នងការនគរបាលខេត្តកំពង់ធំ លោក ជូ សំអាន មានប្រសាសន៍នៅថ្ងៃទី៩ កុម្ភៈ ថា អស់រយៈពេលប្រមាណ ១០ឆ្នាំមកហើយ ទើបតែមានករណីផ្ទុះគ្រាប់សេសសល់ពីសង្គ្រាមបានកើតឡើងជាថ្មីម្តងទៀតនៅពេលនេះ។ លោកបន្តថា ក្រោយកើតហេតុភ្លាម សមត្ថកិច្ចបានចុះពិនិត្យដល់ទីតាំង ហើយរកឃើញគ្រាប់ប្រភេទសេវិនធីណាន (៧៩) ដែលបណ្ដាលឲ្យកុមារា ២នាក់ស្លាប់។ បើទោះបីជាអាជ្ញាធរ ធ្លាប់បានអប់រំប្រជាពលរដ្ឋពីបញ្ហានេះជារឿយៗក៏ដោយ ប៉ុន្តែលោកថា សមត្ថកិច្ចនឹងខិតខំអប់រំប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីឲ្យពួកគាត់យល់កាន់តែច្បាស់ពីគុណវិបត្តិនៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ៖ «គាត់រកអីគ្រប ឬដាក់សម្រាស់ ឬដាក់សញ្ញាជើងក្អែកអី ហើយមកប្រាប់អាជ្ញាធរ ឬសមត្ថកិច្ចដែលមានជំនាញហ្នឹង»។
កាលពីថ្ងៃទី៥ កុម្ភៈ កុមារាពីរនាក់ស្លាប់ភ្លាមៗនៅក្នុងព្រៃក្បែរភូមិ បន្ទាប់ពីពួកគេយកគ្រាប់មិនទាន់ផ្ទុះទៅដំ។ ហេតុការណ៍នេះ កើតឡើងនៅភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ក្រោយពេលកុមារាទាំងនោះទៅដាក់អន្ទាក់សត្វ ហើយរើសបានគ្រាប់សេវិនធីណាន (៧៩) មួយគ្រាប់ យកមកវាយដំ ហើយក៏បណ្ដាលឲ្យគ្រាប់នោះផ្ទុះតែម្តង។ កុមាររងគ្រោះទាំងពីរនាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា គឺម្នាក់ឈ្មោះ អ៊ូយ ឆាន អាយុ ១៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ចក់ ណាក់ អាយុ ១២ឆ្នាំ។
ពលរដ្ឋនៅភូមិស្រែក្រសាំង ត្រូវជាបងថ្លៃកុមារាម្នាក់ក្នុងចំណោមកុមារពីរនាក់ លោកស្រី ខន ស្រីនាង ឲ្យដឹងថា កន្លងមកមិនដែលមានអាជ្ញាធរណាចុះទៅណែនាំពលរដ្ឋ ឬផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រាប់មិនទាន់ផ្ទុះទាំងនោះឡើយ បើទោះបីជានៅក្នុងភូមិលោកស្រីមានសេសសល់គ្រាប់មិនទាន់ផ្ទុះជាច្រើនក៏ដោយ។ លោកស្រីថា រហូតដល់មានហេតុការណ៍អាក្រក់កើតឡើងលើប្អូនគាត់ ទើបខាងសមត្ថកិច្ចចុះទៅកម្ទេចគ្រាប់មិនទាន់ផ្ទុះចំនួន ២គ្រាប់ផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយរុករកគ្រាប់មិនទាន់ផ្ទុះបន្ថែមទៀត និងណែនាំអ្នកភូមិឲ្យបានទូលំទូលាយ ជៀសវាងបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស៖ «សុំឲ្យស៊ីម៉ាក់ (CMAC) ជួយកម្ទេចគ្រាប់មិនទាន់ផ្ទុះផង ជៀសវាងប៉ះពាល់ដល់កូនក្មេងអី ព្រោះរាល់ថ្ងៃសម្បូរអ្នកដើរជីកដំឡូងផង»។
ជាមួយគ្នានេះ មន្ត្រីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ធំ លោក ញ៉ូង សាមឿន មានប្រសាសន៍ថា ដោយសារតែហេតុការណ៍បែបនេះមិនសូវមានកើតឡើងនៅក្នុងខេត្តកំពង់ធំ ទើបបានជាកន្លងមក ការផ្សព្វផ្សាយរបស់សមត្ថកិច្ចនៅមានភាពធ្វេសប្រហែស។ លោកបន្ថែមថា សមត្ថកិច្ចគប្បីណែនាំពលរដ្ឋពីផលប៉ះពាល់នៃគ្រាប់មិនទាន់ផ្ទុះឲ្យបានទូលំទូលាយ ពិសេសនៅតំបន់ដែលសង្ស័យថា មានគ្រាប់មិនទាន់ផ្ទុះនៅសេសសល់ច្រើន ឬជាអតីតតំបន់ជម្រកខ្មែរក្រហម ជាដើម៖ «យុទ្ធសាស្ត្រទាំងអស់នេះ គឺទាល់តែចុះផ្សព្វផ្សាយដល់មូលដ្ឋានជាក់ស្តែងតែម្តង ជាពិសេសនៅតំបន់គ្រោះថ្នាក់ដែលមានគ្រាប់មិនទាន់ផ្ទុះហ្នឹង»។
ជាងបីទសវត្សរ៍មកហើយដែលប្រទេសកម្ពុជា ក្លាយជាប្រទេសមួយមានប្រជាពលរដ្ឋប្រឈមនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងគ្រាប់ជាច្រើនប្រភេទផ្សេងទៀតដែលបន្សល់ទុកពីសម័យសង្គ្រាមរ៉ាំរ៉ៃ។ ចាប់តាំងពីឆ្នាំ១៩៧៩ មក គ្រាប់ទាំងនោះបានសម្លាប់អាយុជីវិតពលរដ្ឋខ្មែរប្រមាណ ២ម៉ឺននាក់ និងពិការប្រមាណ ៤ម៉ឺននាក់។ គ្រាប់មិនទាន់ផ្ទុះទាំងនោះ បានសម្លាប់មនុស្សចំនួន ១៥៤នាក់កាលពីឆ្នាំ២០១៤ និង ១៨នាក់កាលពីឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គណៈកម្មការទី៩រដ្ឋសភាគាំទ្រការផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាសនៅខេត្តរតនគិរី
- មន្ត្រីក្រសួងរ៉ែនិងសមាជិករដ្ឋសភានឹងចុះពិនិត្យក្រុមហ៊ុនសុំធ្វើអាជីវកម្មរ៉ែមាសនៅខេត្តរតនគិរី
- ក្រសួងចោទក្រុមហ៊ុនចិនម៉េងសេងហុងហ្វាពីបទលួចជីករ៉ែទង់ដែងនៅខេត្តសៀមរាប
- ប៉ូលិសខេត្តសៀមរាបបិទការដ្ឋានជីករ៉ែទង់ដែងរបស់ក្រុមហ៊ុនចិននៅស្រុកជីក្រែង
- សិប្បកររ៉ែត្បូងនៅរតនគិរីអំពាវនាវឲ្យអាជ្ញាធរបញ្ឈប់សកម្មភាពជីកត្បូងអនាធិបតេយ្យ
- ក្រុមហ៊ុនវិនិយោគរ៉ែមាសអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យអប់រំដល់សហគមន៍ជនជាតិដើមភាគតិច
- យុវជនខេត្តបាត់ដំបងជិះកង់ផ្សព្វផ្សាយពីតម្លាភាពព័ត៌មានពីការគ្រប់គ្រងរ៉ែនិងថាមពល
- បទសម្ភាសន៍ស្ដីពីការគ្រប់គ្រងធនធានរ៉ែថ្មកែវនិងចម្លាក់ថ្មកែវនៅខេត្តពោធិ៍សាត់
- ភាគីពាក់ព័ន្ធឯកភាពលើលទ្ធផលវាយតម្លៃផលប៉ះពាល់ពីគម្រោងអាជីវកម្មរ៉ែមាសនៅរតនគិរី