ដោយ សាន សែល
2016-02-10
RFA

ក្រុមយុវជននិងសហគមន៍រងគ្រោះដោយសារគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ត្រៀមជិះកង់ចេញពីមុខរដ្ឋសភា ទៅដាក់ញត្តិជូនស្ថានទូត៣ គឺស្ថានទូតម៉ាឡេស៊ី ឡាវ និងថៃ នៅរសៀលថ្ងៃទី៥ មិថុនា ឆ្នាំ២០១៥។ RFA/Um Raingsy
អង្គការផ្នែកបរិស្ថាន និងប្រជាសហគមន៍នៅកម្ពុជា អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអគ្គលេខាធិការអាស៊ាន ព្រមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លើកយកបញ្ហាគម្រោងទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) របស់ប្រទេសឡាវ មកពិភាក្សារកដំណោះស្រាយ។ មន្ត្រីរដ្ឋាភិបាលកម្ពុជា ឲ្យដឹងថា មិនមានរបៀបវារៈស្ដីពីទំនប់វារីអគ្គិសនីដនសាហុង នៅក្នុងរបៀបវារៈផ្លូវការនៃកិច្ចប្រជុំនោះទេ។
សម្ពន្ធភាពទន្លេកម្ពុជា (RCC) និងសហគមន៍ដែលប៉ះពាល់ដោយគម្រោងវារីអគ្គិសនីដនសាហុង ស្នើបណ្ដាមេដឹកនាំបែបនេះ នៅមុនពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងសហរដ្ឋអាមេរិក ដែលនឹងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
តំណាងសម្ពន្ធភាពទន្លេកម្ពុជា លោក យក់ សេងឡុង ថ្លែងថា ការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ដែលមានចម្ងាយមិនដល់ ២គីឡូម៉ែត្រពីព្រំដែនកម្ពុជា នឹងប៉ះពាល់ដល់ប្រជាជនដែលរស់នៅតាមដងទន្លេ ពិសេសនៅខេត្តស្ទឹងត្រែង ក្រចេះ និងបឹងទន្លេសាប៖ «អាមេរិក មានតួនាទីសំខាន់ក្នុងតំបន់អាងទន្លេមេគង្គផងដែរ។ អាមេរិក មានគម្រោងមួយជាគម្រោងផ្ដួចផ្ដើមទន្លេមេគង្គ ដែលគាំទ្រដោយអន្តររដ្ឋាភិបាលដែលនៅក្នុងតំបន់ទន្លេមេគង្គហ្នឹង ដែលធ្វើការទៅការគាំទ្រលើផ្នែកបរិស្ថាន សុខភាព ការអប់រំ ជាដើម ហើយផ្នែកការអភិវឌ្ឍសេដ្ឋកិច្ច ខ្ញុំគិតថា ទៅអនាគត អាមេរិក ក៏មានតួនាទីក្នុងនេះដែរ»។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិនច្បាស់ថា តើមេដឹកនាំអាស៊ាន និងអាមេរិក លើកយកបញ្ហាដនសាហុងនេះ ដាក់នៅលើតុចរចា ឬយ៉ាងណានោះទេ៖ «ការអញ្ជើញរបស់អាមេរិក មានរបៀបវារៈផ្លូវការត្រឹមត្រូវ សង្កត់ធ្ងន់ទៅលើអ្វីទៅជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក»។
មន្ត្រីស្ថានទូតឡាវ ប្រចាំកម្ពុជា បដិសេធមិនឆ្លើយតបនឹងសំណើរបស់ក្រុមសង្គមស៊ីវិល និងប្រជាសហគមន៍នេះទេ ដោយលើកឡើងថា លោកមិនបានដឹងពីរឿងនេះទេ។
រដ្ឋសភាប្រទេសឡាវ បានអនុម័តលើកិច្ចព្រមព្រៀងយល់ព្រមឲ្យសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ដែលចម្រូងចម្រាសកាលពីដើមខែសីហា ឆ្នាំ២០១៥។ រដ្ឋាភិបាលឡាវ សហការសាងសង់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍របស់ប្រទេសម៉ាឡេស៊ី ឈ្មោះមេហ្គា ហ្វើស (Mega First Corporation Berhad)។
គម្រោងទំនប់វារីអគ្គិសនីដនសាហុង ដែលមានកម្លាំងផលិតអគ្គិសនីចំនួន ២៦០មេហ្គាវ៉ាត់នេះ ជាផែនការរបស់រដ្ឋាភិបាលឡាវ ដើម្បីប្រែក្លាយប្រទេសឡាវ ទៅជាប្រភពថាមពលសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ ឡាវរំពឹងថា នឹងទទួលបានប្រាក់ចំណូលពីការលក់អគ្គិសនីទៅបណ្ដាប្រទេសជិតខាង។
ទោះយ៉ាងណាក៏ដោយ បណ្ដាប្រទេសជិតខាងរបស់ឡាវ មានកម្ពុជា ថៃ និងវៀតណាម ដែលនៅតំបន់មេគង្គក្រោម បានទទូចឲ្យឡាវ ផ្អាកការសាងសង់។ ក្រុមប្រទេសជិតខាងរបស់ឡាវ ព្រួយបារម្ភថា គម្រោងដនសាហុងនេះ នឹងប៉ះពាល់ដល់កម្រិតលំហូរទឹកទន្លេមេគង្គ និងបំផ្លាញប្រព័ន្ធផ្លាស់ទីរបស់ត្រីនៅតាមតំបន់ទន្លេមេគង្គក្រោម។
នៅពេលគម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះ ត្រូវគេប្រកាសឡើង ប្រជាសហគមន៍ និងសកម្មជនបរិស្ថាន បានប្រឆាំងតវ៉ារារាំងគម្រោងនេះ។
លោក ផៃ ស៊ីផាន ឲ្យដឹងថា បញ្ហាចម្រូងចម្រាសនៃគម្រោងទំនប់វារីអគ្គិសនីដនសាហុង ត្រូវបានជជែកដោះស្រាយជាទ្វេភាគីរវាងរដ្ឋាភិបាលឡាវ ជាមួយប្រទេសជិតខាងនីមួយៗ។ លោកបន្តថា ភាគីកម្ពុជា ធ្លាប់បានផ្ញើកំណត់ទូតជូនរដ្ឋាភិបាលឡាវ ពីការព្រួយបារម្ភនៃផលប៉ះពាល់ពីគម្រោងដនសាហុង៖ «ជារយៈកន្លង យើងស្នើសុំឲ្យគេ (ឡាវ) គិតសាជាថ្មីចំពោះការសាងសង់វារីអគ្គិសនីហ្នឹង។ យើងធ្វើតាមកំណត់ការទូតរបស់យើង ហើយយើងក៏ជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ។ យើងបានសម្ដែងនូវក្តីព្រួយបារម្ភតាមរយៈអង្គការបច្ចេកទេសទន្លេមេគង្គនេះដែរ។ រាជបណ្ឌិត្យសភាកម្ពុជា ក៏បានបញ្ចេញមតិនៅក្នុងតំបន់នេះដែរ»។
ទោះជាបែបនេះក្ដី កាលពីខែមិថុនា ឆ្នាំ២០១៥ ប្រទេសឡាវ និងប្រទេសជិតខាងបានបរាជ័យមិនអាចសម្រេចនូវកិច្ចព្រមព្រៀងដើម្បីរកដំណោះស្រាយរួមគ្នាពីបញ្ហាទំនប់ដនសាហុង នេះ តាមរយៈការសម្របសម្រួលរបស់គណៈកម្មការទន្លេមេគង្គ (MRC) បាននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រសួងអភិវឌ្ឍន៍ជនបទបង្កើតក្រុមការងារតាមដានបណ្ដឹងពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី
- លោក ហ៊ុន សែន ប្រាប់ឲ្យមន្ត្រីយកចិត្តទុកដាក់ចំពោះមតិពលរដ្ឋនៅលើហ្វេសប៊ុក
- លោក ហ៊ុន សែន ប្រកាសបញ្ចុះតម្លៃសេវាសុំបម្រើការងារក្នុងក្របខ័ណ្ឌពេទ្យ
- បក្សប្រឆាំង៖ អ្នកចុចចូលចិត្តទំព័រហ្វេសប៊ុកលោក ហ៊ុន សែន មិនឆ្លុះបញ្ចាំងពីការគាំទ្រ
- អង្គការសិទ្ធិមនុស្សអន្តរជាតិជំរុញឲ្យម្ចាស់ជំនួយដាក់សម្ពាធលើលោក ហ៊ុន សែន
- យុវជនការពារបរិស្ថានស្នើលោក ចន ឃែរី អន្តរាគមន៍បញ្ឈប់ការសង់ទំនប់ដនសាហុង
- សកម្មជនបរិស្ថាន២នាក់ត្រូវបានអាជ្ញាធរឡាវដោះលែងក្រោយមានការគំរាមសម្លាប់
- “អ្នកកែរូបថតភរិយាលោក ហ៊ុន សែន មិនអាចចូលស្រុកបានទេ”
- នាយករដ្ឋមន្ត្រីព្រមានដកអភិបាលខេត្តត្បូងឃ្មុំរឿងបទល្មើសឈើឆ្លងដែនទៅវៀតណាម
we will see what HUN SEN will do or not going to do in this case . for I do not think he will do any thing because they are the same group of UNITED ENDOCHEN