Wed, 10 February 2016
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ទោះមមាញឹកនឹងការងារសិល្បៈទាំងផ្នែកថតស្ប៉តពាណិជ្ជកម្ម និងការងារជាទូតសុច្ឆន្ទៈរបស់អង្គការ USAID ក្ដីក៏តារាស្រីល្បីធ្មេញច្រពើស កញ្ញា មាន សូនីតា នៅតែឆ្លៀតចូលរួមធ្វើសកម្មភាពសប្បុរសធម៌ជួយដល់សង្គម ពិសេសនៅថ្ងៃខួបកំណើតរបស់នាងចំថ្ងៃទី ១០ ខែកុម្ភៈរៀងរាល់ឆ្នាំ ក្រោមរូបភាពនៃយុទ្ធនាការមួយឈ្មោះថា «Slanh សូនីតា»ជានិមិត្ដរូបនៃការចែករំលែកក្តីស្រឡាញ់។
នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំនេះគឺជាថ្ងៃខួបកំណើតវ័យ ២៦ ឆ្នាំ កញ្ញា មាន សូនីតា នឹងនាំយកនូវសៀវភៅអានរឿងនិទានកុមារ និងអាហារការីនំប៉័ងឲ្យកុមារសិស្សសាលា និងមានធ្វើទ័យទានប្រគេនចង្ហាន់ថ្ងៃត្រង់ដល់ព្រះសង្ឃនៅវត្ដ និងសាលាបឋមសិក្សាវត្ដពោធិ៍លង្កា ដែលស្ថិតនៅភូមិគ្រាំង ឃុំពង្រលើ ស្រុកជីក្រែង ខេត្ដសៀមរាប។
ទន្ទឹមនឹងនោះនាងក៏មានគម្រោងផ្ដល់ជំនួយខ្លះៗទៅដល់គ្រួសាររបស់កុមារីក្រីក្រជាងគេឈ្មោះស្រី រ៉ែន វ័យ ១១ ឆ្នាំផងដែរ។តារាសម្ដែង មាន សូនីតា បានរៀបរាប់ពីគម្រោងធ្វើបុណ្យកំណើត នៅទឹកដីសៀមរាបអង្គរថា៖ «ពេលព្រឹកខ្ញុំ និងក្រុមការងារសប្បុរសជននឹងនាំយកសៀវភៅចំនួន ៣០០ ក្បាលទៅជូនសាលាបឋមសិក្សាវត្ដពោធិ៍លង្កា ហើយពេលថ្ងៃត្រង់នឹងយកចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅវត្ដពោធិ៍លង្កា។ លុះដល់រសៀលម៉ោង ៣ យើងនឹងរៀបចំការញ៉ាំនំប៉័ងការីជាមួយយនឹងសិស្សានុសិស្ស មានចំនួន ៦០០ នាក់»។
ស្រីស្រស់សោភា កំពុងឡើងកូដលើវិថីសិល្បៈសម្តែងរូបនេះបានបន្ដថា៖ «ដោយសារឆ្នាំនេះនាងខ្ញុំមានវ័យ ២៦ ឆ្នាំ ដូច្នេះនាងខ្ញុំបានឆ្លៀតធ្វើសកម្មភាពសប្បុរសធម៌មួយទៀតជួយដល់គ្រួសារប្អូនស្រី រ៉ែន វ័យ ១១ ឆ្នាំ ដែលមានជីវភាពក្រីក្រខ្លាំង និងជាគ្រួសារចំណាកស្រុកមានឪពុកជាកម្មករសំណង់រកប្រាក់ប្រចាំថ្ងៃបានចំណូល ២ ម៉ឺនរៀល និងម្តាយជាបុគ្គលិកសន្តិសុខក្រុមហ៊ុនឯកជន តាមរយៈប្រាក់ចំណេញពីការលក់អាវ ក្រមារបស់នាងខ្ញុំមានចំនួន ២៦០ អាវ ដែលមានលក់នៅហាង Pink Day មួយតម្លៃ ៣ ម៉ឺនរៀលផងដែរ»។
ការលក់អាវរកថវិកាទៅជួយគ្រួសារក្រីក្រខាងលើនេះ កញ្ញា មាន សូនីតា បញ្ជាក់ថា៖ «នាងខ្ញុំនឹងប្រើថវិកាបានពីការលក់អាវ ក្រមានោះ ទៅជួយផ្គត់ផ្គង់នៃការផ្តើមធ្វើអាជីវកម្មខ្នាតតូចមួយសម្រាប់ក្រុមគ្រួសារប្អូនស្រី រ៉ែន។ នាងខ្ញុំបានដំណឹងថា ឪពុកម្តាយប្អូនស្រីចង់បានយានរ៉ឺម៉កកង់បីមួយដើម្បីធ្វើជាមធ្យោយបាយប្រកបរបរចិញ្ចឹមជីវិត។ ដូច្នេះនាងខ្ញុំសង្ឃឹមថា ការលក់អាវ ក្រមានាងខ្ញុំពិតជាអាចចូលរួមមួយចំណែកសម្រេចក្តីប្រាថ្នារបស់គ្រួសារមួយនេះផងដែរ»។
ទោះបីជាការស្វែងរកថវិកាសប្បុរសធម៌ហាក់នៅមានកម្រិតតិចតួចក្ដី ក៏កញ្ញា មាន សូនីតា បានបង្ហាញពីជំហររឹងមាំបន្ដទៀតថា ចលនាសប្បុរសធម៌ Slanh ត្រូវតែកើតឡើងជាហូរហែតទៅទៀត៕


Good work! You are an inspiration!