
រូបថតតារាចម្រៀង សុគន្ធ ថេរ៉ាយុ ឈឺសម្រាកនៅមន្ទីរពេទ្យ និងរូបថតពីមុន។ ហ្វេសប៊ុក និង ភ្នំពេញ ប៉ុស្ដិ
Thu, 11 February 2016
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ពីរូបថតតារាចម្រៀងយុវវ័យផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ ដេកនៅលើគ្រែពេទ្យស្តូកស្តឹង ដៃជាប់សេរ៉ូម និងក្បែរខ្លួនមានឧបករណ៍វេជ្ជសាស្រ្ដជំនួយជាច្រើន បង្កភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ដែលនាំឲ្យមានការលើកឡើងថា ជាការសម្តែង ឬក៏ឈឺមែនទែន មើលទៅអាការតារាចម្រៀងរូបនេះ ដូចជាធ្ងន់ធ្ងរណាស់?
បញ្ជាក់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទ តារាចម្រៀង សុគន្ធ ថេរ៉ាយុ ប្រកែកថា៖ «នេះមិនមែនជារូបភាពក្នុងបទចម្រៀង ឬសម្តែងអ្វីទេ។ វាជារូបថតឈឺមែនទែន គេងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ»។
ជាមួយសម្ដីពោលថា «បើកុំតែរត់រកពេទ្យទាន់ពេល កុំអីពេលនេះមិនដឹងទៅជាយ៉ាងណាក៏មិនដឹង» តារាចម្រៀងយុវវ័យ ល្បីប្រើប្រាស់សម្ភារថ្លៃៗ ជិះរថយន្ដស៊េរីទំនើបឡិចស៊ីស ៥៧០ សុគន្ធ ថេរ៉ាយុ បានប្រាប់ទៀតថា៖ «ខ្ញុំក៏មិនដឹងថា មានរឿងអីដែរ មុននោះសុខភាពខ្ញុំល្អទេ ខ្ញុំធ្វើការធម្មតា តែក៏ស្រាប់តែក្តៅរងាស្រៀវស្រាញៗពេញខ្លួន ក៏ស្រាប់តែឈឺពោះខ្លាំងឡើងៗរហូតដល់ទៅជាង ១០ ថ្ងៃ។ លុះយប់ថ្ងៃទី ៩ ឈានចូលទី ១០ ថ្ងៃម្សិលមិញ នៅម៉ោង ៣ ទៀបភ្លឺ ក៏វាកាន់តែធ្ងន់ រហូតឡើងពីកន្ទេលលែងរួចទើបបានបងប្អូនបញ្ជូនមកសង្គ្រោះបន្ទាន់នៅពេទ្យរ៉ូយ៉ាល់ ភ្នំពេញ»។
លោក សុគន្ធ ថេរ៉ាយុ បញ្ជាក់ថា៖ «គ្រូពេទ្យពិនិត្យឃើញថា ខ្ញុំមានមេរោគក្រពះ ទើបធ្វើទុក្ខខ្លាំងបែបនេះ ចាំបាច់ត្រូវតែព្យាបាល»។ប៉ុន្តែយ៉ាងណាក្នុងជំនួបជាមួយភ្នំពេញ ប៉ុស្តិ៍ នៅរសៀលម្សិលមិញ តារាចម្រៀងរូបនេះអះអាងថា ពេលនេះសុខភាពលោកបានល្អប្រសើរច្រើនហើយ តែក៏នៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនោះបន្ដទៀតដែរ។
លោកបានប្រាប់ថា៖ «ដោយសារតែខ្ញុំនៅមានការងារត្រូវធ្វើចាំបាច់សម្រាប់ថ្ងៃនេះ ត្រូវទៅថតចម្រៀងឲ្យផលិតកម្មនៅខេត្ដកំពង់ឆ្នាំង ក៏សូមពេទ្យចេញ និងយកថ្នាំទៅលេបនៅផ្ទះ។ តែនៅសប្តាហ៍ក្រោយ នឹងមកឲ្យពេទ្យពិនិត្យតាមដានបន្តទៀត»។
តារាចម្រៀង សុគន្ធ ថេរ៉ាយុ បន្តថា៖ «បន្តពីថតចម្រៀងនៅកំពង់ឆ្នាំង វិលមកច្រៀងនៅទូរទស្សន៍ស៊ីធីអិន រួចបន្តទៅច្រៀងខនសឺននៅកំពង់ស្ពឺទៀត។ ទើបចាំបាច់សុំពេទ្យ ព្រោះខ្លាចខកខានខនសឺតទាំងនោះ»។
តារាចម្រៀងរូបនេះបានថ្លែងថា៖ «ខ្ញុំបានសុំគ្រូពេទ្យចេញពីមន្ទីរពេទ្យហើយព្រោះអីខ្ញុំត្រូវមានការងារច្រើនធ្វើទៀត (ច្រៀងតាមខេត្ត និងថតខារ៉ាអូខេសម្រាប់ចូលឆ្នាំខ្មែរ) ប៉ុន្តែជំងឺខ្ញុំ គ្រូពេទ្យគាត់នៅតាមដានទៀត ព្រោះអីពេលនេះមើលឃើញថារលាកពោះវៀនធំ ប៉ុន្តែនៅសង្ស័យខ្លាចខ្ញុំមានគីស ឬដុំសាច់ក្នុងពោះវៀនទើបបណ្តាលឲ្យបត់ជើងមានឈាមបែបនេះ»។
បញ្ជាក់ពីការស្ទុះស្ទាចេញពីមន្ទីរពេទ្យទាំងសុខភាពមិនទាន់ជាប៉ុន្មាននោះលោកថ្លែងថា៖ «ចាំបាច់យើងត្រូវតែព្យាយាមបំពេញតាមកិច្ចសន្យាការងារ តែមុននេះខ្ញុំក៏មានការបារម្ភខ្លាំងដែរ ខ្លាចសុខភាពមិនអនុគ្រោះ មិនអាចបំពេញការងារសន្យាឲ្យគេបាន ក៏ភ័យខ្លាចដែរហ្នឹង។ តែពេលនេះអាចថា សំណាងដែរ សុខភាពក៏បានប្រសើរ ហើយការងារទទួលគេក៏អាចទៅបំពេញបានដែរ»៕