ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​ថ្នាក់​ដឹកនាំ​បក្ស​យុវជន​កម្ពុជា​ ចូល​ជួប​មន្ដ្រី CNRP ជាប់​ឃុំ

លោក មាជ សុវណ្ណារ៉ា ក្នុង​ពេល​ដែល​សមត្ថកិច្ច​នាំ​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ពេល​កន្លង​មក។ ផា លីណា

លោក មាជ សុវណ្ណារ៉ា ក្នុង​ពេល​ដែល​សមត្ថកិច្ច​នាំ​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ពេល​កន្លង​មក។ ផា លីណា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​សហការី​ទៅ​ជួប​​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ​ព្រៃស​ប៉ុន្តែ​ហាម​ថតរូប ថត​សំឡេង និង​​សម្ភាស​សកម្មជន​ទាំងនោះ។

ក្នុង​លិខិត​ឆ្លើយតប​មួយ​ទៅ​កាន់​លោក ពេជ្រ ស្រស់ កាលពី​ម្សិលមិញ​លោក គឹមសារិន ប្រធាន​ពន្ធនាគារ​ព្រៃស​នៃ​ក្រសួង​មហាផ្ទៃ​បាន​អនុញ្ញាត​ឲ្យ​មេដឹកនាំ​គណបក្ស​​យុវជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ពេជ្រ ស្រស់ ជួប​សកម្មជន​ទាំង ១៥ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​នោះ​រួមមាន លោក មាជ សុវណ្ណារ៉ា ប្រធាន​ផ្នែក​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា លោក ឃឹម ចំរើន ប្រធាន​យុវជន, លោក ទេព ណារិន, លោក អ៊ុក ពេជ្រ សំណាង, លោក អាន ប៉ាក់ថម, លោក ពូ ពូទិក​, លោក នាង សុឃុន, លោក សាន សីហាក់, លោក សាន គឹម ហេង លោក អឿ ណារិទ្ធ, លោក យៀ ថុង, លោក រឿន ចិត្រា, លោក យុន គឹមហួរ និង​លោក កែ ឃីម។

លិខិត​បាន​បន្ត​ថា៖ «​គ្មាន​ការ​ថតរូប ​ថត​សំឡេង និង​សម្ភាស​ដោយ​សម្ងាត់​ជាមួយ​នឹង​អ្នក​ជាប់​ពន្ធ​នាគារ​ឡើយ​»។

លោក ពេជ្រ ស្រស់ កាលពី​ម្សិលមិញ​បាន​អះអាង​ថា​លោក​នឹង​ដឹកនាំ​សមាជិក​គណបក្ស​យុវជន​កម្ពុជា​ទៅ​ជួប​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​នេះ​ហើយ​ថា​លោក​នឹង​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង​ហាមឃាត់​របស់​ក្រសួង​មហាផ្ទៃ​រហូត​ទាល់តែ​លោក​ចេញ​មកពី​ពន្ធនាគារ​វិញ​ទើប​លោក​នឹង​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​។

ឆ្លើយតប​ទៅ​នឹង​ការ​បដិសេធ​មិន​ជួប​មេដឹកនាំ​គណបក្ស​យុវជន​កម្ពុជា​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក ពេជ្រ ស្រស់ បាន​ថ្លែង​ថា​ប្រសិន​បើ​សកម្មជន​ទាំង​នោះ​បាន​បដិសេធ​មិន​ជួប​លោក​​ជា​សិទ្ធិ​របស់​ពួកគេ​ហើយ​លោក​នឹង​មិន​ខក​ចិត្ត​នោះ​ទេ។

លោក ពេជ្រ ស្រស់ បាន​បន្ថែម​ថា៖ «​បើ​ពួកគេ [សកម្មជន] មិន​អនុញ្ញាត​ឲ្យ [យើង] ជួប​ទុក​ឲ្យ​ពលរដ្ឋ​វាយ​តម្លៃ​ទៅ​។ ​យើង​នៅ​តែ​បើក​ចំហ​បេះដូង»។

កាលពី​សប្តាហ៍​មុន​លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ដោយ​បដិសេធ​មិន​ជួប​ជាមួយ​នឹង​លោក ពេជ្រ ស្រស់ ដោយ​លើក​ឡើង​ថា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ជួប​មេដឹកនាំ​គណបក្ស​យុវជន​កម្ពុជា​ករណី​គេ​យក​ព័ត៌មាន​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​យក​ទៅ​បកស្រាយ​ផ្ទុយ​ពី​ការ​ពិត​ដើម្បី​ចំណេញ​នយោបាយ។

កាលពី​ម្សិលមិញ​លោក ពេជ្រ ស្រស់ បាន​ចេញ​លិខិត​បញ្ជាក់​អំពី​គោលបំណង​​របស់​គណបក្ស​យុវជន​កម្ពុជា​ក្នុង​ការ​ទៅ​ជួប​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​បង្ហាញ​ពី​គោលបំណង ៧ ចំណុច​គឺ​គេ​ចង់​ដឹង​ពី​សុខភាព​របស់​ពួកគេ​ហេតុអ្វី​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​តើ​ពួកគេ​គិត​យ៉ាង​ម៉េច​ពី​ការ​អនុវត្ត​ច្បាប់​​ក្នុង​ប្រទេស​កម្ពុជា​​លើ​​អ្នក​នយោបាយ …។

លោក ពេជ្រ ស្រស់ បាន​សរសេរ​ថា៖ «ខ្ញុំ ពេជ្រ ស្រស់ និង​មន្ត្រី​ជាន់​ខ្ពស់​ទាំងអស់​នៃ [គណបក្ស​យុវជន​កម្ពុជា​] គ្រាន់​តែ​ចង់​ដឹង​ថា​ចំណុច​មួយ​ចំនួន​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​… ពី​ព្រោះ​យើង​​ជា​​អ្នក​នយោបាយ​ជំនាន់​ថ្មី​ដែល​ទើប​តែ​ទទួល​បាន​សុពលភាព​ជា​អ្នក​នយោបាយ​ស្រប​ច្បាប់​ និង​ចង់​ [ទៅ​ជួប​​] អ្នក​នយោបាយ​ដូច​គ្នា​»៕TK

What Next?

Recent Articles