រដ្ឋាភិបាល​អះអាង​ថា​ករណី​ជួញ​ដូរ​មនុស្ស​ក្នុង​ឆ្នាំ​២០១៥​ថយ​ចុះ

ដោយ សាន សែល
2016-02-25
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សន្និបាត​ក្រសួង​មហាផ្ទៃ ២០១៦ ៨៥៥
សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/San Sel


របាយការណ៍​របស់​រដ្ឋាភិបាល​សន្និដ្ឋាន​ថា អំពើ​ជួញ​ដូរ​មនុស្ស ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​អំពើ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​ស្ត្រី និង​កុមារ​នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ ថយ​ចុះ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន។ សង្គម​ស៊ីវិល​យល់​ស្រប​នឹង​ការ​រក​ឃើញ​នេះ ក៏ប៉ុន្តែ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល ផ្តល់​ថវិកា​បន្ថែម​ទៀត​ដល់​ស្ថានទូត​នៅ​បរទេស ដើម្បី​ជួយ​ដល់​ជន​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​មនុស្ស​នៅ​ក្រៅ​ប្រទេស។

របាយការណ៍​ជា​ភាសា​ខ្មែរ​កម្រាស់ ៤៧​ទំព័រ​របស់​រដ្ឋាភិបាល​នេះ មិន​បាន​បញ្ជាក់​តួលេខ​ពិត​ប្រាកដ​ពី​ការ​ថយ​ចុះ នៃ​ករណី​ជួញ​ដូរ​មនុស្ស​ឆ្នាំ​២០១៥ នោះ​ទេ។

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ហៅ​កាត់​ថា គ...ជ ដែល​ជា​អ្នក​រៀបរៀង​របាយការណ៍​នេះ បាន​សន្និដ្ឋាន​ការ​ថយ​ចុះ​ក្រោយ​បង្ហាញ​ការ​កើន​ឡើង​នូវ​ការ​បង្ក្រាប​បទល្មើស​របស់​អាជ្ញាធរ ការ​កើន​ឡើង​នូវ​សកម្មភាព​ចុះ​ផ្សព្វផ្សាយ និង​ទប់ស្កាត់ និង​ការ​កើន​ឡើង​ការ​ចូលរួម​កិច្ច​ប្រជុំ និង​ការ​កើន​ឡើង​នៃ​ការ​ចូលរួម​ដោះស្រាយ​ករណី​ជួញ​ដូរ​មនុស្ស​នៅ​បរទេស។

របាយការណ៍​នេះ​គូស​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៥ រដ្ឋាភិបាល​បាន​ចូលរួម​កិច្ច​ប្រជុំ​នៅ​បរទេស​ចំនួន ៥១​លើក ដើម្បី​ធ្វើ​សហប្រតិបត្តិការ​លើ​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស ដោយ​បញ្ជាក់​ថា កើន​ឡើង ៤​លើក​លើស​ឆ្នាំ​២០១៥។

ប្រធាន​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា រដ្ឋាភិបាល​គួរ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិត​ខាង និង​ប្រទេស​ដទៃ​ទៀត ដើម្បី​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា កុំ​ឲ្យ​គេ​ជួញ​ដូរ៖ «យើង​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​គ្រប់​រូបភាព​ទាំងអស់​ឲ្យ​មាន​ប្រសិទ្ធភាព។ យើង​ចង់​ឲ្យ​ពង្រឹង អត់​ចង់​ឲ្យ​មាន​តែ​លើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល តែ​ការ​អនុវត្ត​គ្មាន ឬ​មាន​ប្រសិទ្ធភាព​តិចតួច»

របាយការណ៍​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០១៥ អះអាង​ថា ប្រទេស​កម្ពុជា មិន​ទាន់​ចាត់​វិធានការ​គ្រប់គ្រាន់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ខណៈ​ដែល​ស្ត្រី​កម្ពុជា ត្រូវ​បាន​គេ​ជួញ​ដូរ​ទៅ​ប្រទេស​ចិន កាន់​តែ​ច្រើន​ឡើង ហើយ​ពលករ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ធ្ងន់ធ្ងរ​នៅ​លើ​ទូក​នេសាទ។

អនុប្រធាន​កម្មវិធី​ស្ត្រី និង​កុមារ​នៃ​អង្គការ​អាដហុក (ADHOC) អ្នកស្រី លឹម មុន្នី ថ្លែង​ថា ស្ថានភាព​នៃ​ការ​ជួញ​ដូរ​មនុស្ស​កាល​ពី​ឆ្នាំ​២០១៥ មាន​សភាព​ធ្ងន់ធ្ងរ​ស្រដៀង​ទៅ​នឹង​ឆ្នាំ​២០១៤ ដដែល ដោយ​ករណី​ជួញ​ដូរ​មនុស្ស​កើត​ឡើង​ដោយ​មធ្យោបាយ​ថ្មីៗ។ អ្នកស្រី​ស្នើ​ដល់​ស្ថានទូត​កម្ពុជា នៅ​បរទេស បង្កើន​ល្បឿន​ជួយ​ដោះស្រាយ​ការ​ជួញ​ដូរ​មនុស្ស​ថែម​ទៀត«ចំណុច​ខ្សោយ​ដូចជា​ភាព​យឺតយ៉ាវ​ធ្វើ​ការងារ​របស់​មន្ត្រី​ធ្វើ​ការងារ​ស្ថានទូត​យើង​ប្រចាំ​នៅ​ប្រទេស​ដែល​ជន​រងគ្រោះ​គាត់​មាន​បញ្ហា និង​កង្វះ​ថវិកា​ជាតិ​នៅ​ក្នុង​ការ​ឧបត្ថម្ភ ដល់​មន្ត្រី​ការទូត​យើង ក្នុង​ការ​ផ្តល់​សេវា​ជួយ​ជន​រងគ្រោះ ផ្នែក​អាហារ​ហូប​ចុក​បណ្ដោះអាសន្ន នៅ​ពេល​ដែល​ជន​រងគ្រោះ​រត់​ដល់​ស្ថានទូត»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ បាន​ក្រើន​រំឭក​ដល់​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​ឈ្មួញ ឲ្យ​ដក​ខ្លួន​ពី​ការ​រក​ស៊ី​ជួញ​ដូរ​មនុស្ស ប្រសិន​បើ​ពួក​គេ​មិន​ចង់​ជាប់​ទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles