Thu, 25 February 2016
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: បន្ទាប់ពីបរាជ័យស្នេហាផ្អែមល្ហែមដែលធ្លាប់តែបង្អួតភ្នែកញាតិផ្អើលអស់អ្នកស្រុកកំណើតនៅក្រុងព្រៃវែងជាមួយបុរសសម្បូររោមមុខ ជាអ្នកដឹកនាំសម្តែងនៅផលិតកម្មសាន់ដេ លោក ខួល មករា នូវពាក្យចំអក សោភ័ណ្ឌ លីនដា ស្គាល់រសជាតិខកស្នេហ៍ពីរលើកហើយនោះ ថ្មីៗនេះបុប្ផាដីក្រុងព្រៃវែងរូបនេះ មានចិត្ដក្លាហានប្រកាសបើកបេះដូងស្វាគមន៍ជំនួបស្នេហ៍បុរសទី ៣ បន្ដ។
បន្ថែមពីសម្ដីច្បាស់ម៉ាត់ៗ សោភ័ណ្ឌ លីនដា បានអួតពីសម្រស់មន្ដស្នេហ៍ថ្ពាល់ខួចរបស់ខ្លួនថា ក្រោយពីបេះដូងនៅទំនេរ មានអ្នកទាក់ទងសុំស្រឡាញ់ច្រើន ទាំងអ្នកនៅក្នុងស្រុក និងអ្នកនៅក្រៅស្រុកក៏មានច្រើនដែរ។យ៉ាងណាមិញ ស្រីស្រស់រាងតូចច្រឡឹង ជាកូនក្លិង្គមានកំណើតលើទឹកដីនៃខេត្ដព្រៃវែង កញ្ញា សោភ័ណ្ឌ លីនដា បានបញ្ជាក់ថា នាងនៅមិនទាន់សម្រេចជ្រើសរើសថា មានបុរសណាមកធ្វើជាម្ចាស់ស្នេហ៍ឲ្យប្រាកដនោះនៅឡើយ។
ដោយធ្លាប់រំឭកពីបទពិសោធស្នេហ៍បរាជ័យពេលកន្លងមកថា មិនចង់ឲ្យគន្លងវិប្បដិសារីបែបនោះ ចូលមកលងបន្លាចជីវិតជាថ្មីទៀតនោះ ស្រីស្រស់ថ្ពាល់ខួច វ័យ ២២ ឆ្នាំនិងជាអតីតបណ្តូលស្នេហ៍អ្នកដឹកនាំសម្តែងនៅផលិតកម្មសាន់ដេ លោក ខួល មករា រូបនេះ បានបន្ដថ្លែងត្រង់ៗថា ៖ «យ៉ាងណាមិញការស្វាគមន៍ ជំនួបស្នេហ៍បន្ដត្រូវទម្លាក់ឲ្យអ្នកមានគុណជាអ្នកសម្រេចវិញហើយ ព្រោះថា កន្លងមកធ្លាប់ជួបបញ្ហាឈឺចាប់នេះ ម្ដងជាពីរដងហើយ»។
កញ្ញា សោភ័ណ្ឌ លីនដា បានប្រាប់ថា៖ «ចំពោះការទទួលយកស្នេហាថ្មីនេះ មុននឹងសម្រេចទទួលយកបុរសណាម្នាក់នោះ ក៏ចាំបាច់សុំពេលវេលាសិក្សាចិត្ដគេឲ្យបានល្អិតល្អន់ ព្រមទាំងត្រូវមានការឯកភាពសម្រេចពីអ្នកមានគុណសិនដែរ មិនមែនប្រថុយៗដូចមននោះឡើយ។
បន្ទរដោយសំនៀងដដែលៗ មិនចង់ឲ្យជីវិតស្នេហាជួបតែរឿងខកបំណងឈឺចាប់ និងមិនចង់ល្បីរឿងស្នេហាច្រើនជាងការងារសិល្បៈ កញ្ញា លីនដា បានបង្ហើបពីអត្ដសញ្ញាណបុរសដែលនាងត្រូវបើកភ្លើងខៀវឲ្យដង្ហែគ្នាចូលខ្លួនឲ្យឪពុកម្តាយជួយធ្វើតេស្ដសម្រិតសម្រាំងយកមកធ្វើជាកូនប្រសាចូលគ្រួសារនាង។
កញ្ញាបានលើកឡើងថា៖ «ខ្ញុំពិតជាបើកឱកាសដល់បុរសដែលមានចិត្ដស្រឡាញ់ខ្ញុំ ក្នុងចេតនារួមរស់មើលថែទៅថ្ងៃអនាគតមែន ហើយខ្ញុំក៏ប្រាថ្នាចង់បានបុរសដែលចេះស្រឡាញ់ខ្ញុំ ជាពិសេស ចេះឲ្យតម្លៃខ្ញុំជាអ្នកសិល្បៈ និងឲ្យតម្លៃគ្រួសារខ្ញុំផងដែរ»។
បើទោះជាសម្ដីបង្ហាញពីចេតនាទទួលបើកបេះដូងស្វាគមន៍ដល់បុរសណាដែលចង់មកប្រលោមស្នេហ៍បុប្ផាតូចច្រឡឹងនេះយ៉ាងណាក៏ដោយ ក៏វាមិនងាយស្រួលក្នុងការចូលខ្លួនមកធ្វើជាម្ចាស់គ្រងបេះដូងកញ្ញាបរាជ័យពីរទឹកនោះទេ។
កញ្ញាថ្ពាល់ខួច សោភ័ណ្ឌ លីនដា បានបញ្ជាក់ដោយសម្ដីដាច់ណាត់ថា៖ «លើកនេះត្រូវការទាំងពេលវេលាសិក្សា ហើយសំខាន់ត្រូវឆ្លងកាត់ក្រសែភ្នែកឪពុកម្តាយសិន។ប្រសិនបើពួកគាត់មើលថាល្អអាចទទួល នោះទើបបានខ្ញុំហ៊ានបើកចិត្ដទទួលរូបគេដែរ»៕
