តុលាការ​បើក​សវនាការលើយុវជនពាក់ព័ន្ធ​នឹង​ការ​ញុះញង់​ឲ្យ​មាន​បដិវត្តន៍ពណ៌

ដោយ លោក ទូច សុខា​​ | ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦​
http://vodhotnews.com

សិទ្ធិមនុស្ស

យុវជន គង់ រ៉ៃយ៉ា ដែលត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ​២០១៥


សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ បើក​សវនាការ​​លើយុវជនម្នាក់ ឈ្មោះ គង់ រ៉ៃ​យ៉ា ​ដែលរង​ការ​​ចោទ​ប្រកាន់ថាចង់ធ្វើ​​បដិវត្តន៍ពណ៌​​ប្រឆាំងនឹង​រដ្ឋាភិបាល។

លោក អំ សំអាត ប្រធាន​​ផ្នែក​​បច្ចេកទេស​ស៊ើបអង្កេត​​របស់​​អង្គការ​លីកាដូ ដែលបានចូលរួមតាមដានសវនាការ​បាន​ឲ្យ​ដឹង​ថានេះ​ជា​សវនាការជំនុំជម្រះ។ លោក​ គង់ រ៉ៃយ៉ា ត្រូវបាន​នាំ​មក​ចូលសវនាការ​នៅម៉ោងប្រមាណ​៩ព្រឹកនេះ។

យុវជន គង់ រ៉ៃ​យ៉ា ត្រូវចាប់ខ្លួនកាលពីថ្ងៃទី​២១ខែសីហា ឆ្នាំ​២០១៥ ពាក់ព័ន្ធការចោទ​ថា​ញុះញង់​ឲ្យ​មាន​បដិវត្តន៍ពណ៌តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​។ លោក​ធ្លាប់​បាន​បដិសេធការចោទប្រកាន់របស់​ព្រះរាជអាជ្ញា​ថា​ញុះញង់​បង្ក​ឲ្យ​មាន​បទឧក្រិដ្ឋជាអាទិ៍ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យល់ពីអត្ថន័យ​នៃ​បដិវត្តន៍ពណ៌នេះ។​

យុវជន គង់ រ៉ៃ​យ៉ា ជានិស្សិត​រៀន​នៅ​សកល​វិទ្យាល័យ​ខេមរៈ​ ធ្លាប់​​សរសេរ​សារ​នៅលើ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា៖“​តើ​មាន​អ្នក​ណា​ហ៊ាន​ធ្វើ​បដិវត្ត​ពណ៌​ជាមួយ​ខ្ញុំ​ទេ​? ថ្ងៃ​ណា​មួយ​នៅពេល​ខាងមុខ​នេះ ខ្ញុំ​នឹង​ធ្វើ​បដិវត្ត​ន៍​ពណ៌​ដើម្បី​ផ្លាស់ប្តូរ​របប​មួយ​នេះ​ចេញពី​សង្គម​ខ្មែរ ទោះបីជា​ត្រូវ​ជាប់គុក ឬ​ស្លាប់ ក៏ដោយ ក៏​ខ្ញុំ​ត្រូវតែ​ធ្វើ​ដែរ​”

យុវជនម្នាក់នោះ​​ត្រូវបាន​តុលាការ​ចោទប្រកាន់​តាម​មាត្រា៤៩៤និង៤៩៥ ពីបទ​ញុះញង់​ឲ្យ​មាន​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទ៍ ហើយ​ត្រូវបាន​ចៅក្រម​ចេញ​ដីកា​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​៕​

សរសេរមកកាន់ លោក ទូច សុខា តាមរយៈ sokha@vodhotnews.com

What Next?

Recent Articles