រដ្ឋសភា​ត្រៀម​ថវិកា​ ៧២០ ​លាន​រៀល​ឲ្យ​តំណាងរាស្ត្រ​ប្រើ

PPP-MP-photo-opportunity-after-receiving-medal-3-Assembly




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ កញ្ចប់​ថវិកា​​ចំនួន​ ៧២០ លាន​រៀល​ត្រូវ​បាន​រៀបចំ​រួច​ហើយ​សម្រាប់​​តំណាងរាស្រ្ត​សំឡេង​ភាគច្រើន​ និង​តំណាង​រាស្រ្ត​សំឡេង​​ភាគតិច​​ប្រើប្រាស់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ដើម្បី​​បំពេញ​ការងារ​របស់​ខ្លួន​។

អ្នក​នាំពាក្យ​របស់​រដ្ឋសភា​លោក ឡេង ប៉េងឡុង បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​គណៈកម្មាធិការ​អចិន្រៃ្តយ៍​​របស់​រដ្ឋសភា​នឹង​​ពិភាក្សា​សម្រេច​ជា​ផ្លូវការ​នៅ​ខែ​ក្រោយ​លើ​កញ្ចប់​ថវិកា​​ចំនួន ៧២០ លាន​រៀល​​​ និង​រថយន្ត​ទំនើប​ចំនួន​ពីរ​គ្រឿង​ដើម្បី​​អនុញ្ញាត​ឲ្យ​​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា និង​​តំណាង​រាស្រ្ត​​គណបក្ស​សង្គ្រោះ​ជាតិ​​​ប្រើប្រាស់​ចាប់ពី​ខែ​ក្រោយ​។

លោក ប៉េងឡុង បាន​បញ្ជាក់​ថា​កញ្ចប់​ថវិកា​​ចំនួន ៧២០ លាន​រៀល​នឹង​បែង​ចែក​សម្រាប់​​តំណាង​រាស្រ្ត​គណបក្ស​ទាំង​ពីរ​​ប្រើប្រាស់​សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ទៅ​តាម​ចំនួន​សមាមាត្រ​នៃ​ចំនួន​តំណាងរាស្រ្ត​មាន​ន័យ​ថា​គណបក្ស​ប្រជាជន​ឈ្នះ ៦៨ អាសនៈ​ត្រូវ​ទទួល​បាន​កញ្ចប់​ថវិកា​ច្រើន​ជាង​​គណបក្ស​​សង្គ្រោះ​ជាតិ​ដែល​​ទទួល​បាន​អាសនៈ​ចំនួន​​ ៥៥ ​​នៅក្នុង​រដ្ឋសភា​។

លោក​បន្ត​ថា​៖ «​លុយ​យើង​មាន​នៅ​ក្នុង​កញ្ចប់​រួច​ហើយ​​។ គណៈកម្មាធិការ​អចិន្រៃ្តយ៍​សម្រេច​ជា​គោលការណ៍​សិន​បន្ទាប់​មក​​យើង​​អាច​ចំណាយ​បាន​»​។

ចំពោះ​រថយន្ត​ទំនើប​ ២ គ្រឿង​ដែល​ទិញ​សម្រាប់​​​តំណាងរាស្រ្ត​សំឡេង​ភាគច្រើន និង​តំណាង​រាស្រ្ត​សំឡេង​ភាគតិច​លោក ប៉េងឡុង ​បាន​បញ្ជាក់​ថា​រថយន្ត​មួយ​គ្រឿង​គឺ​សម្រាប់​មេដឹកនាំ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​លោក ស ខេង និង​មួយ​ទៀត​សម្រាប់​​មេដឹកនាំ​​តំណាងរាស្រ្ត​សំឡេង​ភាគតិច​ដែល​អាច​សម្រាប់​​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា​។

អ្នក​នាំពាក្យ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​លោក យ៉ែម បុញ្ញឫទ្ធិ បាន​ថ្លែង​ថា​ចំនួន​កញ្ចប់​ថវិកា​នេះ​គឺ​តិចតួច​ណាស់​សម្រាប់​ការ​ចំណាយ​ប្រចាំ​ខែ​ក្នុង​ការ​បំពេញ​ការងារ​។

លោក​បន្ត​ថា​៖ «​យើង​គិត​ថា​វា​ផ្អែក​ទៅ​លើ​គម្រោង​​ដែល​​សភា​ស្នើ​ហើយ​ដោយសារ​​មាន​​ការ​អនុម័ត​រួច​ហើយ​ដូច្នេះ​​យើង​គិត​ថា​យើង​នឹង​ជជែក​ពិភាក្សា​លើ​គម្រោង​ពេល​ក្រោយ​​»។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​​តំណាង​រាស្រ្ត​គណបក្ស​​​ប្រជាជន​លោក ឈាង វុន ថ្លែង​ថា​ចំនួន​កញ្ចប់​ថវិកា​នេះ​គឺ​គ្រប់​គ្រាន់​ពីព្រោះ​មាន​រថយន្ត​ និង​សាំង​សម្រាប់​ពួកគេ​ធ្វើការ​ហើយ​តំណាង​រាស្រ្ត​ទាំង​នោះ​ក៏​មាន​ប្រាក់​ខែ​របស់​ខ្លួន​ជា​តំណាង​រាស្រ្ត​ផង​ដែរ​។ «​ប្រសិន​បើ​ដំណើរការ​ទៅ​ខ្វះ​សម្រាប់​ឆ្នាំ​នេះ​ឆ្នាំ​ក្រោយ​​យើង​នឹង​ដំឡើង​បន្តិច​ទៀត​»​៕ PS

What Next?

Recent Articles