ដោយ ខែ សុណង
2016-02-26
RFA

យុវជន គង់ រ៉ៃយ៉ា (រូបកណ្ដាល) ពេលបញ្ជូនមកសាកសួរ នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ RFA/Rann Samnang
![]()
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចថា នឹងប្រកាសសាលក្រមលើសំណុំរឿងយុវជនម្នាក់ដែលបង្ហោះសារបដិវត្តពណ៌ប្រឆាំងរដ្ឋាភិបាលតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នៅថ្ងៃទី១៥ ខែមីនា។ ការដាក់ពេលប្រកាសនេះ បន្ទាប់ពីសាលាដំបូងបានបើកការជំនុំជម្រះ នៅថ្ងៃទី២៦ ខែកុម្ភៈ លើសំណុំរឿងយុវជន គង់ រ៉ៃយ៉ា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ជនជាប់ចោទក្នុងសំណុំរឿងបង្ហោះបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាលតាមបណ្ដាញសង្គមហ្វេសប៊ុក បានស្នើឲ្យតុលាការពិចារណាដោះលែងខ្លួនមានសេរីភាពចេញពីពន្ធនាគារ។
ជនជាប់ចោទ គង់ រ៉ៃយ៉ា បានឆ្លៀតនិយាយប្រាប់អ្នកកាសែតនៅពេលកងសន្តិសុខបណ្ដើរចេញពីបន្ទប់សវនាការថា គាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់ដែលបង្កឲ្យមានអសន្តិសុខសង្គមនោះទេ៖ «ខ្ញុំនៅពន្ធនាគារជាង ៦ខែហើយ។ ខ្ញុំសង្ឃឹមថា តុលាការគាត់ហ្នឹងមេត្តាពិចារណាដោះលែងខ្ញុំនៅក្រៅឃុំវិញ ខ្ញុំគ្រាន់តែស្នើឲ្យតុលាការដោះលែងខ្ញុំ»។
ការស្នើនេះនៅបន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហេង សុខណា និងតំណាងអយ្យការ លោក ស្រី ម៉ាក់នី បានបើកការជំនុំជម្រះលើយុវជន ឈ្មោះ គង់ រ៉ៃយ៉ា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ក្នុងបន្ទប់សវនាការចៅក្រមបានឈ្លេចសួរដល់ជនជាប់ចោទអំពីមូលហេតុ និងគោលបំណងដែលឈានទៅដល់ការបង្ហោះសារបដិវត្តន៍ពណ៌នៅក្នុងគណនីហ្វេសប៊ុក ឈ្មោះ សូរីយា កូកូ (Soriya Koko) និងព្យាយាមសួររកបណ្ដាញ ឬមេដឹកនាំដែលជំរុញឲ្យយុវជនរូបនេះបង្ហោះសារទាំងនេះ។
ជនជាប់ចោទ គង់ រ៉ៃយ៉ា បានឆ្លើយតបថា ការបង្ហោះគឺគ្រាន់តែជាការសម្ដែងមតិ បញ្ចេញទស្សនៈ និងមិនមានចេតនាប្រមូលផ្ដុំមនុស្សបង្កអសន្តិសុខសង្គមនោះទេ ហើយថា ការបង្ហោះនេះ មិនស្ថិតក្រោមការឧបត្ថម្ភពីក្រុមណា និងរូបគេក៏ពុំមានតួនាទីអ្វីមួយនោះដែរ។ ក្នុងអង្គសវនាការដែលវែកញែកសំខាន់លើការបង្ហោះសារបដិវត្តពណ៌នេះ ចៅក្រមក៏បានលើកយកការបង្ហោះសារកន្លងមករបស់យុវជនដដែល ដូចជារូបគេបានបង្ហោះសារប្រមាថព្រះមហាក្សត្រ និងការរិះគន់ប្រជាពលរដ្ឋ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងនាយករដ្ឋមន្ត្រី ទាក់ទងការបង្កើតច្បាប់ស្ដីអំពី ការគ្រប់គ្រងអង្គការអង្គការសមាគម។ តំណាងអយ្យការបានធ្វើសេចក្ដីសន្និដ្ឋានថា តុលាការមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ ដែលបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
តែទោះជាយ៉ាងណា ក្នុងពេលជជែកដេញដោល មេធាវីការពារក្ដីជនជាប់ចោទ លោក សំ សុខគង់ បានព្យាយាមលើកហេតុផលដោះបន្ទុកជាច្រើន និងស្នើឲ្យតុលាការលើកលែងការចោទប្រកាន់លើជនជាប់ ដើម្បីផ្ដល់ឱកាសឲ្យយុវជនរូបនេះ បានបន្តការរៀនសូត្រ។ នៅចុងបញ្ចប់សវនាការ យុវជន គង់ រ៉ៃយ៉ា បានស្នើឲ្យតុលាការបន្ធូរបន្ថយទោសឲ្យខ្លួន។
បងប្រុសរបស់យុវជន គង់ រ៉ៃយ៉ា គឺលោក គង់ ស្រន់ ថ្លែងនៅខាងមុខតុលាការថា លោកទទួលស្គាល់ថា ប្អូនរបស់លោកមានកំហុសខ្លះទាក់ទងនឹងការបង្ហោះសារដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ហើយមិនបានគិតគូរឲ្យបានល្អិតល្អន់ ប៉ុន្តែលោកអំពាវនាវឲ្យលើកលែងទោសឲ្យប្អូនប្រុសរបស់លោក៖ «ខ្ញុំចង់ឲ្យតុលាការលើកលែងការចោទប្រកាន់ រ៉ៃយ៉ា ទៅ ព្រោះគ្នាធ្វើនេះគ្រាន់តែជាគំនិតផ្ទាល់ខ្លួនអត់មានការញុះញង់ពីនរណាៗទេ ណាមួយគ្នានៅក្មេងខ្វះការពិចារណា។ សូមសំណូមពរឲ្យសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រះមហាក្សត្រ ជួយលើកលែងឲ្យផង ព្រោះគាត់នៅក្មេងណាស់ កំពុងសិក្សា»។
ចំណែកមន្ត្រីការពារសិទ្ធិមនុស្សអង្គការលីកាដូ (LICADHO) លោក អំ សំអាត ដែលបានឃ្លាំមើលសវនាការនេះមានប្រសាសន៍ថា ការបង្ហោះរបស់ជនជាប់ចោទគ្រាន់តែជាការបញ្ចេញមតិ ដើម្បីសម្ដែងការមិនពេញចិត្តចំពោះរឿងអ្វីមួយនៅក្នុងសង្គមតែប៉ុណ្ណោះ។
លោកថា ក្រោយការបង្ហោះពាក្យសម្ដីរបស់យុវជន គង់ រ៉ៃយ៉ា គេមិនឃើញមានអំពើហិង្សា ឬភាពចលាចលណាមួយផ្ទុះឡើងនៅក្នុងសង្គមនៅឡើយដែរ៖ «ខ្ញុំយល់ថា ការចាប់ខ្លួននិងការឃុំខ្លួនរហូតមកដល់ពេលនេះ វាជាការបិទសិទ្ធិសេរីភាពមួយរបស់ប្រជាពលរដ្ឋក្នុងការសម្ដែងមតិ ពិសេសសិទ្ធិសេរីភាពដែលបញ្ចេញតាមប្រព័ន្ធអ៊ីនធឺណិត និងតាមប្រព័ន្ធហ្វេសប៊ុក ដែលយើងបានថាបន្តិចទៀតនេះគេនិងធ្វើការគ្រប់គ្រងនិងមានច្បាប់ Cyber crime law ចេញអំពីបញ្ហានេះផងដែរ»។
យុវជន គង់ រ៉ៃយ៉ា អាយុ ២៤ឆ្នាំ គឺជានិស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយឆ្នាំទី១ នៃសាកលវិទ្យាល័យខេមរៈ។ គាត់ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅសាកលវិទ្យាល័យខេមរៈ ក្នុងក្រុងភ្នំពេញ គឺជាង ១០ថ្ងៃក្រោយពីយុវជនរូបនេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់ខ្លួនពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌។ សារនោះសរសេរថា “តើមានបងប្អូនណាហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្លាស់ប្ដូររបបដ៏ថោកទាបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ”៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
តុលាការនឹងប្រកាសសាលក្រមសំណុំរឿងបដិវត្តពណ៌នៅថ្ងៃទី១៥ មីនា
2016-02-26
វីដេអូ វិទ្យុអាស៊ីសេរី
អត្ថបទដែលទាក់ទង
- លោក ហុង សុខហួរ សុខចិត្តតម្កល់លិខិតឆ្លងដែននិងប្រាក់ជាថ្នូរបាននៅក្រៅឃុំ
- តុលាការខេត្តរតនគិរីកោះហៅមន្ត្រីសិទ្ធិមនុស្សអាដហុកធ្វើសាក្សីរឿងបរិហារកេរ្តិ៍
- ពលរដ្ឋមានទំនាស់ដីនៅឃុំបឹងប្រាំ៣នាក់ចូលខ្លួនបំភ្លឺសាលាដំបូងខេត្តបាត់ដំបង
- គណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើប្ដឹងក្រុមហ៊ុនពីរនៅខេត្តមណ្ឌលគិរី
- តុលាការសន្យាបើកសវនាការសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍លើគ្រួសារក្រីក្រនៅចុងខែមីនា
- ពលរដ្ឋ៥៤៦គ្រួសារនៅក្រចេះប្ដឹងឧកញ៉ាពីររូបពីបទកាប់រានដីព្រៃសាធារណៈ
- តុលាការសម្រេចផ្ដន្ទាទោសបុរសគំរាមសម្លាប់លោកសុខ ទូច ឲ្យជាប់ឃុំ៦ខែ
- ពលរដ្ឋប្រមាណ៣០០នាក់ទាមទារដោះលែងអតីតអ្នកបើកបរឡានក្រុមហ៊ុនកាពីតូលពីរនាក់
- អតីតមន្ត្រីប៉ូលិសម្នាក់រិះគន់តុលាការខេត្តកំពង់ឆ្នាំងថាកាត់ក្ដីលម្អៀង